គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ជំរុញ​ឲ្យ​បណ្ដា​ខេត្ត​នីមួយៗ ចងក្រង​ផ្សព្វផ្សាយ​គោលការណ៍​ដល់​សមាជិក​ភូមិ​មួយ​ផលិតផល​មួយ !

​សៀមរាប​៖ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ អគ្គលេខាធិការដ្ឋាន នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ មាន​រៀបចំ​កិច្ចប្រជុំ ស្តីពី​ការចុះ​តាមដាន​ការងារ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដើម្បី​ពិភាក្សា និង​ផ្សព្វផ្សាយ​គោលការណ៍​ចងក្រង សមាជិក​ភូមិ​មួយ​ផលិតផល​មួយ ក្នុង​ខេត្តសៀមរាប​។​

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម​ផល សុជាតិ អគ្គលេខាធិការរង បាន​បង្ហាញថា​៖ ភូមិ​មួយ​ផលិតផល​មួយ សំដៅ​ដល់​ផលិតផល​របស់​ខ្មែរ​ទាំងឡាយណា ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដោយ​ផលិតករ​ដាក់ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​ភូមិ​មួយ​ផលិតផល​មួយ តាមរយ​:​ក្រុមការងារ គណៈកម្មាធិការ​ខេត្ត ព្រមទាំង​មានការ​ចុះទៅ​សម្ភាសន៍​ប្រមូល​ព័ត៌មាន បន្ទាប់មក​ទើប​គណៈកម្មាធិការ ធ្វើការ​វាយតម្លៃ​លើ​លក្ខណៈវិនិច្ឆ័យ​អំពី​ផលិតផល​ណាមួយ​នោះ ថា​តើ​សមស្រប​អាច​ទទួលយក​ជា​សមាជិក​បាន​ឬក៏​យ៉ាងណា​។​

​ឯកឧត្តម បញ្ជាក់ថា សមាជិក​ដែល​បានទទួល​ស្គាល់​នេះ ត្រូវបាន​ជួយ​គាំទ្រ ពី​អង្គការ​ដៃគូ អ្នកជំនាញ​ទាំង​ក្នុង និង​ក្រៅប្រទេស​នានា ដើម្បី​ជួយ​ពង្រឹង​ដល់​ប្រជាកសិករ​ក្នុង​សហគមន៍ តាមរយៈ​ការបណ្តុះបណ្តាល​បច្ចេកទេស​ដាំ​ដុះ បច្ចេកទេស​ផលិត ជួយ​រក​ទីផ្សារ និង​ឱ្យ​ពួកគាត់​យល់ដឹង​បន្ថែម​ទៅលើ​ការគ្រប់គ្រង​អាជីវកម្ម​។ ទាំងអស់នេះ វា​បាន​ចូលរួម​កាត់បន្ថយ ការ​នាំចូល​ទំនិញប្រើប្រាស់​មួយចំនួន ពី​បរទេស ដែលជា​គោលដៅ​មួយ​មិន​ត្រឹមតែ​ជួយ​កំណើន​សេដ្ឋកិច្ចជាតិ ឬ​កំណើន​ម៉ាក្រូសេដ្ឋកិច្ច​នោះទេ ប៉ុន្តែ​វា​បាន​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​គ្រួសារ​ផងដែរ​។​

​ឯកឧត្តម បាន​សង្កត់ធ្ងន់ថា​៖ ជា​ទិសដៅ​សម្រាប់​ចុងឆ្នាំ​២០២០ នៅតាម​បណ្ដា​ខេត្ត​នីមួយៗ ធ្វើយ៉ាងណា ត្រូវ​ចងក្រង ផលិតផល របស់​សមាជិក នៃ​ភូមិ​មួយ​ផលិតផល​មួយ ចន្លោះ ពី​១០ ទៅ​១៥​ផលិតផល​។ ចលនា​នេះ ទាមទារ​ឱ្យមាន​ការចូល​រួមជាមួយ​ក្រសួង ស្ថាប័ន អង្គភាព មន្ទីរ​ពាក់​ព័​ន្ឋ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ប្រជាកសិករ ក្នុង​សហគមន៍​តាម​មូលដ្ឋាន​។ ក្នុងនោះ ការជំរុញ​សមាជិក​ទាំងអស់​ត្រូវ​ជួយ​ធ្វើការ​កែលម្អ ជំរុញ​កែច្នៃ​សក្តានុពល ធនធាន​ក្នុង​គ្រួសារ និង​ក្នុង​សហគមន៍​របស់​ប្រជាកសិករ ដើម្បី​ពួកគាត់ ប្រែក្លាយ​ផលិតផល​ដែលមាន​ក្នុង​មូលដ្ឋាន​ឱ្យទៅជា​ទំនិញ ដែល​អាច​ទាញយក​ផល​កម្រៃ​នៅលើ​ទីផ្សារ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​