ព្រះវិហារ​បុរាណ​មាន​អាយុកាល​ច្រើន​ឆ្នាំ​នៅ​វត្ត​រាជ​បូ​ណ៌ បាន​ប្តូរ​សោភ័ណភាព​ថ្មី​ដ៏​ស្រស់ស្អាត​បន្ទាប់ពី​ធ្វើការ​ជួសជុល​ហើយ !

​សៀមរាប​៖ លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា​នេះ​ថា គម្រោង​ជួសជុល និង​អភិរក្ស​ព្រះវិហារ​បុរាណ​វត្ត​រាជ​បូ​ណ៌ ដែល​ទទួលបាន​ថវិកា​ទាំងស្រុង​ពី​អាជ្ញាធរ​ជាតិ​អា​ប្ស​រា បានបញ្ចប់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង ដឹកនាំ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ពី​សំណាក់​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

​ការជួសជុល​នេះ​គឺ​ដើម្បី​រួមចំណែក​ថែរក្សា​មត៌ក​វប្បធម៌​ខ្មែរលើ​វិស័យ​ព្រះពុទ្ធសាសនា ព្រមទាំង​ជួយ​អភិរក្ស និង​លើក​តម្លៃ​វប្បធម៌​នៃ​សិល្បៈ​របស់​ខ្មែរ​ពី​បុរាណកាល​ឱ្យ​រស់​រវើក​ឡើងវិញ​។ ក្រុមការងារ​បច្ចេកទេស បាន​ផ្តោតលើ​ការជួសជុល​ក្បាច់​ជញ្ជាំង ជើង​ជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់​លើ​ទ្វារ​-​បង្អួច និង​ខឿន​ព្រះវិហារ និង​បញ្ហា​ប្រឈម​មួយចំនួនទៀត​ឱ្យ​ផុតពី​ហា​នី​ភ័យ រហូត​ធ្វើឱ្យ​ព្រះវិហារ​វ័យ​ចំណាស់​នេះ​លេច​រូបរាង ដ៏​ស្រស់ត្រកាល​ជាថ្មី​ម្តងទៀត​លើ​ទឹកដី​អង្គរ ក្នុង​ក្រុង​សៀមរាប​។

អាជ្ញាធរ​ជាតិ​អប្សរា សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ព្រះមហា​វិមលធម្ម សិរី​សុ​វ​ណ្ណោ ពិន សែម ព្រះ​រាជាគណៈ​ថ្នាក់​ទោ សមាជិក​ថេរ​សភា​សង្ឃ ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ព្រមទាំង​ព្រះសង្ឃ ពុទ្ធបរិស័ទ ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក អាជ្ញាធរ​ជាតិ​អប្សរា​ទាំងអស់ ដែល​បាន​និមន្ត និង​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​ឱ្យបាន​គង់វង្ស​តរៀង​ទៅ​។​
​សូមជម្រាបថា វត្ត​រាជ​បូ​ណ៌​ជា​វត្ត​មួយ​ក្នុងចំណោម​វត្ត​ជាច្រើន​នៅ​ខេត្ត​សៀម​រាម ដែលមាន​ភាពល្បីល្បាញ និង​មានការ​គាំទ្រ​ពី​សាធារណ​:​ជន​គ្រប់ទិសទី ទាំង​មន្ត្រីជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល និង​ពុទ្ធ​សាស​និជ​ន​យ៉ាងច្រើន​ផងដែរ​។ ម្យ៉ាងទៀត មាន​ហេដ្ឋារចនាសម្ព័ន្ធ​ស្អេកស្កះ និង​មាន​សាលា​ពុទ្ធិកសិក្សា​គ្រប់​ថ្នាក់​ទៀតផង​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​