កូនឈើ​ចម្រុះ​ជាង ៥០០​ដើម ត្រូវបាន​មន្ត្រី​សង្ឃ​ក្រុង​សៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា​នាំយកទៅ​ដាំ​នៅ​តំបន់​អង្គរធំ !

(​សៀមរាប​)៖ កូនឈើ​ចម្រុះ​រួមមាន ដើម​រំដួល​, ដើម​ស្រឡៅ​, ដើ​ក្រ​ញ៉ូ​ង​, ដើម​បេង និង សំរោង​ប្រមាណ​ជាង​៥០០​ដើម ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ប្រគេន​ដល់​ព្រះចៅអធិការ វត្ត​ព្រះឥន្ទ​កោសា និង​វត្ត​ប្រាសាទ​គោកចក ស្ថិតក្នុង​ក្រុង​សៀមរាប និង​វត្ត​ព្រះអង្គ​សាង​ទុក ក្នុងស្រុក​អង្គរធំ នាំយកទៅ​ដាំ​នៅ​បរិវេណ​ក្បែរ​ប្រាសាទ​សួរ​ព្រ័ត្រ ឬ​ប្រាសាទ​នាង​១២ ក្នុង​តំបន់​អង្គរធំ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា​ឆ្នាំ​២០២០ ក្នុង​គោលបំណង​រួមចំណែក ថែរក្សា​ព្រៃឈើ រក្សា​លំនឹង​បរិស្ថាន និង​បង្កើន​ភាព​បៃតង​ស្រស់​ក្នុង​ក្នុង​តំបន់​អង្គរ​។

​ព្រះ​សទ្ធម្ម​ប្ប​កាស​នី​បណ្ឌិត តាត មហា​ទី ចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា បង្ហាញ​ព្រះទ័យ​ចាប់អារម្មណ៍​ថា ហេតុតែ​ស្រឡាញ់​ដើមឈើ​ទើប​ដាំ​ដើមឈើ ដើមឈើ​គឺជា​បេះដូង​របស់​យើង​។​ធម្មជាតិ និង​ព្រៃឈើ​ទាំងឡាយ​អាច​រស់ នៅលើ​ភពផែនដី​យើង​នេះ​បាន​ដោយ មិនចាំបាច់​មាន​មនុស្ស តែម​នុស្ស សត្វ ទាំងឡាយ​មិនអាច​រស់នៅ​ដោយ​ខ្វះ​ព្រៃឈើ និង​ធម្មជាតិ​បានទេ ។ ការដាំ​កូនឈើ គឺ​ផ្តល់ អត្ថប្រយោជន៍ ធំធេង ណាស់​ដល់​បរិស្ថាន និង​ជីវិត​មនុស្ស សត្វ និង​ទទួលបាន​អា​និ​សង្ឃ​ទាំងយប់ ទាំង ថ្ងៃ ដូច​ការកសាង​ផ្លូវ ជីក អណ្តូង កសាង កុដិ សាលា​ផងដែរ​។ ហេតុនេះ គប្បី យើង​ត្រូវ​ចេះ​ស្រឡាញ់​ព្រៃឈើ និង ចូលរួម​ថែរក្សា​ព្រៃឈើ​ទាំងអស់គ្នា គួរ ឈប់​នាំគ្នា​កាប់បំផ្លាញ​ព្រៃឈើ ដើម្បី​តែ ប្រយោជន៍​គ្រួសារ និង​ក្រុម​បក្សពួក​ខ្លួន ។

​ព្រះគ្រូ​វិចិត្រ​វង្សា ហែម គឹម​សាន ចៅអធិការ​វត្ត​ប្រាសាទ​គោកចក បានចាត់ទុក​ការដាំ ដើមឈើ រួមគ្នា​នាពេលនេះ បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព ស្រឡាញ់​សម្បត្តិ​ធម្មជាតិ ពី​សំណាក់ ព្រះសង្ឃ និង​ញាតិមិត្ត ព្រមទាំង​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​បរិស្ថាន​ធម្មជាតិ​យើងទាំងអស់គ្នា​។ ព្រះអង្គ​មាន​ថេរ​ដិ​កា​ថា ៖ ព្រៃឈើ ជា​ធម្មជាតិ រស់នៅ ជុំវិញ​យើង ប្រៀបដូចជា កូនចៅ សាច់ញាតិ បងប្អូន របស់​យើងទាំងអស់គ្នា​ដែល​តែងតែ​ឃុំគ្រង និង​ជួយ​គ្នា​ទៅវិញទៅមក ចៀស​ពី​ភ័យន្តរាយ ផ្សេងៗ​។ ឈើ ផ្តល់​ប្រយោជន៍​ដល់ មនុស្ស និង​សព្វ​សត្វ​ផងទាំងពួង អាស្រ័យ​ផល ហើយ​វា​ផ្តល់ឱ្យ យើង​នូវ សម្ភារៈប្រើប្រាស់ រាប់មិនអស់ ពិសេស ជាង​នេះ ឈើ និង​ព្រៃឈើ ជួយ​ទប់ស្កាត់ ការប្រែប្រួល​ធាតុអាកាស ជួយ​ទាញ​ទឹក ភ្លៀង ជួយ​ការពារ​ខ្យល់ និង​នាំឱ្យ​រដូវ​កាល មាន​ភាពប្រក្រតី​ទៀតផង ប្រសិនបើ​យើង​បន្ត​ដាំ​ឈើ និង​រក្សា​ព្រៃឈើ ឱ្យបាន​គង់វង្ស ។ លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​មានប្រសាសន៍ថា​៖​តំបន់​ទេសចរណ៍​អង្គរ​ជា​តំបន់​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ មានន័យថា​តំបន់​មាន​ប្រាសាទ​ត្រូវតែមាន​ព្រៃឈើ​ដែល​ប្រាសាទ​ជា​តំណាង​វប្បធម៌​ជាតិ និង​ព្រៃឈើ​តំណាងឱ្យ​បរិស្ថាន​ធម្មជាតិ​។ គោលនយោបាយ​បរិស្ថាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បានកំណត់​ច្បាស់ និង​អនុវត្ត​ឱ្យ​ស៊ីសង្វាក់​រវាង​ធម្មជាតិ ប្រាសាទ ប្រជាជន​ដែល​ទាំងបី​នេះ​ជា​កត្តា​សំខាន់​។ លោក​បញ្ជាក់ថា​៖ ផលប្រយោជន៍​នៃ​ព្រៃឈើ​វា​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ភាព​គង់វង្ស​របស់​ប្រាសាទ ព្រៃឈើ​បានផ្តល់​នូវ​របាំង​មួយ​យ៉ាង​ធំ​ទប់​កម្លាំង​ខ្យល់​កុំឱ្យ​បោកបក់​មកលើ​ប្រាសាទ និង​ជួយ​រក្សា​សំណើម​សម្រាប់​ចិញ្ចឹម​ថ្ម​ប្រាសាទ​ឱ្យមាន​លំនឹង និង​ស្រូប​ទាញ​ជាតិ​ទឹក​ពី​ដើមឈើ​ទៅវិញទៅមក​ផងដែរ ព្រមទាំង​ទប់​នូវ​ការហូរ​ច្រោះ​ដី​ទៀតផង​។ លោក ឡុង កុសល បាន​បន្ត​លើកទឹកចិត្ត​ដល់​សាធារណជន ស្ថាប័នរដ្ឋ និង​ឯកជន​នានា ដែលមាន​បំណង​រៀបចំ​ពិធី​ដាំ​កូនឈើ សូម​ចូលរួម​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​រួមចំណែក​លើ​កិច្ចការ​អភិរក្ស​ប្រាង្គ​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ ព្រោះ​ព្រៃឈើ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ចការ​ការពារ និង​អភិរក្ស​បា​ង្គ​ប្រាសាទ ក្នុង​ស្មារតី​លើកទឹកចិត្ត​សាធារណជន​គ្រប់រូប មាន​ចំណែក​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ​តាមរយៈ​ការដាំ​កូនឈើ​ក្រោមរូបភាព ចូលរួម​ធ្វើ ចូលរួម​គិត និង​ចូលរួម​ថែរក្សា​។​

​ក្នុង​ខែកញ្ញា​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចែក​កូនឈើ​ជាង​១៥,០០០​ដើម​បន្ថែមទៀត​ដល់​សាធារណជន ដើម្បី​ចូលរួម​ស្ដារ​គម្រប​ព្រៃឈើ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ គិតពី​ដើមឆ្នាំ​២០២០ មកដល់ពេលនេះ អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន បាននាំគ្នា​ដាំ​កូនឈើ​ជាច្រើន​ប្រភេទ នៅ​តំបន់​ព្រៃ​រិចរឹល​នៃ​ឧទ្យាន​អង្គរ បាន​ប្រមាណ​ជិត​១០​ម៉ឺន​ដើម ខណ​:​ដែល​គម្រោង​ផ្ដល់​កូនឈើ​ជាច្រើន​ប្រភេទ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​អោយបាន​ជាង​១០​ម៉ឺន​ដើម ហើយ​ផែនការ​នេះ​ជិត​គ្រប់​តាម​តម្រូវការ​ហើយ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​