ក្រុមកង់មនុស្សធម៌ គាំទ្រអតីតយុទ្ធជន ជិះពីក្រុងតាខ្មៅ ឆ្ពោះទៅស្រុកល្វាឯម

(កណ្តាល)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស ក្រសួងការពារជាតិ និង ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តកណ្តាល អមដំណើរដោយ លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានអញ្ជើញដឹកនាំយុវជនជិះកង់ពីក្រុងតាខ្មៅ ទៅស្រុកល្វាឯម ដើម្បីការងារមនុស្សធម៌គាំទ្រអតីតយុទ្ធជន និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជនចំនួន ៧៥ គ្រួសារ ស្ថិតនៅក្នុងបរិវេណវិទ្យាលយ័ទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០។

ថ្លែងនៅចំពោះមុខគ្រួសារអតីតយុទ្ធជន ឯកឧត្តម គីម រឹទ្ធី បានគូសបញ្ជាក់ថាយើងទាំងអស់គ្នាសុទ្ធតែទទួលនូវមេរៀនដ៏ជូរចត់ក្នុងជីវិត។ ដូចនេះបងប្អូន ត្រូវតែចងចាំត្រូវតែរួមគ្នាទប់ស្កាត់កុំឲ្យវិនាសកម្មបែបនេះកើតឡើងម្តងទៀតជាដាច់ខាត ។ យើងទាំងអស់គ្នាក៏ត្រូវខិតខំរួមគ្នាថែរក្សាការពារ នូវសុខសន្តិភាព ដែលយើងទាំងអស់កំពុងតែទទួលបាននេះឲ្យបានគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយ។ ត្រូវរួមគ្នាការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបន្តការដឹកនាំរាជរដ្ឋា ភិបាល និងគាំទ្រនូវគោលនយោ បាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើន ថែមទៀត។ 

 ក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានណែនាំដល់បងប្អូនដែលជាគ្រួសារអតីតយុទ្ធជនទាំងអស់ សូមថែរក្សាសុខភាពតាម រយៈអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីមានសុខភាពល្អ ។

ឯកឧត្តមបន្តថា អំណោយដែលបានចែកជូននាពេលនេះថ្វីត្បិតតែបន្តិចបន្តួចមែនតែវាអាចជួយសម្រាលការលំបាកបងប្អូនបានមួយគ្រាផងដែរ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតចំនួន៧៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១បាវ=២៥kg-មី ១កេះ-ទឹកស៊ីអ៊ីវ ១យួ ,ទឹកត្រី ១យួ-ត្រីខ ១០កំប៉ុង-សាប៊ូ ១ថង់+សាប៊ូដុំ២-ម៉ាស ១ដុំ-ថវិកា ៥០០០០៛៕