សាខាក.ប.ប ខេត្តតាកែវ រកឃើញសារធាតុគីមីបូរ៉ាក់នៅលើពពុះសណ្តែកជាង២០គីឡូនៅក្នុងផ្សារធំតាកែវ នឹងបានដកហូតយកមកបំផ្លាញចោល

(តាកែវ)៖ នៅព្រឹកថ្ងៃសុក្រទី ១១ ខែកញ្ញា ឆ្នាំ ២០២០ នេះ មន្ត្រីជំនាញ ក.ប.ប សាខាខេត្តតាកែវ ដែលដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធាន ក.ប.ប ខេត្ត សហការជាមួយនិងមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងសមត្ថកិច្ច បានចុះពិនិត្យលើគ្រឿងឧបភោគ បរិភោគមួយចំនួន៣មុខ នៅក្នុងផ្សារធំតាកែវ ដែលស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ដោយបានរកឃើញសារធាតុគីមីបូរ៉ាក់ ទៅលើប្រភេទទំនិញពពុះសណ្តែកជាង ២០គីឡូក្រាម ព្រមទាំងដកហូតយកមកបំផ្លាញចោលផងដែរ ។

លោក ប៉ោ លាងគង់ ប្រធាន ក.ប.ប ខេត្ត បានអោយដឹងថា ការចុះពិនិត្យរបស់មន្ត្រីជំនាញ ក.ប.ប ក្នុងថ្ងៃ នេះ គឺយើងបានធ្វើតេសបឋមជាច្រើនមុខទៅលើប្រភេទចំណីអាហារនឹងពិនិត្យរកឃើញពីទំនិញដែលខូចគុណភាពផងដែរ ក្នុងនោះមន្រ្តីជំនាញបានរកឃើញ សារធាតុគីមីប៉ូរ៉ាក់ លើពពុះសណ្តែក ដែលប្អូនអាជីករក្នុងផ្សារធំតាកែវ បានដាក់លក់នៅក្នុងរដូវកាល កាន់បិណ្ឌិនឹង ភ្ជុំបិណ្ឌ ហើយពពុះសណ្តែកនេះដែរ ភាគច្រើនគឺបងប្អូប្រជាពលរដ្ឋ ទម្លាប់ទិញយកទៅធ្វើម្ហូបច្រើន ជាហេតុដែលធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់ ពិសេសអាចប៉ះពាល់សុខភាពទៅដល់ព្រះសង្ឃ ។

លោកប្រធានសាខាកបបខេត្ត បន្តថា ក្រៅពីការចុះចុះពិនិត្យប្រភេទទំនិញប្រភេទជាគ្រឿង កំប៉ុង និងចំណីអាហារ ក្នុងនោះយើងក៏បានចុះត្រួតពិនិត្យគ្រឿងសាដកសម្រាប់ប្រគេនព្រះសង្ឃក្នុងរដូវភ្ជុំបិណ្ឌផងដែរ និងពិនិត្យរកទឹកដោះគោប្រភេទម្សៅដែលមានឈ្មោះNutrilatt ដែលក្រសួងពាណិជ្ជកម្ម បាន ហាមមិនអោយលក់ ផងដែរ ប៉ុន្តែរកពុំឃើញមានវត្តមានម្សៅទឹកដោះគោប្រភេទនេះឡើយ ពិសេសគឺគ្រឿងសាដកក៏ពុំមានទំនិញខូចគុណភាពឬហួសកាលបរិច្ឆេទផងដែរ។

ក្នុងឪកាសនោះដែរលោក ប៉ោ លាងគង់ ក៏បានធ្វើការសំណូមពរដល់បងប្អូនអាជីវករ ទាំងអស់ ត្រូវលក់ទំនិញណាដែលមានគុណភាព ស្តង់ដារត្រឹមត្រូវ ជូនបងប្អូនយើង ដែលជាអ្នកប្រើប្រាស់ ដើម្បីកុំមានការប៉ះពាល់ដល់សុខភាព និងចូលរួមស្កាត់អោយបានទាំងអស់គ្នានូវទំនិញដែលគ្មានគុណភាព នឹងគ្មានអនាម័យ ៕

ដោយ មន្ទីរព័ត៌មានខេត្តតាកែវ