អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋប្រកបរបរនៅទីលានចាក់សំរាមដង្កោ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ឌី វិជ្ជា បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលព្រម ទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនដល់បងប្អូនដែលប្រកបមុខរបររើសអេតចាយចំនួន៣៩៤ គ្រួសារ ក្នុងទីលានចាក់សំរាមក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញ។

ក្នុងឱកាសនោះឯកឧត្តម ឌី វិជ្ជា បានក្រើនរម្លឹកឱ្យបងប្អូនបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រចាំថ្ងៃដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ពិសេសក្នុងរដូវបុណ្យភ្ជុំនេះ និងសូមរក្សាគម្លាតសង្គម និងពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើន។

ឯកឧត្តម បានបន្តផ្តាំផ្ញើឱ្យប្រជាពលរដ្ឋជំរុញកូនតូចៗឱ្យបានចូលរៀនគ្រប់ៗគ្នា ដើម្បីទទួលបានចំណេះដឹង និងបានរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើង។

អំណោយដែលទទួលបានក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ៥០គីឡូក្រាម, មី២កេសតូច, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ, ត្រីខកំប៉ុង១យួរ, ទឹកដោះគោខាប់២កំប៉ុង, នំផ្អែម១ធុង, ថ្នាំពេទ្យ២ប្រអប់, សាប៊ូ៦ដុំ និងថវិកាចំនួន ១០០,០០០រៀល។

ស្ថិតក្នុងបរិយាកាសនោះ ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនោះមានអារម្មណ៍រំភើប ត្រេកអរយ៉ាងក្រៃលែង និងបានជូនពរសម្តេចទាំងទ្វេព្រម ទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អគ្រប់ពេលវេលា៕ ដោយ៖ កន ចំណាន