វេទិកាផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន នៅស្រុកអង្គស្នួល

(កណ្តាល)៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយច្បាប់ទាក់ទង នឹងការជួញដូរមនុស្ស អំពើធ្វើអាជីវកម្មលើផ្លូវភេទ និងការធ្វើចំណាកស្រុកដោយខុសច្បាប់ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ បានជ្រួតជ្រាប ទុកជាចំណេះដឹង និងបទពិសោធន៍ដើម្បីការពារ និងអប់រំកូនចៅ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត កុំឲ្យចាញ់បោក កលល្បិចជនខិលខូចមួយចំនួន ដែលជាមូលហេតុធ្វើឲ្យពួកគាត់ងាយធ្លាក់ទៅក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ និងកម្លាំងពលកម្ម។

លោកជំទាវ បានមានប្រសាសន៍ដូច្នេះ នៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផលប៉ះពាល់នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន នៅស្រុកអង្គស្នួល កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងខេត្តកណ្ដាល លោកអភិបាលស្រុក មន្ទីរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងពលករ ពលការិនីជាង ៦០ នាក់។

លោកជំទាវ បានបញ្ជាក់ថា បច្ចុប្បន្ននេះជនល្មើសកាន់តែមានល្បិចកលខ្ពស់ ហើយរូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរកេងប្រវ័ញ្ច កម្លាំងពលកម្ម និងផ្លូវភេទតែប៉ុណ្ណោះទេ គឺថែមទាំងមានជួញដូរសិរីរាង្គ បទល្មើសរត់ពន្ធ ជួញដូរទារកឆ្លងដែន ជាពិសេសគឺការពរពោះជំនួស ដែលអំពើនេះគឺជារឿងដែលអមនុស្សធម៌បំផុត ដែលបញ្ហាទាំងនេះគឺតម្រូវឲ្យ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែដាក់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលរងខេត្ត បានធ្វើ ការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ និងកម្មករកម្មការិនី ទាំងអស់ថា ការធ្វើចំណាកស្រុក ឆ្លងដែនដោយគ្មានឯកសារផ្លូវច្បាប់ត្រឹមត្រូវ បានធ្វើឲ្យពលករទាំងនោះ ត្រូវបានទទួលរងការកេងប្រវ័ញ្ចគ្រប់រូបភាព ដូចជាទទួលរងគ្រោះដោយការចាប់ឃាត់ខ្លួនដាក់ពន្ធនាគារ ការផាកពិន័យ ការចាប់បញ្ជូនត្រឡប់ ការមិនផ្ដល់ប្រាក់កម្រៃពលកម្មពេញលេញ ការបញ្ជូនបន្តទៅធ្វើការពីកន្លែងមួយទៅកន្លែងមួយ ឬនៅឆ្ងាយដែលមិនអាចទំនាក់ទំនងទៅគ្រួសារបាន មានការដកហូតអត្តសញ្ញាណប័ណ្ណ លិខិត ឆ្លងដែន ការធ្វើទារុណកម្មរហូតបាត់បង់ជីវិតក៏មាន។

លោកជំទាវបានធ្វើពន្យល់បន្តថា ដើម្បីធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ គឺពលករពលការនីត្រូវមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ ហើយត្រូវទៅជួបជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធពីព្រោះកន្លែងនោះអាចជួយអ្នករកការងារ និងអាចជួយចុះឈ្មោះអ្នកជាមួយក្រុមហ៊ុនជ្រើសរើសពលករដែលស្របច្បាប់ ដែលទទួលស្គាល់ដោយក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវមានលិខិតឆ្លងដែន និងមានឯកសារពាក់ព័ន្ធនានា។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានឲ្យដឹងថា ស្រុកអង្គស្នួល មានប្រជាពលរដ្ឋចំណាកស្រុកសរុបចំនួន ៦៥៥ នាក់ ស្រី ៣២៣នាក់ ក្នុងនោះចំណាកស្រុកក្នុងប្រទេសចំនួន ២៩១នាក់ និងចំណាកស្រុកទៅក្រៅប្រទេសមានចំនួន ៣៦៤នាក់ស្រី ១៦៥នាក់។ ចំពោះការងារបង្ក្រាបការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន ក្នុងឆមាសទី១នេះ ចំណាកស្រុកក្នុងប្រទេស មាន៣០គ្រួសារ ស្មើនឹង ៣១៤នាក់ ស្រី១២៤នាក់ ក្រៅប្រទេសមាន២៤គ្រួសារ ស្មើនឹង ៣៦០នាក់ ស្រី១៦៣នាក់ក្នុងស្រុកមានបទល្មើសរួមភេទជាមួយអនីតិជន អាយុក្រោម ៥ឆ្នាំ ១ករណីជនល្មើសត្រូវបានចាត់ការតាមនិតិវិធីច្បាប់។

ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្ដាល
សម្រួល៖ ខៀវ យុទ្ធវង្ស