រដ្ឋាភិបាលថៃ ផ្តល់ជំជួយសម្ភារឧបករណ៍បរិក្ខាពេទ្យមួយចំនួន ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង

(កោះកុង) រដ្ឋាភិបាលថៃ បានផ្តល់ជំជួយសម្ភារឧបករណ៍បរិក្ខាពេទ្យមួយចំនួន ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង សម្រាប់បំពាក់អគារសង្គ្រោះបន្ទាន់ និងអគារសម្លាប់មេរោគរួម នៃមន្ទីរពេទ្យខេត្តជាប់តំបន់ព្រំដែនថៃមួយនេះ ប្រចាំឆ្នាំ២០២០។

ពិធីប្រគល់នេះត្រូវបានចុហត្ថលេខានេះ រវាងមន្ទីរសុខាភិបាលខេត្តកោះកុង និងមន្ទីរសុខាភិបាលខេត្តត្រាតប្រទេសថៃ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

ខេត្តត្រាត ជាខេត្តមួយរបស់ប្រទេសថៃ មានព្រំដែនជាប់នឹងខេត្តកោះកុងរបស់កម្ពុជា។ ក្នុងមួយរយៈកាលកន្លងមកនេះ ខេត្តទាំងពីរ តែងមានទំនាក់ទំនងគ្នាល្អជាប់ជានិច្ច ពិសេសពាក់ព័ន្ធកិច្ចការងារព្រំដែន ដើម្បីបង្កើនភាពស្និទស្នាល ក្នុងភាពជាដៃគូ។

បើទោះជាខេត្តទាំងពីរស្ថិតក្នុងស្ថានការណ៍ កំពុងទទួលរងការយាយី ក្នុងដំណាក់កាលកូវីដ១៩ ខុសប្លែកគ្នាយ៉ាងណាក្តី ពោលគឺកម្ពុជាពុំទាន់មានអត្រាស្លាប់នៃជំងឺប្រភេទថ្មីនេះ ដូចនៅប្រទេសថៃនៅឡើយ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង បានអញ្ជើញក្នុងពិធីចុះហត្ថលេខាប្រគល់និងទទួលសម្ភារឧបរករណ៍ បរិក្ខាពេទ្យ ដែលជាអំណោយ របស់ទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិថៃ(TICA) សម្រាប់បំពាក់អគារសង្គ្រោះបន្ទាន់ និងអគារសម្លាប់មេរោគរួម នៃមន្ទីរពេទ្យខេត្តកោះកុងប្រចាំឆ្នាំ២០២០៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកោះកុង

សម្រួល៖ ខៀវ យុទ្ធវង្ស