អាជ្ញាធរខេត្តតាកែវ ណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវរក្សាសន្តិសុខឲ្យបានល្អប្រសើរនៅក្នុងដំណើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតចាប់ពីខែតុលាខាងមុខ

(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមប្រជុំផែនការស្ដីពីកិច្ចការពារសន្តិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនិងការផ្ដល់សុពលភាពលើបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០នៅលេខាដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវនៅព្រឹកថ្ងៃ ពុធ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០នេះ អភិបាលខេត្តតាកែវឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដល់អាជ្ញាធមូលដ្ឋានទាំងអស់ជាពិសេសអាជ្ញាធមានសមត្ថកិច្ចត្រូវធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាពឲ្យបានល្អប្រសើរនិងត្រូវទប់ស្កាត់ឲ្បានទាន់ពេលវេលាចំពោះជនណា ក្រុមណាមួយដែលមានចេតនាបង្កបញ្ហាលើការមកពិនឹត្យឬមកចុះឈ្មោះបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍បន្តថា ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋយើងនៅពេលនេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះទាល់តែយើងមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតទើបយើងអាចទៅបោះឆ្នោតបាន ដូច្នោះអាជ្ញាធមូលដ្ឋានក្រុងស្រុកឃុំសង្កាត់ជាពិសេសអាជ្ញាធមានសមត្ថកិច្ច ត្រូវរួមសហការជាមួយលេខាដ្ឋានរៀបចំការបោះឆ្នោតខេត្ត ធ្វើយ៉ាងណាការពារសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលចេញមកពិនឹត្យបញ្ជីឈ្មោះឬចុះឈ្មោះបោះឆ្នោតដោយមិនប្រកាប់បក្សពួកឬនិន្នាការសមាជិកគណបក្សនយោបាយណានោះទេ ពោលយើងត្រូវការពារសន្តិសុខនៅដំណាក់កាលនេះឲ្យបានល្អដោយជៀសវាងមានការរិះគន់ឬចោទប្រកាន់មកលើអាជ្ញាធពីសំណាក់គណបក្សនយោបាយខ្លះថាអាជ្ញាធមិនអើពើឬមានការលំអៀងក្នុងការរក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយផ្សេងៗ។
ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍បន្តថា កន្លងមកនៅរាល់ការបោះឆ្នោតឬការចុះឈ្មោះបោះឆ្នោតម្ដងៗតែងតែមានក្រុមឱកាសនិយមបានយកបញ្ហាបន្តិចបន្តួចដែលកើតមានឡើងធ្វើជារឿងនយោបាយ ហើយមានក្រុមខ្លះបានធ្វើសកម្មភាពហាមឃាតប្រជាពលរដ្ឋមិនឲ្យទៅចុះឈ្មោះបោះឆ្នោតឬចេញទៅបោះឆ្នោតថែមទៀតផង បញ្ហាទាំងអស់នេះអាជ្ញាធពាក់ព័ន្ធត្រូវតែចាត់វិធានការនិងទប់ស្កាត់កុំឲ្យកើតមានឲ្យសោះ ហើយបើមានជនណាឬក្រុមណាធ្វើសកម្មភាពហាមឃាត់ប្រជាពលរដ្ឋមិនឲ្យទៅចុះឈ្មោះបោះឆ្នោតត្រូវចាត់វិធានការតាមផ្លូវច្បាប់ដោយចាប់បុគ្គលនោះបញ្ចូនទៅតុលាការចាត់ការទៅតាមច្បាប់។

គួរបញ្ជាក់ថា បើយោងតាមលោកស្រី ហែម បញ្ញា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ សម្រាប់ខេត្តតាកែវឆ្នាំ២០២០នេះការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោតទាំង១០០ឃុំសង្កាត់ទូទាំងខេត្តដែលមានអាយុ១៨ឆ្នាំឡើងមានចំនួនជាង៦៦ម៉ឺននាក់។ ក្នុងចំណោមប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតទាំងជាង៦៦ម៉ឺននាក់ មានអ្នកមិនទាន់ចុះឈ្មោះបោះឆ្នោតជាង២ម៉ឺន៥ពាន់នាក់ ហើយយើងមានផែនការចុះឈ្មោះអ្នកបោះឆ្នោតឲ្យបានជាង១ម៉ឺននាក់។

បើតាមលោកស្រី ហែម បញ្ញា ដើម្បីឲ្យដំណើការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ខែតុលារខាងមុខបានល្អប្រសើរ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវបានធ្វើផែនការដោយសហការជាមួយអាជ្ញាធគ្រប់លំដាប់ថ្នាក់ជាពិសេសអាជ្ញាធមានសមត្ថកិច្ចធ្វើការការពារសន្តិសុខសណ្ដាប់ធ្នាប់នៅតាមទីតាំងពិនឹត្យបញ្ជីឈ្មោះនិងការរិយាល័យចុះឈ្មោះបោះឆ្នោតដើម្បីធ្វើយ៉ាងណាឲ្យកិច្ចការនេះប្រព្រឹត្តទៅដោយរលូនគ្មានការភ័យខ្លាច ការបំភិតបំភ័យ ការគំរាមកំហែងឬអំពើហឹង្សាកើតឡើងនោះទេ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ