រដ្ឋបាល​ខេត្តសៀមរាប បន្ត​ពិធី​កាន់បិណ្ឌ​វេន​ទី​៧ ចំនួន ២​វត្ត​ទៀត​ព្រឹក​នេះ នៅក្នុង​ក្រុង​សៀមរាប !

​សៀមរាប​៖ សម្រាប់​ពិធី​កាន់បិណ្ឌ​វេន​ទី​៧ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ា​ន ឃុន សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​ឯកឧត្តម អុ​ឹ​ង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដឹកនាំ​ប្រតិភូ មន្ត្រីរាជការ រៀបចំ​ពិធី​កាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​ចំនួន​២ រួមមាន​: វត្ត​ព្រះឥន្ទ​កោ​សី​យ៍ និង​វត្ត​ពុទ្ធ​ស្ថាន​នគ​រាជ ធម្ម​មេត្តា ស្ថិតនៅក្នុង​ក្រុង​សៀមរាប​។​

​មតិ​សំណេះសំណាល ជាមួយ​មន្ត្រីរាជការ ពុទ្ធបរិស័ទ នាឱកាស​នោះ លោក ពិន ប្រាកដ លើកឡើងថា​៖ ពិធី​បុ​ណ្ត​នេះ គឺជា​អភិ​ល​ក្ខិ​ត​(​អៈភិ​ល័ក​-​ខិ​តៈ​) ជា​សម័យ​ដ៏​បវរ ដែល​ពុទ្ធសាសនិកជន តែងតែ​ប្រារព្ធ​ធ្វើ​មិន ដែល​អាក់ខាន​ឡើយ គឺ​ចាប់​ពីថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ​។ បុណ្យ​ភ្ជុំបិណ្ឌ មានកំណើត​កើតឡើង​តាំងពី​សម័យ​ពុទ្ធកាល មកម្ល៉េះ តែ​កាល​នោះគេ​មិន​ហៅថា​បុណ្យ​ភ្ជុំបិណ្ឌ​នោះទេ តែ​ជា​បុណ្យ​វេរ​បច្ច័យបួន ប្រគេន​ចំពោះ​ព្រះសង្ឃ​ពេញ​ក្នុង​រយៈពេល​នៃ​ការ​ចូលកាន់​ព្រះវស្សា​។ ឈ្មោះថា​ពិធីបុណ្យ​កាន់បិណ្ឌ ឬ​ដាក់​បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវបាន​បង្កើតឡើង នៅក្នុង​រាជ្យ ព្រះបាទ​អង្គឌួង និង​កំណត់​យក​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥ ខែភទ្របទ ។

​បុណ្យ​ដាក់​បិណ្ឌ ឬ​កាន់​វេន ដែល​បាន​កើតឡើង​ក្នុង​ពេលនេះ គឺជា​ទាន​ដ៏​ប្រសើរ​ថ្លៃថ្លា ផុស​ចេញពី​ទឹកចិត្ត​ដ៏​ជ្រះថ្លា​បរិសុទ្ធ​នៃ​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ចំណុះ​រដ្ឋបាលខេត្ត ដែល​បាន​មូលមតិ​គ្នា​ជា​ឯក​ច្ឆ័​ន្ធ បរិច្ចាគ​សទ្ធា ទំនុកបម្រុង​បច្ច័យ​៤​ចំពោះ​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​។​

​គោលបំណង​សំខាន់​នៃ​ពិធី​កាន់បិណ្ឌ​នេះ ទី​១ គឺ​ដើម្បី​តប​សងគុណ ឧទ្ទិស​កុសល​ទៅដល់​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​, ទី​២ គឺ​ដើម្បី​ទាញយក​ផល​អា​និ​សង្ឃ ដែល​កើតចេញពី​កិរិយា​សាង​កុសល សន្សំ​សេចក្តីសុខ សេចក្តីចម្រើន ជា​ប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង និង​បាន​ទៅដល់​អ្នកមានគុណ​ផង និង​ទី​៣ ដើម្បី​បង្កើត​សាមគ្គីធម៌​នៃ​ប្រជា​ពុទ្ធបរិស័ទ ព្រោះថា​ពិធី​កាន់​វេន ឬ​ភ្ញុំ​បិណ្ឌ ពុំ​អាច​ធ្វើឡើង​ដោយ​បុគ្គល​ម្នាក់ឯង​បាន​នោះទេ គឺ​រមែងតែងតែ​មានកា​រ​ចូលរួម​ពី​សំណាក់​ពិ​ទ្ធ​បរិស័ទ​ចំណុះជើងវត្ត​ជិត​ឆ្ងាយ​ផងដែរ ហើយ​កាន់​តែមាន​អត្ថន័យ​ដ៏​ប្រពៃ​នោះ ពិធីបុណ្យ​នេះ​ក៏​ជា​ឱកាស​ផ្សាភ្ជាប់​កាន់តែ​រឹងមាំ​ថែមទៀត រវាង​វិស័យ​អាណាចក្រ​និង​វិស័យ​ពុទ្ធចក្រ​។​

​ឆន្ទៈ​ទាំងបី​នេះហើយ ដែលជា​មូលហេតុ​ដ៏​សំខាន់ ក្នុង​ការជួយ​ជំរុញ​ឲ្យ​មហាកុសល​ចេតនា នៃ​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាលខេត្ត ផ្តើមធ្វើ​បុណ្យ ក្នុង​ពេលនេះ​។ ក្នុង​១​វត្តៗ ដែល​ត្រូវបាន​វេរ​ប្រគេន​ចំពោះ​ព្រះសង្ឃ រួមមាន​ទយ្យ​វត្ថុ និង គ្រឿងឧបភោគ​បរិភោគ សរុប​ចំនួន​១១​មុខ និង បច្ច័យ​២​លាន​រៀល​។ សីល​វ័​ន្ត សីលវន្តី ចំនួន​៥០​នាក់ ម្នាក់ៗ ទទួល​បានជា​ទាន នូវ​ក្រណាត់ស ១​ដុំ និង​ថវិកា​១​ម៉ឺន​រៀល​ផងដែរ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​