សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​ថវិកា ដែល​ទទួលបាន​ពី​ការ​ជិះ​កង់​សប្បុរសធម៌ ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប !

​សៀមរាប​៖ នា​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដឹកនាំ​ដោយ​លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា បាន​នាំយក​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​ក្រុង​សៀមរាប ដែលជា​មន្ទីរពេទ្យ​ព្យាបាល និង​ថែទាំ​សុខភាព​ទារក និង​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ ខណៈ​មន្ទីរពេទ្យ​មួយ​នេះ បានបង្ហាញ​ពី​ការព្រួយបារម្ភ​ក្នុង​ការរក​មូ​និ​ធិ​សម្រាប់​ទ្រទ្រង់​ដំណើរ​របស់ខ្លួន​នៅ​ឆ្នាំ​២០២១​ខាងមុខ​។​

​ថ្នាក់ដឹកនាំ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ក៏ដូចជា​រាជរដ្ឋាភិបាល សប្បុរសជន​នានា ដែល​តែងតែ​គាំទ្រ ទាំង​កម្លាំងកាយ កម្លាំងចិត្ត ព្រមទាំង​ថវិកា ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​មួយ​នេះ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា ឲ្យ​ទទួលបាន​សុខភាព​ល្អ និង​ក្លាយទៅជា​ធនធាន​របស់​ប្រទេសជាតិ​នាពេល​អ​នាគ​ត់​។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា ក៏បាន​នាំយក​ថវិកា​ចំនួន ១​ម៉ឺន​ដុល្លារ​អា​មេ​រិច ទៀត​ប្រគល់ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដើម្បី​ចូលរួម​លើកកម្ពស់​គុណភាព​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត ខណ​:​មន្ទីរពេទ្យ​រដ្ឋ​មួយ​នេះ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ព្យាបាល និង​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត ជាពិសេស​ការខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នាពេល​កន្លងមក​។​

​មានប្រសាសន៍​ជារួម លោកជំទាវ ទាង អេង ទៀ សីហា បានបង្ហាញ​ពី​អារម្មណ៍​រំភើប ដែល​លោកជំទាវ​បាន​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌​ជាច្រើន ក្នុងនាម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​លក្ខណៈ​ឯកជន ពិសេស​ការលើកកម្ពស់​សុខុមាល​ទារក កុមារ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​។ ជាក់ស្ដែង ថវិកា​ដែល​បាន​ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មន្ទីរពេទ្យបង្អែក​ខេត្ត នាពេលនេះ គឺ​ទទួលបាន​ពី​ការ​ជិះ​កង់​សប្បុរសធម៌ អំឡុងពេល​រៀបចំ​កម្មវិធី​សម្រាក​សៀមរាប កាលពី​ខែសីហា​កន្លងទៅ​។​

​លោកជំទាវ បញ្ជាក់ថា ទោះបី​ស្ថិតក្នុង​វិបត្តិ​កូ​វីដ​-១៩ ថ្នាក់ដឹកនាំ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត នៅតែ​បន្ត​ខិតខំ​ស្វែងរក​ថវិកា ដើម្បី​ចូលរួមចំណែក​គាំទ្រ ដល់​សកម្មភាព​មនុស្ស​ធម៌​ក្នុង​ខេត្ត ហើយ​នេះ​ក៏​ជាការ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ហើយ​នេះ​ក៏​ជា​សកម្មភាព​គាំទ្រ​ដល់​សម្ដេច ក្នុងនាម​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព ស្ដ្រី និង​កុមារ​ផងដែរ​។​

​គួររំលឹកថា នេះ​ជា​លើក​ទី​២​ហើយ ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​នាំយក​ថវិកា ដែល​ទទួលបាន​ពី​ការ​ជិះ​កង់​សប្បុរសធម៌ ក្នុង​កម្មវិធី​សម្រាក​សៀមរាប ដោយ​លើក​ទី​១ បាន​ប្រគល់ជូន​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ ខេត្តសៀមរាប ចំនួន​២៥,០០០​ដុល្លារ​អា​មេ​រិច​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​