អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តត្បូងឃ្មុំរួមគ្នាផ្សព្វផ្សាយ និងណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ខិតខំបន្តអនុវត្តន៍ការងារឲ្យកាន់តែល្អសម្រាប់ផែនការឆមាសទី២ ឆ្នាំ២០២០

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គន់ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីសមាជិកគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន និងតំណាងតុលាការ និងព្រះរាជអាជ្ញារអមសាលាដំបូងខេត្តត្បូងឃ្មុំ។

មានប្រសាសន៍ក្នុងឳកាសនោះ ឯកឧត្តម គន់ សុភា បានលើកឡើងថាផ្អែកតាមផែនការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅវិធានការ ចំនួន ៥ រួមមាន វិធានការអប់រំ វិធានការរដ្ឋបាល វិធានការអនុវត្តច្បាប់ វិធានការព្យាបាលស្ដារនីតិសម្បទា និងសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការផ្សព្វផ្សាយ តាមផេក វេបសាយ វិទ្យុ និងទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ជាមួយនឹងការចុះត្រួតពិនិត្យក្នុងពេលបើកបរ តាមភោជនីយដ្ឋាន កន្លែងអាជីវកម្មនានា មធ្យោបាយដឹកជញ្ជូន នឹងឆ្លងដែនគ្រប់ប្រភេទ ដែលបានជំរុញកិច្ចប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀននៅគ្រប់មូលដ្ឋានទូទាំងខេត្ត បានអនុវត្តយ៉ាងសកម្មនូវផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម គន់ សុភា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា លទ្ធផលនៃការអនុវត្តប្រកបដោយជោគជ័យនេះ គឺអាស្រ័យដោយមានការកសាងផែនការសកម្មភាពជាក់លាក់ ជាត្រីវិស័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការតម្រង់ទិសដោយផ្ទាល់ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដោយមានការចូលរួមយ៉ាងសកម្មផុសផុល តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដឹងជាពិសេសគ្រប់មន្ទីរអង្គភាពរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរួមគ្នាអនុវត្តទទួលបានប្រសិទ្ធភាពខ្ពស់ ។

នាឱកាសនោះ លោកជំទាវឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៏ថា ដំណើរការដឹកនាំអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៥ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យ ឈា
នទៅកាត់បន្ថយ និងលុបបំបាត់ឲ្យបាននូវបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ។

លោកជំទាវឧត្តមសេនីយ៍ឯក ក៏បានផ្ដាំផ្ញើដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រី្តសុខាភិបាល (ក្នុងការព្យាបាលបន្សាបអ្នកដែលរងផលប៉ះពាល់ពីសារធាតុញាណ ) ដោយត្រូវបន្តយកចិត្តទុកដាក់ អនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត បន្តពង្រឹងនិងពង្រីកកិច្ចសហការ និងចលនាឲ្យមានការចូលរួមគាំទ្រ ពីគ្រប់សមាសភាពនៃសង្គម ជាពិសេសកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវបង្កើនពង្រឹងនិងយកចិត្តទុកដាក់ជំរុញការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ជាពិសេស គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ។

លោកជំទាវឧត្តមសេនីយ៍ឯក ជ័យ បុប្ផា ក៏បានស្នើដល់គ្រប់អង្គភាព ជាពិសេស រដ្ឋបាល ក្រុង/ស្រុក ឃុំ/សង្កាត់ បន្តយកចិត្តទុកដាក់ និងបង្កើនការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រាល់សកម្មភាពទាំងអស់ នៅមូលដ្ឋាន រួមទាំងកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀនផង ទៅតែផ្សារភ្ជាប់នឹងគិតគូរខ្ពស់ពីវិធានសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាសហគមន៍ និងរលកទី ២ នៃជំងឺកូវីដ-១៩៕