អភិបាល​ខេត្តតាកែវ​ក្រើនរំលឹក​ដល់​ពលរដ្ឋ​កុំ​ធ្វេសប្រហែស​នឹង​បន្ត​ការពារ​ខ្លួន​ដើម្បី​ការពារ​ជម្ងឺ​កូ​វីត​១៩ កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​

​តាកែវ​៖ អភិបាល​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការ​ក្រើនរំលឹក​ជាថ្មី​ម្តងទៀត ទៅដល់​បងប្អូន​ប្រជា ពលរដ្ឋ​សូមកុំ​ធ្វេស​ប្រហែល​ឲ្យ​សោះ នឹងត្រូវ​បន្ត​ការពារ​ខ្លួន​ដោយ​ទម្លាប់​មាន​អនាម័យ​ជាប់​ជាប្រចាំ ព្រោះ​ការ​ទម្លាប់​បែបនេះ វា​នឹងធ្វើ​ឲ្យ​សហគមន៍​របស់​យើង គ្មាន​ជម្ងឺ​កូ​វីត​១៩ ។​

​ថ្លែង​នៅ​ចំពោះមុខ​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន​៥៥​គ្រួសារ ដែល​មក​ទទួល​អំណោយ​ជា​សៀង​អាហារ នៅក្នុង​បរិវេណ​វត្តភ្នំ​ពាំង​សែន​ជ័យ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ដែលជា​អំណោយ​របស់​ព្រះចៅអធិការ​វត្តភ្នំ​ពាំង​សែន​ជ័យ នា​ព្រឹក​ថ្ងៃទី​២៦ កញ្ញា​នេះ​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​បាន​មានប្រសាសន៍ថា បើទោះបីជា​ស្ថានភាព​ជម្ងឺ​កូ​វីត​១៩​នៅក្នុង​ប្រទេស​កម្ពុជារ​បស់​យើង មានការ​ថមថយ​ក៏ពិតមែន ប៉ុន្តែ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន និង​នៅតែ​ទម្លាប់​មាន​អនាម័យ​ឲ្យ​បានជា​ប់លាប់ ពិសេស​ពេលចេញ​ទៅណា​មក​ណា ត្រូវមាន អា​គុល ពាក់​ម៉ាស់​ជានិច្ច ។​

ឯកឧត្តម អ៊ូច ភា បាន​បន្តទៀតថា ជម្ងឺ​កូ​វីត​១៩​នេះ មិនទាន់មាន​ថ្នាំ​សម្រាប់​ព្យាបាល ឬក៏​មាន​វ៉ាក់សាំង​នោះទេ ហើយ​ជម្ងឺ​នេះ​គឺ​វា​ងាយ​ឆ្លង​ខ្លាំងណាស់ និង​សាហាវ​ថែម​ទៀតផង តែ​ប្រសិនបើ​បងប្អូន ចេះ​ការពារ​ខ្លួនឯង ពិសេស​ទម្លាប់​មាន​អនាម័យ ជម្ងឺ​កូ​វីត​១៩​នេះ មិន​ងាយ​មក​ចម្លង​យើង​បាន​នោះទេ ដូច្នោះ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីត​១៩​នេះ មិន​ឲ្យ​មាន​ការរីក​រាលដាល​នៅក្នុង​សហគមន៍​របស់​យើង សូម​បងប្អូន​ប្រជាពលរដ្ឋ​ម្នាក់ៗ ត្រូវ​រួម​សហការគ្នា​ជាមួយនឹង​អាជ្ញាធរ ពិសេស​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ។​

​ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ​បន្ថែមទៀត ទៅដល់​គ្រួសារ​ណា ដែលមាន​សាច់ញាតិ​ទើបតែ​វិលត្រឡប់​មកពី​ក្រៅប្រទេស សូមមេត្តា​សហការ​ដោយនៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ ហើយ​តាមដាន​ពី​ស្ថានភាព​សុខភាព​របស់ខ្លួន ប្រសិនបើ​មាន​អា​ការៈមិន​ស្រួល ត្រូវ​ប្រ​ញ៉ាប់​រាយការណ៍​ជាបន្ទាន់ មកកាន់​មន្ទីរ​សុខាភិបាល​ខេត្ត​ឬ​មណ្ឌល​សុខភាព ឬក៏​ខ​ល​ទៅ​លេខ​១១៥ ដើម្បី​ឲ្យ​យើង​បានដឹង​នឹង​ត្រៀម​ទប់ស្កាត់​ជាមុន ។​
​អំណោយ​ដែល​ទទួលបាន​ក្នុង​១​គ្រួសារៗ ទទួលបាន​៖ អង្ករ ២៥​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ជែ​ល ១​ដប និង​សាប៊ូ ១​ដុំ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តតាកែវ​