រដ្ឋបាលខេត្តរតនគិរី ធ្វើវេទិកាពិគ្រោះយោបល់ ស្តីពី កម្មវិធីវិនិយោគបីឆ្នាំ រំកិល២០២១-២០២៣

(រតនគិរី)៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាលខេត្ត។ វេទិកាដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៩ លោក លោកស្រីតំណាងអង្គការសង្គម ស៊ីវិល និងក្រុមការងារកសាងផែនការខេត្តជាច្រើនរូបទៀតផងដែរ។

មានប្រសាសន៍បើកវេទិកាពិគ្រោះយោបល់ ឯកឧត្តម លន់ សុភាព បានលើកឡើងថា រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មមុខងារ សិទ្ធអំណាច ធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក ទៅឲ្យរដ្ឋបាលក្រុង-ស្រុក អនុវត្តក្នុងនាមរាជរដ្ឋាភិបាល។ ដូច្នេះរដ្ឋបាលខេត្តមានតួនាទីភារកិច្ចដឹកនាំ ណែនាំ សម្របសម្រួល គាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ រដ្ឋបាលក្រុង-ស្រុក ដើម្បីធានាឲ្យរដ្ឋបាលក្រុង-ស្រុក គ្រប់គ្រងចាត់ចែង និងអនុវត្តមុខងាររបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។

ឯកឧត្តមបន្តថា វេទិកាពិគ្រោះយោបល់នេះមានគោលបំណងបង្ហាញនូវតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្សុីគ្នានឹងតម្រូវការអភិវឌ្ឍន៍ ដើម្បីផ្សព្វផ្សាយនិងកៀរគរ រកធនធានថវិកាពីមន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាដើម្បីឈានដល់ការឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ តាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំ ២០២១-២០២៣ របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មានសំណើគម្រោងកម្មវិធីវិនិយោគខេត្ត សំណើគម្រោងវិនិយោគក្រុង-ស្រុក និងសំណើគម្រោងវិនិយោគឃុំ-សង្កាត់ ជាច្រើនគម្រោង ដែលជាតម្រូវការ ជាអាទិភាព និងកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២១ ដែលទាមទារឲ្យមានការចូលរួមគាំទ្រពីមន្ទីរ-អង្គភាពជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា សហការរួមគ្នាដោះស្រាយ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី