សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន បើក​វគ្គ​បណ្តុះបណ្តាល​អ​នុ​ក្រឹ​ត ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ !

​សៀមរាប​៖ អគ្គលេខាធិការដ្ឋាន សមាគម​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្រោម​កិច្ចសហការ​ដោយ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប គាំទ្រ​ដោយ​សហភាព​អ៊ឺរ៉ុប ( EU ) និង​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ដែល​ហៅ​កាត់​ថា AIMF បានរៀបចំ​វគ្គ​បណ្តុះបណ្តាល អនុ​ក្រឹ​ត ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​រប​ស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៅ​ខេត្តសៀមរាប រយ​:​ពេល​២​ថ្ងៃ តាមរយ​:​នៃ​គម្រោង​ពង្រឹងសមត្ថភាព​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​នៅ​កម្ពុជា ក្នុងការ​រៀបចំ​ផែនការ​នគរូបនីយកម្ម និង​ការគ្រប់គ្រង​ដីធ្លី ដើម្បី​កែប្រែ​មុខមាត់​សហគមន៍​មិនទាន់​រៀបរយ ធានា​លទ្ធភាព​ក្នុងការ​ទទួលបាន នូវ​សេវាសាធារណ​:​ជា​សារ​វ័​ន្ត​។ វត្តមាន​ជាសំខាន់​នៃ​អ្នកចូលរួម​គឺ ថ្នាក់ដឹកនាំ​សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​មកពី​រាជធានី​ខេត្ត​ទាំង​២៥ ទូទាំងប្រទេស ដែលជា​មន្ត្រី​តំណាង​បានមកពី​ការបោះឆ្នោត​។​

​ឯកឧត្តម សយ កុសល ប្រធាន​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ក្នុងឱកាស​បើក​វគ្គ​បណ្តុះបណ្តាល​នោះ បានបញ្ជាក់​ឲ្យ​ដឹងថា​៖ នេះ​គឺជា​វេទិកា​ដែលមាន​គោលបំណង លើកកម្ពស់​ការយល់ដឹង​របស់​ថ្នាក់ដឹកនាំ​សម្ព័ន្ធភាព​ជាតិ ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន និង​សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​នៅតាម​រាជធានី​-​ខេត្ត លើ​អនុ​ក្រឹ​ត​ចំនួន​៣ ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ស្តីអំពី​មុខងារ និង​រចនាសម្ព័ន្ធ​រប​ស់​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដើម្បី​ឆ្ពោះទៅរក​ការធ្វើ​ឲ្យ​ប្រសើរឡើង​ថែមទៀត ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល ការផ្តល់​សេវាសាធារណ​: និង​ការអភិវឌ្ឍ ក្រុង ស្រុក ខណ្ឌ ឃុំ​និង​សង្កាត់​។​

​ឯកឧត្តម ជម្រុញ​ថា មន្ត្រី​សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ឬក៏​ថា​ជា​មន្ត្រី​តំណាង​នោះ ត្រូវ​ស្វះ​ស្វែងរក​គ្រប់​វិធី ដើម្បី​បំពេញ​បំណង​សមាជិក​របស់ខ្លួន ដោយ​ការតាំង​ចិត្ត និង​មាន​ឆន្ទៈ​ក្នុង​ការងារ ហើយ​អ្វីដែល​ទទួលបាន​មកវិញ គឺ​ការឆ្លើយតប​ក្នុង​លទ្ធផល​ជា​វិជ្ជមាន លើ​ចំណុច​ខ្វះខាត​នានា ដែលជា​សំណូមពរ​របស់​សមាជិក​។ ពិតណាស់ថា អ្វីដែល​សំខាន់​គឺ​ការទទួលខុសត្រូវ ការប្រើប្រាស់​សិទ្ធិអំណាច​របស់ខ្លួន​សម្រាប់​មុខងារ សំដៅ​លើកកម្ពស់​ការផ្តល់​សេវា និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​ប្រកបដោយ​គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និង​សមធម៌ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋនៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

​យ៉ាងណាក៏ដោយ ការងារ​ដែល​សំខាន់​ចំពោះមុខ​ក្នុង​វិបត្តិ​កូ​វីដ​-១៩​នោះ​គឺ ការរក​ឲ្យ​ឃើញ​ផលប៉ះពាល់ ខូចខាត​ទៅលើ​តួនាទី​ភារកិច្ច​នៅឯ​មូលដ្ឋាន​ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ ហើយ​តើ​មាន​អ្វី​ត្រូវ​ជួសជុល​ឡើងវិញ ក្រោយពី​កូ​វីដ​-១៩ ថមថយ​ទៅវិញ ? ឬ​ត្រូវធ្វើ​បែបណា​បើសិនជា​វិបត្តិ​កូ​វីដ​-១៩ នៅតែ​អូសបន្លាយ​ពេលវេលា​នោះ​? ។ យ៉ាង​ដូច្នេះហើយ ឯកឧត្តម ក៏​មានការ​ជម្រុញ​ផងដែរ សូម​ឲ្យ​វគ្គ​បណ្តុះបណ្តាល យកចិត្តទុកដាក់​ទៅលើ​ការ​ចងក្រង ការធ្វើ​ឲ្យ​មានគំនិត​ផ្តួចផ្តើម​ថ្មីៗ និង​ការចែករំលែក​បទពិសោធ​ន៍ ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​