សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា លើក​ទី​៥ នៅ​កម្ពុជា !

(​សៀមរាប​)៖ តាមរយ​: នៃ​អង្គ​សន្និសីទ ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៥ បាន​បង្ហាញថា សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា យកចិត្តទុកដាក់​លើ​ការងារ​បណ្តុះបណ្តាល ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង​វេជ្ជសាស្ត្រ និង​ការប្រកាន់យក​ក្រមសីលធម៌​វិជ្ជាជីវ​:​ជា​គ្រូពេទ្យ ធ្វើ​ឲ្យ​ប្រសើរឡើង​ថែមទៀត ការផ្តល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ !

​ករណី​ជម្ងឺ​គ្រុន​ឈិ​ក ដែល​បានកើត​ច្រើន​លើ​កុមារ​នៅក្នុង​ឆ្នាំ​២០២០​នេះ និង​ការព្យាបាល​ជំងឺ​រលាក​សួត​ខ្លាំងក្លា​នៅ​មន្ទីរ​កុមារ​ពេទ្យ​ជ័យ​វរ្ម័នទី​៧ ករណី​រលាក​ទងសួត​រ៉ាំរ៉ៃ និង​បទពិសោធន៍​បណ្តុះ​មេរោគ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺ ដែល​បណ្តាលមកពី​បាក់តេរី នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ករណី​ជម្ងឺ​ស្លេកស្លាំង​នៃ​កុមារ​ដោយសារតែ​កង្វះ​ជាតិ​ដែក ដែល​បណ្តាលមកពី​កង្វះ​អាហារូបត្ថម្ភ ដែល​រកឃើញ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ រួមទាំង​បទពិសោធន៍​នៃ​ការលាង​ជាតិពុល​លើ​កុមារ ក្នុងករណី​ដែល​កុមារ​មាន​ជម្ងឺ​ខ្សោយតម្រងនោម​ស្រួចស្រាល ដែល​បាន​រកឃើញ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ទាំងអស់នេះ គឺជា​របៀបវារៈ​ដ៏​សំខាន់​នៅក្នុង​ប្រធានបទ សម្រាប់​សន្និសីទ ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៥ នៅ​កម្ពុជា ដែល​បាន​ដំណើរការ និង​រៀបចំឡើង​ដោយ​សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា នៅ​ខេត្តសៀមរាប ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​ឯកឧត្តម សាស្ត្រាចារ្យ យិ​ត ស៊ុន​ណា​រ៉ា ប្រធាន​សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា មានប្រសាសន៍ថា​៖ ការងារ​បណ្តុះបណ្តាល​គឺជា​គោលដៅ​ដ៏​ធំ​របស់​សមាគម ហើយ​សន្និសីទ​នេះ​ត្រូវបានធ្វើ​ឡើងជា​ប្រចាំឆ្នាំ ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ជា​វេទិកា​ដល់​អ្នកឯកទេស​ផ្នែក​រោគ​កុមា​រទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស បាន​ចែករំលែក​បទពិសោធន៍​ឲ្យ​គ្នា​ទៅវិញទៅមក សម្រាប់​ជា​ទុន​អភិវឌ្ឍន៍​ចំណេះដឹង​វេជ្ជសាស្ត្រ​រោគ​កុមារ​។ ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល វាយតម្លៃថា​៖ រាល់​កិច្ចការ​ទាំងឡាយ​ដែល​សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា បាន​អនុវត្ត​កន្លងមក​នៅតាម​បណ្តា​ខេត្ត​នានា នឹង​ក្លាយជា​សកម្មភាព​គំរូ​ដល់​សមាគម​គ្រូពេទ្យ​ឯកទេស​ផ្សេងៗ​ទៀត​។ គ្រូពេទ្យ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ចំពោះ​វិជ្ជាជីវ​:​របស់ខ្លួន មានមុខរ​បរទាំង​អាចមាន​ជីវភាព​សមរម្យ និង​ទាំង​អាច​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដែល​បាន​ប្រើ​សេវា​ពេទ្យ​នោះ​ផងដែរ​។ ឱកាស​ដែល​គ្រូពេទ្យ​អាច​រក​ប្រយោជន៍​ឲ្យ​ខ្លួនឯង​ពិតជា​មាន​ច្រើនណាស់ នៅពេល​ដែលមាន​ស្ថានភាព​ធ្ងន់ធ្ងរ ពាក់ព័ន្ធ​ទៅនឹង​អាយុជីវិត​របស់​អ្នក​ជម្ងឺ​នៅ​ចំពោះមុខ​។ ក៏ប៉ុន្តែ​បើសិនជា​គ្រូពេទ្យ អាច​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ ដោយ​ការជួយ​សង្គ្រោះ​ជីវិត​អ្នក​ជម្ងឺ ពេលនោះ​មហា​សំណាង​នឹង​កើតមានឡើង ទាំង​គ្រូពេទ្យ​នឹង​អ្នក​ជម្ងឺ​ទៅវិញ​។​

​ឯកឧត្តម​សាស្ត្រាចារ្យ ក៏បាន​រំលឹក​ផងដែរ​អំពី​ក្រមសីលធម៌​គ្រូពេទ្យ លើ​ការប្រើប្រាស់​ពាក្យសំដី ដែល​មិន​សមរម្យ នៅពេល​ជួបប្រទះ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​អ្នក​ជម្ងឺ តែ​គ្រូពេទ្យ​ត្រូវ​ព្យាយាម​គ្រប់​ស្ថានការណ៍ ដើម្បី​សង្គ្រោះ​អ្នក​ជម្ងឺ​។​
​សន្និសីទ​នេះ ចូលរួម​ផ្ទាល់​ដោយ​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ ដែលជា​សមាជិកសមាគម​ប្រមាណ​ជា​១០០​នាក់ និង​ជាង​៣០០​នាក់​ទៀត​ចូលរួម​ជា​សិក្ខាកាម​តាម​អន​ឡាញ ព្រមទាំង​មាន​វាគ្មិន ដែលជា​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​ជំនាញ​នៃ​កម្ពុជា ហើយ​ក៏មាន​វត្តមាន​វាគ្មិន​សំខាន់ៗ នៃ​បណ្តា​ប្រទេស​នៅ​អ៊ឺរ៉ុប ចូលរួម​ធ្វើ​បទ​បង្ហាញ​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ​៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប