ក្រុម​បណ្តាញ​មនុស្ស​ចាស់​កម្ពុជា ដែល​មកពី​បណ្តា​រាជធានី​-​ខេត្ត​ចំនួន​៦ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៨​ស្ថាប័ន​ផ្សេងទៀត ជា​អ្នកពាក់ព័ន្ធ បាន​ជួបប្រជុំគ្នា​នៅ​ខេត្តសៀមរាប និយាយ​អំពី​យន្តការ​គាំទ្រ​មនុស្ស​ចាស់​នៅ​កម្ពុជា ក្នុង​គោលបំណង ធ្វើ​ឲ្យ​សម្រេចបាន​គោលដៅ​រួមគ្នា ជាមួយ​គោលនយោបាយ​ជាតិ ស្តីអំពី​មនុស្ស​ចាស់ !

​សៀមរាប​៖ មាន​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក កំពុង​ប្រឈម​នឹង​កំណើន​ប្រជាជនមាន​វ័យ​ចំណាស់​។ ដោយឡែក​នៅ​កម្ពុជា ក៏​ជា​បញ្ហា​អាទិភាព​ផងដែរ ដែល​កើតមានឡើង​ទៅលើ​មនុស្ស​វ័យចាស់ ជនពិកា និង​ជន​ងាយ​រងគ្រោះ ដែល​សង្គមជាតិ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​។ វិទ្យាស្ថាន​ជាតិ​ស្ថិតិ ក្នុង​ឆ្នាំ​២០១៣ បាន​ព្យាករណ៍​ថា កម្ពុជា​ឆ្នាំ​២០១៥ ប្រជាជន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ មាន​ប្រហែល ១​លាន​៣​សែន​នាក់ ស្មើនឹង ៨.៣% នៃ​ប្រជាជន​សរុប ។ នៅ​ឆ្នាំ​២០៥០​ខាងមុខ ចំនួន​មនុស្ស​ចាស់​នៅ​កម្ពុជា នឹង​អាច​កើនឡើង​៣​ដង ឬ​ប្រហែលជា ៥​លាន​នាក់ ។

​តំណាង​សមាគម​មនុស្ស​ចាស់ មកពី​រាជធានី​-​ខេត្ត​ចំនួន​៦ ( ភ្នំពេញ​, ពោធិសាត់​, បាត់ដំបង​, បន្ទាយមានជ័យ​, សៀមរាប និង​ខេត្តកំពង់ធំ ) និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៨ ស្ថាប័ន​ផ្សេងទៀត ដែលជា​បណ្តាញ​មនុស្ស​វ័យចាស់​កម្ពុជា បាន​ជួបប្រជុំគ្នា​នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ស្តីអំពី “​យន្តការ​គាំទ្រ​មនុស្ស​វ័យ​ចាស់​” ដែល​កិច្ចប្រជុំ​នេះ រៀបចំ​ដោយ​អង្គការ​មនុស្ស​ចាស់​កម្ពុ​ជា សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត គាំទ្រ​ដោយ​គំរោង Voice ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ហូ​ឡង់​។​

​លោក ទុំ វី​រ៉ា នាយក​ប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុ​ជា បង្ហាញថា​៖ អង្គការ​ក្នុងស្រុក​មួយ​នេះ បានធ្វើការ​ដំបូង​គេ​ជាមួយ​មនុស្ស​ចាស់​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​សមាគម​មនុស្ស​ចាស់ ដែលជា​យន្តការ​សុវត្ថិភាព​សង្គម​មួយ​ដឹកនាំ​ដោយ​មនុស្ស​ចាស់ ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ពួកគាត់​ក្នុងថ្ងៃនេះ និង​សម្រាប់​អនាគត បំរើ​ឲ្យ​ទស្សនវិស័យ​សង្គម​មួយ​ដែលមាន​មនុស្ស​ចាស់​គ្រប់រូប​បាន​នាំមក​នូវ​ភាពថ្លៃថ្នូរ សុខភាព​ល្អ និង​សុ​វត្ថ​ភាព​ជីវិត ជាមួយនឹង​បេសកកម្ម ដែល​ត្រូវធ្វើ​ការងារ​ជាមួយ​មនុស្ស​ចាស់​ដែល​ងាយ​រងគ្រោះ ដើម្បី​ការ​បន្លឺសម្លេង អំពី​តម្រូវការ​របស់​ពួកគាត់​។​

​លោកស្រី អ៊ូ វណ្ណដា ប្រធាន​បណ្តាញ​មនុស្ស​វ័យចាស់​កម្ពុជា ពន្យល់​ឲ្យ​ដឹងថា សមាគម​មនុស្ស​ចាស់ គឺជា​យន្តការ​មួយ​បង្កើតឡើង​ដោយ​អង្គការ​សហគមន៍​មូលដ្ឋាន​ចម្រុះ​វ័យ ។ សមាគម​នេះ ត្រូវបាន​ដឹកនាំ​គ្រប់គ្រង​ដោយ​អ្នកស្ម័គ្រចិត្ត​ដែលជា​មនុស្ស​ចាស់​នៅក្នុង​ភូមិ​។ សមាគម​នីមួយៗ​មាន​សមាជិក​ពី​៥០​ទៅ​១០០​នាក់ តម្រូវ​ឲ្យ​មានការ​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល​ផងដែរ​។ សហព័ន្ធ​មនុស្ស​ចាស់ គឺជា​បណ្តាញ​មួយ​ដែល​គ្របដណ្តប់​លើ​សមាគម​មនុស្ស​ចាស់​នៅ​ថ្នាក់ស្រុក​។ នៅក្នុង​សហព័ន្ធ​មនុស្ស​ចាស់់​មួយ​ស្ថាប័ន គឺ​ត្រូវមាន​សមាគម​មនុស្ស​ចាស់​យ៉ាងតិច​ចំនួន​៦​ជា​សមាជិក នឹង​ត្រូវបាន​ចុះបញ្ជី​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​។

​លោកស្រី​ប្រធាន​បណ្តាញ ដែលជា​អតីត​បុគ្គលិក​ពេទ្យ និង​ជា​មន្ត្រី​របស់​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង តាមរយៈ​ការងារ​របស់ខ្លួន បាន​ទទួលស្គាល់ថា មនុស្ស​ចាស់​ពិតជា​រស់​នៅ​ជាមួយ​បញ្ហា​ប្រឈម​ជាច្រើន​ប្រាកដ​មែន​។​
​លោក អោ ម៉ៅ ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តសៀមរាប បាន​លើក​បង្ហាញថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​កម្ពុជា ដើម្បី​មនុស្ស​ចាស់ នៅក្នុង​ឆ្នាំ​២០១១ ដែលមាន​ក្រសួង​-​ស្ថាប័ន​ចំនួន​១៨ ជា​សមាជិក ក្នុងនោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​ប្រធាន​កិ​ត្ដិ​យស រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច ជា​ប្រធាន និង​ត្រូវបាន​បង្កើត​ឲ្យ​មាន​ផងដែរ អនុគណកម្មាធិកា​រក​ម្ពុ​ជា​ដើម្បី​មនុស្ស​ចាស់​នៅ​គ្រប់​រាជធានី​-​ខេត្ដ​។
​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​គោលនយោបាយ​សំខាន់​ចំនួន​៣ សម្រាប់​ការគាំទ្រ​មនុស្ស​ចាស់ ៖ ទី​១ គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​ចាស់ ឆ្នាំ​២០១៧-២០៣០ ដើម្បី​ឆ្លើយតប​ទៅ នឹង​ស្ថានភាព និង​តម្រូវការ​របស់​មនុស្ស​ចាស់​, ទី​២ គោលនយោបាយ​និង​យុទ្ធសាស្ត្រ​សុខាភិបាល​ជាតិ ថែទាំ​សុខភាព​មនុស្ស​ចាស់​ឆ្នាំ​២០១៦ និង​ទី​៣ ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​។ មនុស្ស​ចាស់​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ក្រុម​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ និង​មានការ​កោតសរសើរ ចំពោះ​ការចូលរួមចំណែក​ដ៏​មានតម្លៃ​របស់​ពួកគាត់ ចំពោះ​សហគមន៍ និង​សង្គមជាតិ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​