មន្ត្រីមូលដ្ឋាន និងទទួលបាន ចំណេះដឹងបន្ថែមទៀត ពីតួនាទី និងភារកិច្ចការបោះឆ្នោត សំរាប់ឆ្នាំ២០២០

(កណ្តាល)៖ សិក្ខាកាមជា មន្ត្រីមូលដ្ឋានភូមិឃុំ ទូទាំងស្រុកស្អាង ប្រមាណជាង៦០នាក់ បានទទួលការយល់ដឹងបន្ថែមទៀត អំពីតួនាទីភារកិច្ច នៃការចុះបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នោតឆ្នាំ២០២០ ដែលរៀបចំឡើងនិងបណ្តុះបណ្តាល ដោយក្រុមការងារ គណៈកម្មការរៀបចំការបោះឆ្នោតស្រុក នៅសាលាស្រុក កាលពីថ្ងៃទី២៥កញ្ញានេះ។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅមានរយៈពេល០២ថ្ងៃ ក្រោមវត្តមានចូលរួមពីសំណាក់លោក សេង វុធ អភិបាលរងស្រុកស្អាង ក្នុងគោលបំណង ដើម្បីអោយមន្ត្រីមូលដ្ឋានជាសិក្ខាកាមទាំងនោះ បានយល់ដឹងកាន់តែច្បាស់ ពីបទបញ្ជា និងនិតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ២០២០ និងផ្សព្វផ្សាយពីជំហ៊ានទាំង៤ នៃការចុះឈ្មោះបោះឆ្នោតការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតាមដំណាក់កាលនិមួយៗ។

ម៉្យាងទៀត ដើម្បីអោយមន្ត្រីមូលដ្ឋាន ដែលបាន ទទួលការបណ្តុះបណ្តាលហើយ យកចំណេះដឹង ក្នុងវគ្កនេះទៅបំប៉នបន្ថែមដល់ភាគី ពាក់ពន្ធ័នានា នៅមូលដ្ឋាន អោយអនុវត្តការងារ ចុះឈ្មោះបោះឆ្នោតបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព តាមបទដ្ឋានបច្ចេកទេស របស់គ.ជ.ប៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល(ផ្សាយដោយ៖ កន ចំណាន)