ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងក្រុមគ្រួសារ ប្រគេនទេយ្យទាន ទេយ្យវត្ថុ ដល់វត្តតេជសុវណ្ណភូមិ

(ត្បូងឃ្មុំ) ៖​ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡាក់ អ៊េងវន ស៊ាកឡេង ព្រមទាំងបុត្រាបុត្រី បុត្រប្រសារ និងចៅៗ បាននាំយកទេយ្យទាន ទេយ្យវត្ថុ ចង្ហាន់បិណ្ឌបាត តុសម្រាប់ព្រះសង្ឃឆាន់ ចំនួន៦តុ រួមនឹងថវិកាក្នុងការចូលរួមជាវដីកសាងវត្តតេជបារមីសិរីសុខារាម (វត្តតេជសុវណ្ណភូមិ) ស្ថិតនៅភូមិឃុំនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត រួមនិងក្រុមគ្រួសារ បានអញ្ជើញ បូជា ទៀន ធូប ថ្វាយព្រះពុទ្ធរូប វេរប្រគេនព្រះសង្ឃ នូវចង្ហាន់ បច្ច័យ ទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូន ព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ព្រះគ្រូចៅអធិកា វត្តតេជសុវណ្ណភូមិ រួមនឹងសាមណេរជាង ៣០ អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការ ដែលបានចែកឋានទៅកាន់លោកខាងមុខ ។ ព្រមទាំងចែកនូវថវិកាជូនដល់ តាជី យាយជីផងដែរ។

ឯកឧត្តម ស៊ាក ឡេង បានបួងសួង សូមអោយប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស ទទួលបានសេចក្តីសុខ ចម្រុងចម្រើន ស្ថិតក្រោមម្លប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសត្រូវចូលរួមការពារទប់ស្កាត់ការរីករាលដាល រលកទី ២ នៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៏កម្ពុជា ៕

ដោយ​៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

សម្រួល៖ ខៀវ យុទ្ធវង្ស