កូនឈើ​ចម្រុះ​ជា​ប្រភេទ​ឈើប្រណិត ៥០០​ដើម ត្រូវបាន​នាំយកទៅ​ដាំ​នៅ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដើម្បី​ស្ដារ​គម្រប​ព្រៃឈើ​តំបន់​នេះ​ឡើងវិញ​

​ព្រះវិហារ​៖ អាជ្ញាធរខេត្ត​ព្រះវិហារ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​កូនឈើ ដើម្បី​ស្តារ​គម្រប​ព្រៃឈើ​ឡើងវិញ​នៅ​ជុំវិញ​សំបុក​ទាព្រៃ​ស្លា​បស ជាពិសេស​ត្រូវ​រួមគ្នា​ការពារ​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ឱ្យ​បានល្អ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ដ​។​

​ថ្លែង​ក្នុង​ដំណើរ​ចុះ​ដាំ​ស្ដា​ព្រៃឈើ​ឡើងវិញ នៅ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុងភូមិ​
​សាស្ដ្រ ភូមិ​សំបូរ ឃុំ​ស្រ​យ៉ង ស្រុក​គូលែន ខេត្តព្រះវិហារ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក ស៊ូ សិរី អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា​ការដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​នេះ​មាន​ពីរ​សហគមន៍ គឺ​សហកមន៍​ការពារ​ធម្មជាតិ​សំបូរ​អភិវឌ្ឍន៍ និង​សហគមន៍​អភិវឌ្ឍន៍​ព្រៃវែង ដែលមាន​ផ្ទៃដី ៥​ហិកតា ខណៈដែល​បច្ចុប្បន្ន​ព្រៃឈើ​កំពុង​រង​ការកាប់​ទន្ទ្រាន​ដោយ​ខុសច្បាប់​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន បើទោះបី​មន្ត្រី​ជំនាញ​បាន​ខិតខំ​ការពារ និង​ទប់ស្កាត់​យ៉ាងណាក៏ដោយ ។

​បន្ថែម​ពីនេះ​ទៀត លោក ស៊ូ សិរី ក៍បាន​សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ​គ្រប់រូប ដែល​កំពុង​បន្ត​អាជីវកម្ម​កាប់បំផ្លាញ​ព្រៃឈើ​ដើម្បី​ចាប់យក​ដីព្រៃ​ធ្វើ​កម្មសិទ្ធិ និង​សម្រាប់​លក់ សូមឱ្យ​បញ្ឈប់​ជា​
​បន្ទាន់ ព្រោះ​ការធ្វើ​អាជីវកម្ម​ព្រៃឈើ និង​ជំនួញ​ដី​ព្រៃឈើ​ខុសច្បាប់ គឺជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​បំផុត ជាពិសេស​ធ្វើឱ្យ​មហន្តរាយ​ដល់​បរិស្ថាន​ធនធានធម្មជាតិ ដែល​បណ្តាលមកពី​ការកាប់បំផ្លាញ​ព្រៃឈើ ។​
ឯកឧត្តម សូ ខន​វិ​ទ្ធី​គុណ រដ្ឋលេខា​ក្រសួងបរិស្ថាន បាន​ឪ្យ​ដឹងថា​ការរៀបចំ​ឱ្យមាន​កម្មវិធី​ដាំ​កូនឈើ​នៅថ្ងៃនេះ គឺជា​ចលនា​បំផុសស្មារតី​ប្រជាពលរដ្ឋ និង​យុវជន​ទាំងអស់​ឱ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ ចូលរួម​ដាំ​កូនឈើ និង​ការពារ​ព្រៃឈើ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍ ។ បន្ថែម​ពីនេះ គឺ​ដើម្បី​ដាំ​ស្ដារ​គម្រប​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ឱ្យមាន​ភាពល្អ​ប្រសើរឡើង​វិញ​បន្ទាប់ពី​មាន​ការកាប់​ទន្ទ្រាន​ពី​ជនខិលខូច​។​

​ទន្ទឹមនេះដែរ ឯកឧត្តម​ក៏បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ដាំ​កូនឈើ ដើម្បី​ស្តារ​គម្រប​ព្រៃឈើ​ឡើងវិញ ជាពិសេស​ត្រូវ​រួមគ្នា​ការពារ​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​សហគមន៍​របស់ខ្លួន​ឱ្យបាន​ល្អ ព្រោះ​ព្រៃឈើ និង​ធនធានធម្មជាតិ​នៅក្នុង​សហគមន៍​នេះ​មាន​សក្តានុពល​ទេសចរណ៍​ជាច្រើន សម្រាប់​ទាក់ទាញ​ឱ្យ​ភ្ញៀវទេសចរ​ស្នាក់នៅ​កម្សាន្ត នៅក្នុង​ខេត្តព្រះវិហារ​បានយូរ ។ ឯកឧត្តម​បាន​បន្តទៀតថា ការដាំ​ដើមឈើ​គឺ​ធានាបាន​នូវ​និរន្តរភាព​ក្នុងការ​ចិញ្ចឹមជីវិត និង​ការ​រស់​
​នៅ​ប្រកបដោយ​ផាសុកភាព ស្របតាម​ទស្សនៈវិស័យ និង​គោលនយោបាយ​របស់​ក្រសួងបរិស្ថាន និង​រាជរដ្ឋាភិបាល​កម្ពុជា ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​