ម្ចាស់ពានរង្វាន់ស្វាយរៀងខាប់លើកទី០៥ ឆ្នាំ២០២០នេះ បានទៅលើក្រុមបាល់ទាត់ តំបន់សេដ្ឋកិច្ចពិសេសបាវិត

(ស្វាយរៀង) នាល្ងាចថ្ងៃសៅរ៍ ២កើតអស្សុជ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែនវិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៥ ឆ្នាំ២០២០ និងជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯករវាងក្រុមបាល់ទាត់ តំបន់សេដ្ឋកិច្ចពិសេសបាវិត និងក្រុម សសយក.ក្រុងបាវិត ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលសហការរៀបចំដោយសមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ថ្នាក់ដឹកនាំកីឡា និងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតដែលមានប័ណ្ណចូលរួមទស្សនា ទន្ទឹមនោះ ឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន៥លានរៀល សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍បិទវគ្គបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់លើកទី៥ ឆ្នាំ២០២០នាពេលនេះផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៥ ឆ្នាំ២០២០នេះ ផ្តួចផ្តើមឡើងដោយឯកឧត្តមឌី វិជ្ជា ប្រធាន ...កខេត្ត បានចាប់ផ្តើមប្រកួតនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ និងបានបញ្ចប់នៅល្ងាចថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២០នេះ ដែលមាន៥១ក្រុមមកពីតាមបណ្តាក្រុងស្រុកក្នុងខេត្ត ចូលរួមប្រកួត។

ចំពោះក្រុមបាល់ទាត់ជ័យលាភីទទួលបានចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់តំបន់សេដ្ឋកិច្ចពិសេសបាវិត ទទួលបានមេដាយមាស២៨គ្រឿងពានរង្វាន់១ និងថវិកា ១០លានរៀល, ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទាត់ស... ក្រុងបាវិត ទទួលបានមេដាយប្រាក់២៨គ្រឿងនិងថវិកា៥លានរៀល, ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ យុវជនសាមគ្គីទទួលបានមេដាយសំរិទ្ធិ២៨គ្រឿងនិងថវិកា ២លាន៥សែនរៀល និងចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមបាល់ទាត់កាំភ្លើងធំស្កាយ ទទួលបានថវិកាលើកទឹកចិត្តចំនួន១លាន៥សែនរៀល។

ចំណែកជ័យលាភីក្រុមគោរពវិន័យបានល្អ ទទួលបាន៨០ម៉ឺនរៀល,គ្រូបង្វឹកល្អទទួលបាន៦០ម៉ឺនរៀល,កីឡាករចាំទីល្អ ទទួលបាន៦០ម៉ឺនរៀល, កីឡាករទាត់បញ្ចូលទីល្អទទួលបាន ៦០ម៉ឺនរៀល និងក្រុមអាជ្ញាកណ្តាលល្អ ២លានរៀល៕ ដោយ៖ មន្ទីរព័ត៍មានខេត្តស្វាយរៀង