មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ខេត្តសៀមរាប នាំ​កូនឈើ​ប្រភេទ​ដើម​ព្នៅ យកទៅ​ដាំ​នៅមុខ​អង្គរវត្ត !

​សៀមរាប​៖ កូនដើម​ព្នៅ​ចំនួន ៨៤​ដើម ត្រូវបាន​យកទៅ​ដាំ​នៅមុខ​ប្រាសាទអង្គរវត្ត នា​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​កិច្ចសហការ​សម្របសម្រួល​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រោម​ព្រះ​តំរិះ​ផ្តួចផ្តើម ពី​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ និង​ជា​សមាជិក​ថេរ​សភា​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ព្រះ​ធម្ម​សិរី អ​ភាក​រោ ជុំ គឹម​ឡេង ព្រះ​សុ​មង្គល​សិលា​ចា​រ្យ មេគណ​ខេត្ត តាមរយ​:​ការ​និមន្ត​ចូលរួម​ដាំ​របស់ មន្ត្រី​សង្ឃ​ខេត្ត ក្រុង ស្រុក និង​ព្រះ​អនុគណ ព្រះចៅអធិការ តាម​បណ្តា​វត្ត​មួយចំនួន​ក្នុង​ក្រុង​សៀមរាប និង​ស្រុក​មួយចំនួន និង​ការចូលរួម​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ប្រមាណ​ជា​១០០​អង្គ​/​នាក់​។​

​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ មាន​សង្ឃ​ដិ​កា​ថា ព្នៅ​ជាដើម​ឈើ​មួយ​ប្រភេទ ដែល​ស្ទើរតែ​ផុត​ពូជ​ទៅហើយ​មានតែ​នៅតាម​ភូមិ តាម​គោក​ចាស់ៗ​ខ្លះៗ​ប៉ុណ្ណោះ ព្រោះ​មិនសូវមាន​គេ​និយម​ចូលចិត្ត​ដាំ ហេតុនេះ​ទើប​នាំយកមក​ដាំ​នៅមុខ​អង្គរ​នេះ​គឺ​ចង់​បំផុស​ដល់​ព្រះសង្ឃ និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ទូទៅ​ឱ្យ​ស្គាល់​តម្លៃ​ពី​គុណភាព នៃ​ដើម​ព្នៅ ដែល​ផ្តល់​ប្រយោជន៍​ច្រើនយ៉ាង​សម្រាប់​តម្រូវការ​របស់​មនុស្ស និង​សត្វ ។ បច្ចុប្បន្ន​ព្រះអង្គ បណ្តុះ​ជាង​១,០០០​ដើម​សម្រាប់​ចែកជូន​ដាំ​ជា​សាធារណ​: ព្រោះ​វា​មាន​សារៈប្រយោជន៍​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ជាច្រើន​មុខ និង​ផ្តល់នូវ​គ​ន្ឋ​ពិដោរ​នៅពេល​យប់​ផងដែរ​។​

​ម្យ៉ាងវិញទៀត​ដើម​ព្នៅ​ជា​អម្បូរ​ប្រភេទ​ឈើ​ធំ ដូច​ប្រភេទ​ឈើ​ធំៗ​ឯទៀត​ដែរ វា​មាន​តួនាទី ជួយ​ការពារ​បរិស្ថាន ជួយ​ថែរក្សា​ដំណើរការ នៃ​ប្រព័ន្ធ​អេកូឡូស៊ី ជួយ​កាត់បន្ថយ​ឥទ្ធិពល​ជា​អវិជ្ជមាន​ពី​ការប្រែប្រួល​អាកាសធាតុ និង​ទប់ស្កាត់​ទឹកជំនន់ ខ្យល់ ព្យុះ ការហូរ​ច្រោះ​ដី គ្រោះរាំងស្ងួត និង​ជួយ​ស្រូបយក​ជាតិពុល​ពី​បរិយាកាស​ជាដើម និង​ផ្តល់នូវ​ផល​អនុផល​ព្រៃឈើ ជាច្រើន ដល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ដែល​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​សហគមន៍​។ ហេតុនេះ គប្បី​យើង​ត្រូវ​ចេះ​ស្រឡាញ់​ព្រៃឈើ និង​ចូលរួម​ថែរក្សា​ព្រៃឈើ​ទាំងអស់គ្នា​។

​ព្រះមហា​វិមលធម្ម មាន​ថេរ​ដិ​កា​ចាត់ទុក​ដើមឈើ​នេះ​ថា​ជា​រុក្ខជាតិ​ដែល​បំរើ​ប្រយោជន៍​ដ៏​សំខាន់​ដល់​មនុស្ស សត្វ​ផង​ទាំងឡាយ ផ្តល់​អត្ថប្រយោជន៍​ច្រើនបែប​យ៉ាង​ដែល​មនុស្ស​សត្វ​ផង​ទាំ​ពួ​ង​ទទួលបាន​ពី​ដើមឈើ រាប់​តាំងពី​ឬ​ស មែក ស្លឹក ដើម ផ្កា ផ្លែ ។​ល​។ សុ​ទ្ឋ​តែ​ផ្តល់​ប្រយោជន៍​យ៉ាងសំខាន់ គ្រប់​តម្រូវការ និង​ជួយសង្គ្រោះ​មនុស្ស​យើង​ទៀតផង រុក្ខជាតិ​ខ្លះ​ផ្តល់ឱ្យ​យើង​ជា​ម្ហូប ជា​ថ្នាំសង្កូវ ជា​ឱសថ​ព្យាបាល​រោគ​ផ្សេងៗ ជា​គ្រឿង​សង្ហា​រឹម និង​ប្រដាប់​ប្រើប្រាស់ ជា​ជំរក ជា​អុស​ដុត​ចំអិនបាយ និង​ម្ហូបអាហារ ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​