ឯកឧត្តម ខៀវ កាញារីទ្ធ និងប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមរំលែកទុក្ខពិធីបុណ្យសពគម្រប់០៧ថ្ងៃ ម្តាយឯកឧត្តម ស សុីណា

(កំពង់ចាម)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សានៃក្រសួងព័ត៌មានបានអញ្ជើញចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពគម្រប់០៧ថ្ងៃម្តាយរបស់ ឯកឧត្តម ស សុីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងលោកជំទាវ សេក គឹមហ៊ុន នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមជម្រាបថា៖ លោកយាយ សុឹង ដុក បានទទួលមរណៈភាពនាវេលាម៉ោង០៣ទាបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយជរាពាធ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងប្រតិភូអមដំណើរ បានសម្តែងនូវការចូលរួមមរណៈទុក្ខ និងបង្ហាញពីអារម្មណ៍ សោកស្ដាយ និងក្រៀមក្រំជាទីបំផុតជូនចំពោះឯកឧត្តម សុីណា និងលោកជំទាវ សេក គឹម ហ៊ុន ព្រមទាំងក្រុមគ្រួសារ ដោយបានលំអោនកាយ វាចារចិត្ត ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកយាយ សុឹង ដុក សូមបានទៅចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕