អភិបាលរង​ខេត្តសៀមរាប ណែនាំ​ដល់​មន្ត្រី​សាខា​ពន្ធដារ​ខេត្តសៀមរាប ដែល​ទទួលបាន​ការប្រកាស​ចូលកាន់​មុខតំណែង​ថ្មី ត្រូវអនុវត្ត​តួនាទី​ប្រកបដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល !

​សៀមរាប​៖ មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ជា​អនុប្រធាន​សាខា ប្រធាន​និង​អនុប្រធាន​ការិយាល័យ នៃ​សាខា​ពន្ធដារ​ខេត្ត នា​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក លី សំ​រិ​ទ្ឋ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា ការប្រកាស​ចូលកាន់​មុខតំណែង​នាពេលនេះ គឺជា​ការបំពេញ​ចន្លោះ​ក្នុង​រចនាសម្ព័ន្ធ​របស់​អង្គភាព ដើម្បី​ធានាបាន​នូវ និរន្តរភាព​ការងារ និង​ការចាត់តាំង​ឱ្យមាន​ការទទួលខុសត្រូវ​ក្នុងតួនាទី និង​ភារកិច្ច​ដែល​អង្គភាព​បានប្រគល់​ជូន ដូច្នេះ​ត្រូវ​អនុវត្តតាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន ប្រកបដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ។

​លោក លី សំ​រិ​ទ្ឋ មានប្រសាសន៍​បន្ថែមថា បញ្ហាសំខាន់​មួយទៀត​នោះ គឺ​ត្រូវ​ពង្រឹង​នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង​កិច្ចសហការ​ល្អជា​មួ​យម​ន្ទីរ អង្គភាព និង​អាជ្ញា​ធរមាន​សមត្ថកិច្ច បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង និង​យក​អស់ពី​សមត្ថភាព និង​មនសិកា​ការងារ ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ ជាពិសេស​ត្រូវខិតខំ​ប្រឹង​ប្រែង​អនុវត្ត​ការងារ​ដោយ​អនុលោម​ទៅតាម​អភិក្រម​៤​ប្រការ​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័​ន្ឋ​មុនី​រ័ត្ន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ គឺ​ទី​១. អនុវត្ត​ការងារ​ដោយ​វិជ្ជាជីវៈ និង​គោរព​ក្រ​មសិល​ធម៌​វិជ្ជាជីវៈ , ទី​២. អនុវត្ត​ការងារ​ជា​ក្រុម​ទៅតាម​ឋានានុក្រម , ទី​៣. អនុវត្ត​ការងារ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បុរី​សកម្ម តាមរយៈ​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ប្រតិបត្តិ ផែនការ​សកម្មភាព ផែនការ​កៀរគរ​ចំណូល ដើម្បី​ចៀសវាង​ភាព​ឆកល្វែង និង​ទី​៤. មិនត្រូវ​មើលរំលង​កំហុស​ខ្លួនឯង និង ត្រូវ​កែតម្រូវ​កំហុស​របស់ខ្លួន​ដោយ​អនុលោម​តាម​អភិក្រម​៥​ប្រការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​