សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាំចង្ហាន់បិណ្ឌបាត្រជាច្រើនមុខ ចូលរួមពិធីកាន់បិណ្ទទី៩ នៅវត្តមុនីសុវណ្ណ«វត្តចំពុះក្អែក»

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារ ព្រមទាំងសមាជិក-សមាជិកាកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បាននាំចង្ហាន់បិណ្ឌបាត្រជាច្រើនមុខ ចូលរួមពិធីកាន់បិណ្ទទី៩ នៅវត្តមុនីសុវណ្ណ«វត្តចំពុះក្អែក»ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីធ្វើតាមប្រពៃណីនៃព្រះពុទ្ធសាសនានេះ សម្តេចកិត្តព្រឹទ្ធបណ្ឌិត បានវេប្រគេនព្រះសង្ឃ នូវចង្ហាន់ បច្ច័យ ទេយ្យទាន ដើម្បីឧទ្ទិសនូវផល្លាអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតារបស់សម្តេច គឺអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, មហាឧបាសក លីន គ្រី, មហាឧបាសិកា ឌី ប៉ុក, អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ត្រូវជាមាតាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន, វិញាណក្ខន្ធបុត្រច្បងរបស់សម្តេច និងវិញ្ញាណក្ខន្ធញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងនោះបានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ នារដូវបុណ្យកាន់បិណ្ឌនេះ៕ ដោយ៖ កន ចំណាន