មន្ទីរ​ដែនដីនគររូបនីយកម្ម​ខេត្តសៀមរាប និង រដ្ឋបាល​ស្រុក​សូទ្រនិគម បិទ​ផ្សាយ​ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី ដើម្បី​ជូន​ប្រជាពលរដ្ឋ​ធ្វើការ​ផ្ទៀងផ្ទាត់ និង​ធ្វើ​ការតវ៉ា !

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​ស្រុក​សូទ្រនិគម ធ្វើ​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ លើ​ក្បាលដី ស្ថិត​ក្នុងភូមិ​ក្រសារ​ទុំ ភូមិ​ដំ​ដែក​ថ្មី ភូមិ​ស្រែ​ធ្នង់ និង​ភូមិ​បុស្ស ក្នុង​បរិវេណ វត្ត​ត្របែក​ឯក​រង្សី ភូមិ​ត្របែក ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​លោក ប៊ូ ជុំ​សម្បត្តិ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បង្ហាញថា​៖ ការបិទ​ផ្សាយ​នេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ព្រមទាំង​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ពិនិត្យមើល​ទិន្នន័យ និង​ផ្ទៀងផ្ទាត់ ឈ្មោះ សាវតា ទំហំ​ដី ប្រភេទ​ទ្រព្យ ព្រមទាំង​ការពិនិត្យ​នៅលើ​ប្លង់​សុរិយោដី រួមមាន​ទីតាំង​ដី និង រូបរាង​ដី ព្រោះនេះ​គឺជា​ឱកាស​ចុងក្រោយ សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មាន​សិទ្ធ កែតម្រូវ ឬ​ជំទាស់​តវ៉ា​។ ក្នុងករណី​ពិនិត្យឃើញថា មាន​កំហុសឆ្គង ភាគី​ពាក់ព័ន្ធ​ត្រូវ​ផ្ដល់ដំណឹង​មក គណៈកម្មការ​រដ្ឋបាល ដើម្បី​ចៀសវាង​វិវាទ​ណាមួយ​កើតឡើង ក្រោយពី​ចេញ​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ ប្លង់រឹង​ឬ​(​បណ្ណ​កម្មសិទ្ធិ​)​។​

​លោក​អនុប្រធាន​មន្ទីរ បញ្ជាក់ថា​៖ ការបិទ​ផ្សាយ​នេះ មាន​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៣ ខែកញ្ញា រហូតដល់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ ដោយ​គិត​រួមទាំង​ថ្ងៃបុណ្យ និង​ថ្ងៃ​ឈប់សម្រាក​។ ក្រោយពី​បញ្ចប់​ការបិទ​ផ្សាយ ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​នេះ​ទៅ គណៈកម្មការ​រដ្ឋបាល​នឹង​លើកសំណើ​ជូន ឯកឧត្តម​អភិបាលខេត្ត ដើម្បី​សម្រេច​ចេញ​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​ដី និង​អ្នកកាន់កាប់​ដី​រូប​ណា ដែល​បាន​បំពេញ​លក្ខខណ្ឌ គ្រប់គ្រាន់ តាម​នីតិវិធី​ច្បាប់ និង ជា​ក្បាលដី​មិនមាន​ទំនាស់​។​

​សូមជម្រាបថា ក្បាលដី​ក្នុង​ឃុំ​ដំ​ដែក ដែល​បាន​បិទ​ផ្សាយ ជូន​ប្រជាពលរដ្ឋ ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​នេះ មាន​ចំនួន​សរុប ២,៥០៣​ក្បាលដី ក្នុងនោះ ភូមិ​ក្រសារ​ទុំ ៩៦៩​ក្បាលដី​, ភូមិ​ស្រែ​ធ្នង់ ៦០៨​ក្បាលដី​, ភូមិ​ដំ​ដែក​ថ្មី ៣១៥ ក្បាលដី និង​ភូមិ​បុស្ស​៦១១​ក្បាលដី​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​