សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​បច្ច័យ​ជាង​៤​លាន​រៀល និង​ទេយ្យវត្ថុ ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ទេព​ពោធិ​វង្ស ក្រុង​សៀមរាប អំឡុង​ពិធី​ដាក់​បិណ្ឌ​វេន​ទី​៨

​សៀមរាប​៖ នា​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោកជំទាវ ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សមាជិក​សមាជិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួម​និង​មន្ត្រីរាជការ ពុទ្ធបរិស័ទ​ជាច្រើនរូប បាន​អញ្ជើញ​ដាក់​បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ថ្មី ព្រមទាំង​វេរ​ប្រគេន​បច្ច័យ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចំនួន ៤​លាន ៧៧​ម៉ឺន​រៀល និង​ទេយ្យវត្ថុ​មួយចំនួន ដល់​ព្រះសង្ឃ ក្នុងឱកាស​នោះ​ផងដែរ​។​

​មានប្រសាសន៍​នាពេលនោះ លោកជំទាវ ទាង អេង ទៀ សីហា បង្ហាញថា «​ភ្ជុំបិណ្ឌ​» ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ផ្សេងៗ​ទៀត​។ ពិធីបុណ្យ​នេះដែរ តែងតែ​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព ដែលជា​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​។ ក្នុងនោះដែរ វិស័យ​ពុទ្ធចក្រ ក៏មាន​ការរីកចម្រើន និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន នាពេល​បច្ចុប្បន្ន​។

​លោកជំទាវ ក៏បាន​បញ្ជាក់ថា ការ​ប្រគេន​ទេយ្យទាន​ទាំងអស់នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បដិបត្តិ​ធម៌​របស់​ព្រះសង្ឃ​ក្នុង​ទី​អារាម ខណៈ​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា បាននិងកំពុង​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​.១៩ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ក្នុង​ជីវភាព​ពុទ្ធបរិស័ទ និង​ចង្ហាន់​ព្រះសង្ឃ​ប្រចាំថ្ងៃ​ជាដើម​។ ជាមួយគ្នា​នោះ លោកជំទាវ បាន​ក្រើនរម្លឹក​ដល់​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់ មិនត្រូវ​ធ្វេសប្រហែស​ពី​ការការពារ​ខ្លួន​ពី​ជ​ជំងឺ​កូ​វីដ​១៩​ឡើយ ព្រោះ​ជំងឺ​នេះ​នៅ​បន្ត​ឆ្លង​រីក​រាលដាល​លើ​ពិភពលោក​នៅឡើយ ទោះបី​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​យើង​មាន​តិចក្តី តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង ត្រៀម​ទប់ស្កាត់​គ្រប់ពេលវេលា ដោយ​ត្រូវធ្វើ​អនាម័យ​ដៃ​ឲ្យ​បានជា​ប្រចាំ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង ក្រុមគ្រួសារ ក៏​ដូច​ក្នុង​សហគម​ផងដែរ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​