វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជូនដល់គណៈកម្មាធិការឆ្លើយតបនឹងអំពើហិង្សា ទាក់ទងនឹងយេនឌ័រដល់អ្នកពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ លោកជំទាវ ញៀណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍសង្គមនៃក្រសួងកិច្ចការនារី និងលោកជំទាវ ខៀវ សាមួន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសនៃក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហឹង្សា ទាក់ទងនឹងយេនឌ័រ អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល គោលការណ៏ណែនាំ ស្តីពីការបញ្ជូនស្រ្តី និងក្មេងស្រី ដែលជាជនរងគ្រោះដោយអំពើហឹង្សាទាក់ទង នឹងយេនឌ័រ និង ការគ្រប់គ្រងករណី ។ ក្នុងគោលបំណងលើកកម្ពស់ជំនាញរបស់អ្នកផ្ដល់សេវា ដើម្បីការអនុវត្តល្អក្នុងការគ្រប់គ្រងទិន្នន័យ និងបញ្ជូនស្រ្តី ដែលជាជនរងគ្រោះដោយអំពើហឹង្សាទាក់ទងនឹងយេនឌ័រ។

ក្នុងនោះមានការអញ្ជើញចូលរួមពី លោកស្រី ថន គឹមស្រ៊ន់ ប្រធានមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារ (GBV) តំណាងអង្គការ យូអិនអេហ្វភីអេ (UNFPA) ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ហើយ វគ្គបណ្តុះបណ្តាលនេះ មានការគាំទ្រ ពីគម្រោង កម្មវិធីសហប្រតិបត្តិការ អូស្ត្រាលី-កម្ពុជាដើម្បីការផ្ដល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS ) និងកិច្ចសហការផ្សព្វផ្សាយដោយមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោកជំទាវ ខៀវ សាមួន មានប្រសាសន៍ស្វាគមន៍ និងគាំទ្រចំពោះមន្ទីរកិច្ចការនារីដែលបានសហការជាមួយក្រសួងកិច្ចការនារីអង្គការដៃគូអភិវឌ្ឍន៍រៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់ដែលមានរយៈពេល ២ថ្ងៃនេះ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពជូនដល់គណៈកម្មាធិការឆ្លើយតបនឹងអំពើហិង្សា ទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត របស់ខេត្តត្បូងឃ្មុំ ក្នុងការផ្ដល់សេវាប្រឹក្សាយោបល់ ផ្ដល់សេវាការពារផ្នែកផ្លូវច្បាប់ កិច្ចអន្តរាគមន៍នានា ដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សា គ្រប់ទម្រង់ប្រកបដោយប្រសិទ្ធភាព ។

លោកជំទាវ ញៀន សុចិត្រា បានមានប្រសាសន៏ថា វគ្គបណ្តុះបណ្តាល ដែលបានរៀបចំឡើងនាពេលនេះ គឺ ដើម្បីចូលរួមបង្កើនជំនាញក្នុងការគ្រប់គ្រង ទិន្នន័យ ដោយផ្តោតលើគោលការណ៏ យកចិត្តទុកដាក់ លើជនរងគ្រោះ និងបញ្ជូនជនរងគ្រោះលើគោការណ៍បញ្ជូន និងសិក្សាអំពីការចុះបញ្ជីករណី ទម្រង់បញ្ជូននិងការប្រមូលទិន្នន័យ ដល់មន្ត្រីរបស់មន្ទីរកិច្ចការនារីខេត្ត ក៏ដូចជាក្រុមការងារក្នុងវិស័យឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័ររបស់ខេត្តត្បូងឃ្មុំ ។

លោកជំទាវ បន្តថា អំពើហិង្សាលើស្ត្រីនិងក្មេងស្រី ជាអំពើរំលោភសិទ្ធិមនុស្ស ជាពិសេសរំលោភសិទ្ធិស្ត្រីនៅក្មេងស្រី ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ហើយស្ត្រីមួយចំនួនមានការខ្មាស់អៀន តាមរយៈកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ នៅឆ្នាំ ២០១៥ នៅសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្ដេជ្ញាចិត្ត បញ្ឈប់រាល់អំពើហិង្សាលើស្ត្រី នៅបង់ការលើកកម្ពស់សមភាពយេនឌ័រ នៅកម្ពុជា។
ជាពិសេសផែនការសកម្មភាព របស់ជាតិ ទាក់ទងនិងយេនឌ័រ គឺចូលរួមដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី តាមរយៈ យុទ្ធសាស្ត្រ យន្តការជាច្រើន ដើម្បីជាការឆ្លើយតប ចំពោះអំពើហិង្សាអន្តរក្រសួងគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ទាំងអស់ ។

លោកជំទាវ ក៏បានស្នើ ដល់ សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបន្តអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ កុំអោយមានការ ចូលរួម ក្នុងសកម្មភាព របស់ក្រុមជនអគតិមួយចំនួន ដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់ស្ថេរភាពសង្គម និងជាពិសេស ត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នូវរលកទី ២ នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍កម្ពុជា និងសូមប្រកាសបើកបណ្ដុះបណ្ដាល នាពេលនេះ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ