អគារ​សម្រាក​ព្យាបាល​ជំងឺ​ទូទៅ ១​ខ្នង ដែល​ស្ថិតក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដែលជា​អំណោយ​របស់លោក​ជំទាវ​ឧកញ៉ា អគ្គ​មហា​ឧបាសិកា​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ព្រឹក​មិញ​នេះ !

​សៀមរាប​៖ អគារ​សម្រាក​ព្យាបាល​ជំងឺ​ទូទៅ​ចំនួន​១​ខ្នង ស្មើនឹង​២​ជាន់ ដែល​ស្ថិតក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត អាចដាក់​គ្រែ​អ្នកជំងឺ​បាន​ជាង​១០០​គ្រែ ដែល​ត្រូវបាន​ជួសជុល និង​កសាង​ពង្រីក​បន្ថែម ជា​អំណោយ​របស់លោក​ជំទាវ​ឧកញ៉ា អគ្គ​មហា​ឧបាសិកា​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ ន៍ ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ។​

​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ឲ្យ​ដឹងថា អគារ​សម្រាក​ព្យាបាល​ជំងឺ​ដែល​កំពុង​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ ពីមុន​មានតែ​ជាន់​ផ្ទាល់​ដី​ទំហំ​១៤​ម៉ែត្រ​គុណ​នឹង​១៩​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​ក្រោយពី​ការជួសជុល និង​កសាង​កែលម្អ​ថ្មី អគារ​មួយ​នេះ​ត្រូវបាន​កសាង​បន្ថែម​ពីលើ​មួយ​ជាន់​ថ្មី​ទៀត និង​ពង្រីក​បាន​ដល់​២២​ម៉ែត្រ​គុណ​នឹង​១៩​ម៉ែត្រ ដោយ​ចំណាយ​អស់​ថវិកា​ជាង​១៦​ម៉ឺន​ដុល្លារ​អាមេរិក ដែល​អាចដាក់​គ្រែ​ទទួល​អ្នកជំងឺ​ឲ្យ​សម្រាក​ព្យាបាល​នៅ​ទី​នោះបាន​ចំនួន​១១០​គ្រែ​។ កន្លងមក មន្ទីរពេទ្យបង្អែក​នេះ មាន​គ្រែ​អ្នកជំងឺ​សរុប​ចំនួន​៣៧០​គ្រែ ប៉ុន្តែ​ការប្រើប្រាស់​ជាក់ស្តែង​ប្រចាំថ្ងៃ​ក្នុងពេល​បច្ចុប្បន្ននេះ គឺ​លើស​ដល់​ចំនួន​១០០% ក្នុងនោះ​ចំនួន​ពី​១០ ទៅ ១៥% នៃ​អ្នកជំងឺ គឺ​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ។
​លោកជំទាវ​ឧកញ៉ា បាន​លើកឡើងថា អ្វីៗ​ដែលមាន​ទាំងអស់​សម្រាប់​ថ្ងៃនេះ គឺ​មិនអាច​បំភ្លេច​បានទេ នូវ​ការដឹងគុណ​ថ្ងៃ​៧​មករា​១៩៧៩ ដែលជា​ថ្ងៃ​ផ្តល់កំណើត​ទី​២ ដល់​ប្រជាជាតិ​កម្ពុជា និង​មិនអាច​កាត់ផ្តាច់​បាន​នោះឡើយ ចំពោះ​ពាក្យ​ថា អគុណ​សន្តិភាព ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ស្ថាបនិក​ដ៏​ឈ្លាស​វ៉ៃ ហើយ​ការថែរក្សា​សន្តិភាព គឺជា​កត្តា​ចម្បង​សម្រាប់​ការធ្វើដំណើរ​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍​ជាតិ ដែល​ទាំងនេះ​គឺជា​កាតព្វកិច្ច​ចូលរួម​នៃ​ប្រជាជន​កម្ពុជា​ទាំងមូល ក្នុង​ធ្លុង​មហា​សាមគ្គី​ជាតិ​។​

​លោកជំទាវ​ឧកញ៉ា មានប្រសាសន៍​ទៀតថា ក្នុងន័យ​ដឹងគុណ​៧​មករា សម្រាប់​លោកជំទាវ​ផ្ទាល់ មួយផ្នែក​នៃ​ការចូលរួម​កសាង​សង្គមជាតិ​នោះ វិស័យ​សុខាភិបាល​គឺជា​គោលដៅ​មួយ​ដ៏​ធំ​លោកជំទាវ​ដែល​បាន​សម្រេចចិត្ត​រួចហើយ​ថា នឹងត្រូវ​កសាង​ឲ្យ​បាន​នូវ​អគារ​សម្រាក​ព្យាបាល​នៃ​អ្នកជំងឺ សម្រាប់​ដាក់ជូន​មន្ទីរពេទ្យបង្អែក​គ្រប់​ខេត្ត​ទូទាំងប្រទេស ក្នុង​មួយ​ខេត្ត ឲ្យ​បាន​មួយ​អគារ ដែលមាន​កម្ពស់ ៥​ជាន់ ខណៈ​គម្រោង​នេះ កំពុង​ត្រូវបាន​អនុវត្តបាន​ប្រមាណ​ជា​៩៥%​ហើយ នៅ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ និង​ត្រូវ​បន្តទៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ដូច្នេះ​សម្រាប់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ក៏ត្រូវ​បានទទួល​គម្រោង​នេះដែរ លើ​អគារ​ដែល​ត្រូវបាន​ជួសជុល​កែលម្អ​កន្លងមក ។​

មានប្រសាសន៍​ក្នុងឱកាស​នោះដែរ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប វាយតម្លៃ​តម្លៃ​ថា អគារ​សម្រាក​ព្យាបាល​ដែល​កំពុង​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ ពិតជា​ត្រូវបាន​នាំមក​នូវ​អត្ថប្រយោជន៍​ដ៏​សំខាន់ និង​បាន​ជួយ​បំពេញ​កង្វះខាត​នៃ​មន្ទីរពេទ្យ ហើយ​អ្វីដែល​សំខាន់​ជាង​នេះ គឺជា​ការបើក​លទ្ធភាព​របស់​មន្ទីរពេទ្យ ក្នុងការ​ជួយសង្គ្រោះ​សុខភាព និង​អាយុជីវិត​នៃ​អ្នកជំងឺ ប្រកបដោយ​សេវា​គុណភាព មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​អ្វី​នោះឡើយ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​