ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ បើកវេទិកាសាធារណៈ ជួយដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងឃុំចំនួនពីរគឺឃុំស្វាយ និងឃុំសេដ្ឋី

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ បើកវេទិកាសាធារណៈជួយដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួនពីរគឺឃុំស្វាយ និងឃុំសេដ្ឋី ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ។

ក្នុងវេទិកានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រៀបចំនៅក្នុងបរិវេណវិហារឥស្លាម ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អ្នកចូលរួមសរុបចំនួន ១៨៥ នាក់ ស្រី ១៦ នាក់។

គោលបំណងនៃអង្គវេទិកាត្រូវបានរៀបចំឡើងដើម្បីជម្រាបជូនអំពីសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ស្វែងយល់អំពីស្ថានភាព និងជីវភាពរស់នៅ ក្តីកង្វល់ និងស្វែងរកដំណោះស្រាយជូនប្រពលរដ្ឋ។ ក្នុងនោះក្រុមការងារទទួលបានបញ្ហា និងសំណូមពរដោយផ្ទាល់មាត់ ចំនួន ១១ករណី រួមមានបញ្ហាទំនាស់ដីធ្លីមានចំនួន ៣ករណី, ជួសជុសលូ និងស្ពានរំដោះទឹកចំនួន ៣ករណី, ការតភ្ជាប់បណ្តាញអគ្គិសនីចំនួន ២ករណី, បណ្តាញទឹកស្អាតចំនួន ២ករណី, សកម្មភាពចុះកំណត់អត្តសញ្ញាណកម្ម ១ករណី និងបញ្ហា ១ករណី ពាក់ព័ន្ធសេវាបង់ពន្ធលក់ដីធ្លី ត្រូវបានជំនាញស្រាយបំភ្លឺនៅអង្គវេទិកា។

ក្នុងនោះក្រុមការងារបានទទួលយកសំណើរ និងសំណូមពរដែលមិនទាន់ត្រូវបានដោះស្រាយទាំងនោះដើម្បីដោះស្រាយបន្ត និងកំណត់ពេលប្រជុំដោះស្រាយតាមករណីនីមួយៗនៅពេលក្រោយ។

ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមប្រុងប្រយ័ត្នខ្ពស់ និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវនូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសូមឱ្យបងប្អូនឈប់បន្ទោបង់ពាសវាលពាសកាល ហើយងាកមកប្រើបង្គន់អនាម័យទាំងអស់គ្នា ៕