ផ្ទះ​ប្រជាពលរដ្ឋ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល រួមជាមួយ​សាលារៀន​០១​ខ្នង សរុប​ចំនួន ១២​ខ្នង ត្រូវបាន​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​

​រតនគិរី​៖ ករណី​ខ្យល់​កន្ត្រាក់​មួយ​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​០៥​និង 00​នាទី​ព្រឹក ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​០១​ខ្នង រួមជាមួយ​សាលារៀន ០១​ខ្នង នៅក្នុង​ភូមិ​ផា​ក់ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។​

​យោងតាម​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​ស្រុក បាន​ឲ្យ​ដឹងថា​ករណីនេះ​ពុំ​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះទេ គ្រាន់តែ​ខូចខាត​ផ្ទះសម្បែង​១០​ខ្នង​ដោយ​មានការ​ប៉ើង​ដំបូលផ្ទះ​ចំនួន​០៩​ខ្នង និង​ខ្ទម​ចាំចំការ​ប៉ើង រាប​ដល់​ដី​ខូចខាត​ទាំងស្រុង​ចំនួន​០១​ខ្នង ដំបូល​ក្បឿង​អគារសិក្សា​នៃ​សាលា​បឋម​ចំនួន​០១​ខ្នង និង​ដំបូល​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ចំនួន​០១​ខ្នង​ដោយសារ​ខ្យល់ សរុប​ចំនួន​១២​ខ្នង​។

​ដោយឡែក​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ ប៉ើង​ដំបូល​ស័ង្កសី​០៥​សន្លឹក ខូចខាត​ដងទង់​ជាតិ និង​ទង់ជាតិ​ចំនួន​០១ ព្រមទាំង​ខូចខាត​ផ្ទាំង​សូ​ឡា របស់​រដ្ឋ​ចំនួន​០១​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​