ក្រុមការងារ​គណ​:​កម្ម​ការ​អន្តរក្រសួង និង​រដ្ឋបាល​ខេត្តសៀមរាប ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​នៅក្នុង​ក្រុង​សៀមរាប បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានប្រកាស​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​១៥០​លាន​ដុល្លារ សម្រាប់​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប​

សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្រុមការងារ​គណ​:​កម្ម​ការ​អន្តរក្រសួង ដឹកនាំ​ដោយ​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណ​:​កម្ម​ការ​អន្ដរក្រសួង និង​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​នៅ​ក្រុង​សៀមរាប រួមមាន ៖ ផ្លូវ​ហ្សា​ដឺ​ហ្គោល , ផ្លូវ​កូ​ម៉ៃ​ផ្លូវ , ជាតិ​លេខ​៦ , ផ្លូវ​ក្រវ៉ាត់​ក្រុង , ផ្លូវ​អម​មាត់​ស្ទឹង​សៀមរាប , ផ្លូវ​ឆ្ពោះទៅ​រមណីយដ្ឋាន​បារាយណ៍ទឹកថ្លា និង​ផ្លូវ​សំខាន់ៗ​ជាច្រើន​ទៀត​នៅក្នុង​ក្រុង​។ ក្នុង​គោលបំណង ដើម្បី​សិក្សា និង​វាយតម្លៃ​លើ​ការងារ​បច្ចេកទេស​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុង​ដែលមាន​ស្រាប់​ដើម្បី​ធ្វើការ​សាងសង់​នាពេល​ខាងមុខនេះ បន្ទាប់ពី​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានប្រកាស​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​១៥០​លាន​ដុល្លារ កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ​។​

​គណ​:​កម្ម​ការ​អន្ដរក្រសួង​នេះ បើក​កិច្ចប្រជុំ​ជា​លើកដំបូង កាលពី​រសៀល​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ការពារ ជា​ប្រធាន​គណៈកម្មការ បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ថា និង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅក្នុង​ទីក្រុង​សៀមរាប ឱ្យ​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង ព្រមទាំង​អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ​ផងដែរ ។​

​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០​កន្លងទៅ​ថ្មីៗ​២០​នេះ ឯកឧត្តម យិ​ត ប៉ុណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស របស់​គណៈកម្មការ​អន្តរក្រសួង​នេះដែរ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី​១ ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត ស្តីពី​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុង​សៀមរាប ដែល​កិច្ចពិភាក្សា​នោះ បាន​សិក្សា​លើ​ប្រការ​ដែល​ចាំបាច់​បំផុត​គឺ ពិនិត្យ​ស្ថិរភាព​ផ្លូវថ្នល់ , រក្សា​បរិស្ថាន​ធម្មជាតិ​នៃ​ទីក្រុង​ជាមួយ​ស្ទឹង​សៀមរាប , លើក​កិត្តិយស​ជាទី​ក្រុង​វប្បធម៌ ប្រវត្តិសាស្ត្រ ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​បញ្ជ្រាប​សុខុមាលភាព​នៃ​តំបន់​ដែល​ត្រូវ​អភិវឌ្ឍន៍ គម្រោង​នេះ ជា​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ក្តី​រំពឹង​ទុកជា​វិជ្ជមាន សម្រាប់​តំបន់​អង្គរ​-​សៀមរាប ត្រៀមខ្លួន​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ នាពេល​អនាគត ក្រោយ​វិបត្តិ​កូ​វីត​១៩ ពិសេស​នោះ ការស្ថាបនា​ផ្លូវ ត្រូវតែ​ជា​បណ្តាញ​ផ្លូវ​ប្រទាក់ក្រឡា​សមាហរណកម្ម​ជាមួយនឹង​បណ្តាញ​ផ្លូវ​ដែលមាន​ស្រាប់ បម្រើ​ឲ្យ​ការរំដោះ​លំហូរ​ចរាចរណ៍ នៃ​យានយន្ត ដែល​ត្រូវ​កើនឡើង​នាពេលខាងមុខ រួមទាំង​ការ​បន្ស៊ី​គ្នា​ជាមួយ​គម្រោង​ប្រព័ន្ធ​លូទឹកកខ្វក់ របស់​គម្រោង​ដៃគូ​អភិវឌ្ឍ គឺ​គម្រោង​របស់​ធនាគា​ពិភពលោក និង​កូរ៉េ ដើម្បី​ធានាបាន​នូវ​ប្រព័ន្ធ​ចែកដាច់​ពីគ្នា រវាង​ទឹកភ្លៀង​និង​ទឹក​កខ្វក់ ។​

​ក្នុង​គម្រោង​នេះដែរ សម្តេច​តេ​ជោ បាន​សរសេរ​បញ្ជាក់បន្ថែម​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូចធំ មាន​ចំនួន ៣៨​ខ្សែ ដែល​គ្រោង​នឹង​សាងសង់​នៅក្នុង​ទី​រួម​ខេត្ត​នេះ នឹង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយនឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​នៅក្រោយ​ជំងឺ​កូ​វីដ​១៩ ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​បើក​ការ​ដ្ឋា​សាងសង់​នេះ ហើយ​សង្ឃឹមថា នៅ​ចុងឆ្នាំ ២០២១ យើង​នឹងមាន​ផ្លូវ​ស្អាត​ក្នុង​ទឹកដី​អង្គរ​អច្ឆរិយ​នេះ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​