ភ្ញៀវទេសចរ​ក្នុងស្រុក​អាច​នឹង​គាំទ្រ​សហគមន៍​ទេសចរណ៍ ” បាគង​ភូមិ​ខ្ញុំ​” !

​សៀមរាប​៖ ជំហាន​ដំបូង​នៃ​ការគាំទ្រ​ពី​សំណាក់​ភ្ញៀវទេសចរ​ក្នុងស្រុក សហគមន៍​ទេសចរណ៍ បាគង​ភូមិ​ខ្ញុំ មាន​បុគ្គលិក​បំរើការ​៤២​នាក់​ហើយ ដែលជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ផ្ទាល់​។ ដោយឡែក​ប្រជា​សហគមន៍​ទាំងមូល ក៏​កំពុង​ជម្រុញ​ការបង្កើត​ផលិតផល សម្រាប់​បំពេញតម្រូវការ​របស់​ភ្ញៀវ ក្នុងការ​បង្កើន​ជីវភាព​គ្រួសារ ដើម្បី​កាត់​ប​បន្ថយ​ការធ្វើ​ចំណាកស្រុក !

​បន្ទាប់ពី​បានប្រកាស​ជា​សាធារណៈ​អំពី​គំរោង​អភិវឌ្ឍ​របស់ខ្លួន ប្រមាណ​ជា​២​សប្តាហ៍​កន្លងមកនេះ សហគមន៍​ទេសចរណ៍ “​បាគង​ភូមិ​ខ្ញុំ​” ដែល​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក ដោយ​ក្នុង​១​ថ្ងៃៗ មាន​ភ្ញៀវ​ចូលទៅ​កំសាន្ត និង​ទទួល​សេវា​បំរើ​ម្ហូបអាហារ​នៅ​ទីនោះ ប្រហែលជា​ពី ២០០ ទៅ​៣០០​នាក់​។​
​លោក សូត្រ សួ ប្រធាន​សហគមន៍​ទេសចរណ៍​នេះ បានលើកឡើង​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ជួបជុំ​ពិសា​អាហារ​ពេលព្រឹក (​នំ​បញ្ចុក​សាមគ្គី​) ជាមួយ​បងប្អូន​ប្រជា​សហគមន៍​ប្រហែល​ជាង​១០០​នាក់ ក្រោម​វត្តមាន​របស់​គណ​អភិបាលខេត្ត អាជ្ញាធរ​ស្រុក​និង​ឃុំ​ផងដែរ​។ ការជួប​ជុំគ្នា​នេះ គឺមាន​គោលបំណង​ដ៏​សំខាន់ ជម្រាបជូន​ប្រជា​សហគមន៍​ឲ្យ​ដឹងថា ការគាំទ្រ​របស់​ភ្ញៀវទេសចរ​ក្នុងស្រុក ដែល​ស្របពេល​នឹង​ឱកាស​បុណ្យ​ភ្ជំ បិណ្ឌ​នឹង​មកដល់​ខាងមុខ​ឆាប់ៗ​នេះដែរ គឺ​វា​តម្រូវ​ឲ្យ​បងប្អូន​ប្រជា​សហគមន៍ រៀបចំខ្លួន​ទទួល​ភាគ​ផល​ពី​ការចេញដំណើរ​របស់​ស​ហគ​មន៍​។

​បើទោះជា​សហគមន៍​ទេសចរណ៍​មួយ​នេះ កំពុងស្ថិត​នៅក្នុង​ដំណើរ​នៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍ​របស់ខ្លួន​យ៉ាងណាក៏ដោយ ដើម្បី​ឆ្លើយតប​ទៅនឹង​ការគាំទ្រ​របស់​ភ្ញៀវ ប្រជា​សហគមន៍​ទាំង​យុវវ័យ និង​វ័យ​កណ្តាល​ជាង​៤០​នាក់ កំពុង​បាន​បំពេញការងារ​បំរើសេវា​កម្ម និង​កំពុង​បាន​ទទួលយក​ការបណ្តុះបណ្តាល​ផ្នែក​បដិសណ្ឋារកិច្ច ជា​បណ្តើរ​ផងដែរ​។ អ្វីៗ​ទាំងអស់នោះ ក៏​មិនអាច​កាត់ផ្តាច់​បាន​នោះទេ អំពី​កា​ររ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អាជ្ញាធរខេត្ត អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​ពិសេស​នោះ​គឺ​ការយកចិត្តទុកដាក់​ជ​ម្រុ​ញ និង​ផ្តល់​ការបណ្តុះ​ពី​ស្ថាប័ន​ជំនាញ​ទេសចរណ៍​។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប​បានបង្ហាញ​អំពី​ការចូលរួម​គាំទ្រ និង​អបអរសាទរ​ចំពោះ​ការចាប់ផ្តើម​ធ្វើដំណើរ​រ​បស់​សហគមន៍ ។ លោក​ថា អ្វីដែល​សហគមន៍ កំពុង​បង្ហាញ​ផ្លែផ្កា​ក្នុង​រដូវ​កាល​ដំបូង​របស់ខ្លួន ច្បាស់​ណាស់​ថា ទី​១ សហគមន៍​បាន​បង្កើត​ការងារ​ធ្វើ និង​ទី​២ គឺ​ការបង្កើត​មុខរបរ​។ ជាទូទៅ​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ទាំងមូល នឹងត្រូវ​ទទួលបាន​ផលប្រយោជន៍​ពី​ការកកើតឡើង​នៃ​សហគមន៍​មួយ​នេះ ដោយ​ការខិតខំ​បង្កបង្កើនផល ដាំ​បន្លែ​ធម្មជាតិ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ដល់​ភ្ញៀវ និង​ធ្វើឱ្យ​ប្រសើរ​តាមរយ​:​សេវាកម្ម​កំសាន្ត​ជាច្រើន​ប្រភេទ​ទៀត​។ ការដាក់​តាំង​លក់​វត្ថុ​អនុស្សាវរីយ៍ វា​ជាទី​ផ្សារ​របស់​ជាងគំនូរ ជាង​សម្លាក់ សិប្បករ​កែច្នៃ​គ្រឿង​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ទៀត ផងដែរ​។ យ៉ាងណាក៏ដោយ សាមគ្គីភាព​គឺជា​វិថី​ឆ្ពោះទៅរក​ការអភិវឌ្ឍ​សហគមន៍​ប្រកបដោយ​និរន្តរភាព​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​