ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ សំណេះសំណាល​លើកទឹកចិត្ត​មន្ត្រី​សាលាខេត្ត​ត្បូងឃ្មុំ ចែកជូន​ថវិកា​-​ប្រេងសាំង ជួយ​សម្រួល​ក្នុងការ​ធ្វើដំណើរ និង​ធ្វើ​បុណ្យទាន​នា​ស្រុកកំណើត ក្នុងឱកាស​ភ្ជុំបិណ្ឌ​នេះ​

(​ត្បូងឃ្មុំ​)៖ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោកជំទាវ ម៉េង វ៉ាន់ដា​នី​ន ជាម​ច័ន្ទ​សោភ័ណ នា​រសៀល​ថ្ងៃ​១៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ចំណុះ​សាលាខេត្ត​សរុប​ចំនួន​១៣៩​នាក់ ព្រមទាំង​ចែកជូន​ប័ណ្ណ​ប្រេងសាំង និង​ថវិការ​មួយចំនួន ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ​បំពេញភារកិច្ច​នាពេល​កន្លងមក និង​បន្ត​ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀត ក៍​ដូចជា​ជួយ​សម្រួល​ក្នុងការ​ធ្វើដំណើរ និង​ធ្វើ​បុណ្យទាន​នា​ស្រុកកំណើត ក្នុង​ឳ​កាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ​។​

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត បាន​មានប្រសាសន៍​នូវ​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ និង​មន្ត្រីរាជការ​សាលាខេត្ត ដែលមាន​សាមគ្គីភាព​ផ្ទៃក្នុង​បានល្អ ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ឆន្ទ​:​មនសិការ​ខ្ពស់ និង​បន្ត​អភិវឌ្ឍន៍​ចំណេះដឹង ពង្រឹងសមត្ថភាព បន្ត​នាំយក​នូវ​ភាពជោគជ័យ​ក្នុង​ភារកិច្ច​ការងារ ជូន​រដ្ឋបាលខេត្ត​។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ក្រើនរំលឹក​មន្ត្រីរាជការ ក្នុង​ឳ​កាស​ធ្វើដំណើរ​ទៅ​ភូមិឋាន​នា​ស្រុកកំណើត ត្រូវ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ខ្លួនឯង ក្រុមគ្រួសារ និង​អ្នកដទៃ ពិសេស​ត្រូវ​អនុវត្តន៍ និង​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​ម៉ឺងម៉ាត់ ក្នុងនាម​ជា​មន្ត្រីរាជការ​មួយរូប ជា​គំរូ​នៃ​ពលរដ្ឋ​។

​ជាមួយគ្នានេះ ក្នុង​គ្រា​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត ធ្វើការ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ ត្រូវការពារ​ការឆ្លង​នៃ​មេរោគ​នេះ ដោយ​បន្ត​ពាក់​ម៉ាស់ រក្សា​អនាម័យ​ជាប់​ជានិច្ច​លាងដៃ​ជាមួយ​អាកុល​ឬ​សាប៊ូ ពោលគឺ​ត្រូវ​ចង់ចាំ​ថា <<​ការពារ​ប្រសើរ​ជាង​ព្យាបាល​>> ពិសេស​នៅពេល​ទៅ​ស្រុកកំណើត ត្រូវ​បន្ត​អប់រំ​ផ្សព្វផ្សាយ​ដល់​ក្រុមគ្រួសារ និង​បងប្អូន​ប្រជា​ពល​ដ្ឋ​ឲ្យ​អនុវត្ត​នូ​វិធានការ​អនាម័យ និង​វិធានការ​ផ្សេងៗ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ​ទប់​ស្កាត់​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​គួរ​បញ្ជាក់ថា​៖ ជា​រៀងរាល់ឆ្នាំ ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត​ត្បូងឃ្មុំ តែងតែ​រៀបចំ​ពិធី​ជួប​សំ​ណះ​សំ​ណា​ល​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ​ចំណុះ​សាលាខេត្ត ចំនួន​២​ដង​ក្នុង​មួយឆ្នាំ គឺ​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​ពី​ធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​