អភិបាលខេត្តត្បូងឃ្មុំ ជំរុញសមាជិកស.ស.យ.កខេត្ត ខិតខំពង្រឹងសមត្ថភាព ក្នុងវគ្គបណ្តុះបណ្តាលជំនាញជាអ្នកអង្កេតការណ៍ជាតិ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើរ និងធ្វើការជំរុញដល់សមាជិកស.ស.យ.កខេត្តត្បូងឃ្មុំ ខិតខំពង្រឹងសមត្ថភាព ក្នុងវគ្គបណ្តុះបណ្តាលជំនាញជាអ្នកអង្កេតការណ៍ជាតិ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

ថ្លែងលើកឡើងបែបនេះ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឳកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាគណអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អ្នកអង្កេតការណ៍ជាតិដល់យុវជនជាសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តត្បូងឃ្មុំ ចំនួន១២៨នាក់ ក្នុងនោះស្រី៤២នាក់ ដើម្បីលើកកម្ពស់ចំនេះដឹងបន្ថែមទៀតលើជំនាញអង្កេតការជាតិសម្រាប់ការបោះឆ្នោត ក្រោមការរៀបចំពីស.ស.យ.កខេត្ត សហការជាមួយគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ។

មានប្រសាសន៍ក្នុងឳកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា យុវជនមានតួនាទីយ៉ាងសំខាន់នៅគ្រប់សកម្មភាពសង្គម ព្រោះយុវជនគឺជាអ្នកបន្តវេនដឹកនាំបម្រើប្រទេសជាតិនៅថ្ងៃអនាគត ហេតុនេះហើយវគ្គបណ្តុះបណ្តាលជំនាញអ្នកអង្កេតការណ៍នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជន ដែលជាសមាជិក ស.ស.យ.ក ជួយឲ្យការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តិទៅដោយត្រឹមត្រូវ និងយុត្តិធម៌។

ជាមួយនឹងការលើកឡើងបែបនេះឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើរនិងជម្រុញដល់យុវជនស.ស.យ.ក ខេត្តត្បូងឃ្មុំ ត្រូវខិតខំរៀនសូត្របន្ថែមចំណេះដឹងនិងជំនាញ និងត្រូវរស់នៅឲ្យមានអនាម័យ ដើម្បីមានសុខភាពល្អ ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ ជំងឺកូវីត១៩ ។ ជាមួយគ្នានោះដែរ លោកគ្រូអ្នកគ្រូ និងនាយកសាលាទាំងអស់ត្រូវសំអាតទីធ្លារ សាលាឲ្យបានស្អាតជានិច្ច ។ ក្រៅពីការងារទាំងនេះការងារបរិស្ថានក៏មានសារៈសំខាន់ខ្លាំងមួយដែរ ដូចនេះយើងត្រូវបំផុស និងធ្វើយុទ្ធនាការដាំកូនឈើនៅតាមទីសាធារណៈ បរិវេណវត្តអារាម និងសាលារៀនជាដើម ដោយធ្វើយ៉ាងណាឲ្យខេត្តត្បូងឃ្មុំរបស់យើងមានភាពស្រស់បំព្រងជានិច្ច។

បើតាមរបាយការណ៍លោក កែវ វណ្ណៈ ប្រធានស្តីទី ស.ស.យ.ក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាជិក ស.ស.យ.ក ខេត្ត បានចូលរួមសកម្មភាពសង្គមជាច្រើនយ៉ាងផុសផុលមានដូចជា ការងារបណ្តុះបណ្តាលសមត្ថភាពយុវជន ការងារបរិច្ចាកឈាម មនុស្សធម៌មូលដ្ឋាន បរិស្ថាន កីឡា ចុះផ្សព្វផ្សាយពីតម្លៃនៃសុខសន្តិភាព ការអភិវឌ្ឍន៍ខេត្ត និងប្រទេសជាតិរបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ពិសេសជំងឺកូវីត១៩ ។ ក្រៅពីការងារទាំងនេះ សមាជិកស.ស.យ.កខេត្ត ក៏បានចូលរួមអង្កេតការណ៍ ពិនិត្យឈ្មោះបោះឆ្នោត និងការបោះឆ្នោតគ្រប់កំរិតផងដែរ៕

ដោយ មន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ
សម្រួល៖ ខៀវ យុទ្ធវង្ស