អាជ្ញាធរ​ខេត្ដ​សៀមរាប ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ឱ្យ​រុះរើ​សំណង់​ខុសច្បាប់ ដើម្បី​អភិវឌ្ឍន៍​គម្រោង​ផ្លូវ​៣៨​ខ្សែ នៅក្នុង​ក្រុង​សៀមរាប !

(​សៀមរាប​)៖ អាជ្ញាធរ​ខេត្ដ​សៀមរាប ជូនដំណឹង​ឱ្យ​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​ពាក់ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ ត្រូវ​រុះរើ​សំណង់​ខុសច្បាប់​រំលោភ​លើដី​ផ្លូវ ដី​ចំណីផ្លូវ អូរ ប្រឡាយ និង​ដី​ចំណី​ស្ទឹង​សៀមរាប ដើម្បី​បើកផ្លូវ​ឱ្យ​អាជ្ញាធរ ធ្វើការ​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨ ខ្សែ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​កំណត់​រយ​:​ពេល​១០​ថ្ងៃ ក្នុង​ការរុះរើ​រួចរាល់​ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៣ ខែកញ្ញា​នេះ​តទៅ​។​

​ការជូនដំណឹង​នេះ ក្រោយពេល​បញ្ចប់​កិច្ចប្រជុំ​លើក​១ នៃ​គណ​:​កម្ម​ការ​អន្តរក្រសួង ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០២០​នេះ ដែល​ដឹកនាំ​កិច្ចប្រជុំ​នេះ ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណកម្មការ​។ យោងតាម​សេចក្ដីជូនដំណឹង​នេះ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា​នេះ​ថា រដ្ឋបាល​ខេត្ដ សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ជ្រាប ថា​៖ បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨ ខ្សែ ក្នុង​ក្រុង​សៀមរាប ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​ខេត្តសៀមរាប បាន​សហ​ការចុះ​សិក្សា​ខ្សែ​ផ្លូវ ដែល​ត្រូវ​ស្ថាបនា និង​កែសម្រួល ហើយ​ត្រូវបាន​គណ​:​កម្ម​ការ​នេះ បើក​កិច្ចប្រជុំ​សម្រេច​លើ​គម្រោង​ស្ថាបនា​នេះ នា​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ដែល​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​ត្រូវ​ស្ថាបនា​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

​ពាក់ព័ន្ធ​នឹង​ខ្សែ​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា និង​រៀបចំ​កែលម្អ​ឡើងវិញ​ឱ្យមាន​គុណភាព សុវត្ថិភាព សោភណភាព ផាសុខភាព ព្រមទាំង​ការពារ​បាន​នូវ​បរិស្ថាន​រស់នៅ​ល្អ ដើម្បី​បម្រើឱ្យ​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ និង​ការដឹកជញ្ជូន​នានា រដ្ឋបាលខេត្ត ពិនិត្យឃើញថា​មាន​សំណង់​លំនៅដ្ឋាន តូប​លក់ដូរ របង និង​សំណង់​ការ​ផ្សេងៗ​ទៀត របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​សាងសង់​រំលោភ លើដី​ផ្លូវ ដី​ចំណីផ្លូវ អូរ ប្រឡាយ និង​ដី​ចំណី​ស្ទឹង​សៀមរាប ដែល​រដ្ឋបាលខេត្ត បានកំណត់ និង​ចុះបញ្ជី​ដីធ្លី មាន​លក្ខណ​:​ជា​ប្រព័ន្ធ​រួចហើយ ចាំបាច់​ត្រូវធ្វើ​ការរុះរើ​ជាបន្ទាន់ ដើម្បី​សម្រួល​ដល់​ការងារ​ស្ថាបនា​ផ្លូវ​ស្របតាម​ផែនការ ដែល​បាន​គ្រោងទុក​។​សេចក្ដីជូនដំណឹង​ដដែល​បាន​បន្ដថា ការរុះរើ​នេះ ក្នុង​គោលបំណង​ឱ្យ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំងនោះ អាច​ប្រព្រឹត្តទៅបាន​ដោយ​រលូន និង សម្រេច​តាម​ផែនការ ដូច​មាន​ក្នុង​ផែនទី​ជូន​ភ្ជាប់​មកជា​មួយ​។

​រដ្ឋបាលខេត្ត សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ដែលមាន​សំណង់​រំលោភ​លើដី​ផ្លូវ ដី​ចំណីផ្លូវ អូរ ប្រឡាយ និង​ដី​ចំណី​ស្ទឹង​សៀមរាប ចូលរួម សហការ​រុះរើ​សំណង់​របស់ខ្លួន​ដោយ​ខ្លួនឯង ក្នុង​រយៈពេល ១០ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០ ជា​កំហិត ហើយ​មន្ត្រី​ជំនាញ​នឹង​ចុះ​សហការ​វាស់វែង​ជូន ប្រជាពលរដ្ឋ​។ ក្នុងករណី​ពុំបាន​រុះរើ​តាម​ការកំណត់ រដ្ឋបាលខេត្ត និង​ចាត់​ការរុះរើ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត និង​បាត់បង់​ទ្រព្យសម្បត្តិ​រប​ស់បង​ប្អូន​ឡើយ​។ រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ដែលជា​ម្ចាស់ សំណង់​រំលោភ​លើដី​ផ្លូវ ដី​ចំណីផ្លូវ អូរ ប្រឡាយ និង​ដី​ចំណី​ស្ទឹង​សៀមរាប ចូលរួម​អនុវត្ត​ដោយ​ធ្វើ​ការរុះរើ​សំណង់​របស់ខ្លួន​តាម​ពេលវេលា​កំណត់​ខាងលើ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​សហការ​អនុវត្ត​សេចក្តីជូនដំណឹង​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​