គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន ១៦​គ្រួសារ ទ​ទូល​បាន​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង​

(​ព្រៃវែង​)៖ នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ឧកញ៉ា ជឹម សុខ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា តំណាង ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត បាន​ដឹកនាំ​គណៈកម្មាធិការ​សាខា ក្រុម​ប្រតិ​ប​ត្ត​សាខា ក្រុមការងារ​អនុសាខា​ស្រុក អ្នកស្ម័គ្រចិត្ត​ភូមិ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន ១៦​គ្រួសារ ក្នុងនោះ​រងគ្រោះ​ធ្ងន់ធ្ងរ ចំនួន ៧​គ្រួសារ និង​រងគ្រោះ​មធ្យម​ចំនួន ៩​គ្រួសារ នៅ​ភូមិ​ចំនួន ៤ ក្នុង​ឃុំ​ចាម និង​ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

​នាឱកាស​នោះ ឯកឧត្តម ឧកញ៉ា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្តេច​តែងតែ​យកចិត្តទុកដាក់ គិតគូរ​ពី​សុខមាលភាព​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ សម្ដេច​ក៏​តែងតែ​មានការ​ព្រួយ​បារ​ម្មណ៍ ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ គ្រប់ពេលវេលា ជាពិសេស​បងប្អូន​ដែល​កំពុង​ទទួលរង​គ្រោះ​ថ្នាក់​ដោយ​គ្រោះធម្មជាតិ ដែល​បំផ្លាញ​នូវ​ទ្រព្យសម្បត្តិ និង​ផលដំណាំ​នាពេលនេះ​។​

​ក្នុងឱកាស​នោះដែ ឯកឧត្តម ឧកញ៉ា ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ រស់នៅ​ស្អាត ហូប​ស្អាត និង​ត្រូវមាន​អនាម័យ​ឱ្យបាន​ជាប់​ជាប្រចាំ ជាពិសេស​ត្រូវ​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ជាប់​ជាប្រចាំ​ដោយ​មិនត្រូវ​មានការ​ធ្វេសប្រហែស​នោះទេ​។​

​សម្ភារៈ ដែល​សាខា​ផ្តល់ជូន​នោះ​រួមមាន គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ ក្នុង ១​គ្រួសារ​ទទួលបាន អង្ករ ២៥​គ​.​ក​, អាវ ៥, តង់ ១, កន្ទេល​១, មី ១​កេស​, ត្រី ខ ១​យួរ​, ឃី​ត ១​កញ្ចប់​(​មុង ភួយ ក្រមា សា​រ៉ុង​) និង​ថវិកា​ចំនួន ១០០,០០០​រៀល​។ ចំពោះ​គ្រួសារ​រងគ្រោះ​មធ្យម ក្នុង​មួយ​គ្រួសារ ទ​ទូល​បាន អង្ករ ២៥​គ​.​ក​, និង​អាវ ៥, កន្ទេល ១, មី ១​កេស​, ត្រី ខ ១​យួរ​, ឃី​ត ១​កញ្ចប់​(​មុង ភួយ ក្រមា សា​រ៉ុង​) និង​ថវិកា​ចំនួន ៥០,០០០​រៀល​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​