ឯកអគ្គរាជទូត​អូស្ត្រាលី ៖ គ្រប់យ៉ាង​នៃ​វិធានការ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ពិតជា​ធ្វើបាន​ល្អប្រសើរ !

​សៀមរាប​៖ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកអគ្គរាជទូត​អូស្ត្រាលី នៅតាម​បណ្តា​ខេត្ត​ច្រកព្រំដែន​កម្ពុជា​-​ថៃ មកដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក​ឡាញ់ ខេត្តសៀមរាប​បានបង្ហាញ​នូវ​ការ​វាយតម្លៃថា កម្ពុជា​ធ្វើបាន​ល្អ ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩ មិន​ឲ្យ​មាន​ការរីក​រាលដាល​ក្នុង​សហគមន៍ !

​ឯកឧត្តម ផា​ប្លូ កាង ( Pablo Kang ) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា វាយតម្លៃថា កម្ពុជា​មានការ​គ្រប់គ្រង ការពារ និង​ទប់ស្កាត់​បានល្អ មិន​ឲ្យ​កូ​វីដ​-១៩ ហូរ​ចូលទៅក្នុង​សហគមន៍ ហើយ​បន្ត​ការប្រុងប្រយ័ត្ន​បាន​យ៉ាង​ហ្មត់ចត់ មិនមាន​ការធ្វេសប្រហែស​នោះឡើយ​។ ឯកឧត្តម​បានលើកឡើង​យ៉ាង​ដូច្នេះ នា​រសៀល​ថ្ងៃទី​០៨ ខែកញ្ញា​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ដំណើរ​ទស្សនកិច្ច​នេះ ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​ប្រតិភូ​ទូត​អូស្ត្រាលី ដើម្បី​នាំយក​នូវ​មូលនិធិ​សម្រាប់​ការបណ្តុះបណ្តាល​មន្ត្រី​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ( IOM ) នៅ​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ និង​ផ្តល់​បាន​សម្ភារ​:​ការពារ​ជំងឺ​កូ​វីដ​-១៩ ដល់​ក្រុមការងារ សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ធ្វើ​ចំណូលស្រុក​វិញ​មកពី​ប្រទេស​ថៃ​។ មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្រឡាញ់ មាន​ចំណែក​មួយ​ដែល​គាំទ្រ​ដោយ​អង្គការ IOM ។​

​ឯកឧត្តម ក៏បាន​រំលឹក​ដែរ​ថា ជាការ​ចងចាំ​មិនអាច​បំភ្លេចបាន​នោះ គឺ​អ្នកទេសចរ​ជនជាតិ​អូស្ត្រាលី​ចំនួន​៨១​នាក់ ដែល​ជាប់​នៅលើ​នាវា​វេស​ស្ទឺ​ដាម បាន​រួច​ផុតពី​ក្តី​ព្រួយបារម្ភ​គ្រោះថ្នាក់ ហើយ​បាន​ជាន់​លើ​ទឹកដី​កម្ពុជា​នៅ​ខេត្ត​ព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព នឹង​បាន​បន្តដំណើរ​ទៅ​ជួបជុំ​គ្រួសារ​នៅ​ស្រុកកំណើត​វិញ ដោយសារតែ​បេះដូង​មនុស្សធម៌ នៃ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​
​ការព្រួយបារម្ភ​អំពី​ការ​សាយភាយ​នៃ​វា​រុស​កូ​វីដ​-១៩ វា​ជា​ទម្ងន់​នៃ​ការចាត់វិធានការ​ទប់ស្កាត់ ក៏ប៉ុន្តែ​កម្ពុជា​បាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ការបង្ហាញ​តួលេខ​ពិតប្រាកដ​ប្រចាំថ្ងៃ និង​ការ​ក្រើនរំលឹក​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ជាប្រចាំ គឺជា​វិធីសាស្ត្រ​ដ៏​សំខាន់ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួលបាន​នូវ​ការយល់ដឹង និង​រួមគ្នា​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍​។ អូ​ស្រា្ត​លី​រួម​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុ​ជាជាង​២០​ឆ្នាំ​កន្លងមកហើយ ជាពិសេស​ក្នុង​កាលៈទេសៈ​នេះ អូ​ស្រា្ត​លី​កាន់តែ​ត្រូវបាន​យកចិត្តទុកដាក់ បន្ត​រួម​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ​-១៩​។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត អនុប្រធាន​គណ​:​កម្ម​ការប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ​-១៩​ខេត្តសៀមរាប មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​រប​ស់ឯក​អគ្គរាជទូត​អូស្ត្រាលី​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្រឡាញ់ គឺជា​ការបង្ហាញ​នូវ​ការ​រឹតចំណង​ការទូត​កាន់តែ​រឹងមាំ​បន្ថែមទៀត​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា អូស្ត្រាលី​។
​ពាក់ព័ន្ធ​ទៅនឹង​ការបើក​សាលា​ឲ្យ​សិស្ស​ចូលរៀន​វិញ​នោះ លោក​បញ្ជាក់​ឲ្យ​ដឹងថា ក្នុង​ភាព​ធូរស្រាល​នាពេល​បច្ចុប្បន្ននេះ ការ​បើ​ទ្វារ​សាលា​ត្រូវបាន​ដំណើរការ​ជា​បណ្តើរៗ​វិញ ដូច្នេះ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដែល​បានរៀបចំ​នៅក្នុង​សាលារៀន​មួយចំនួន​នោះ រដ្ឋបាលខេត្ត​កំពុង​ពិចារណា​ផ្លាស់ប្តូរ​ទីតាំង ដើម្បី​ទំនុកចិត្ត​របស់​សិស្ស និង​មាតាបិតា​សិស្ស​។​

​គួរ​បញ្ជាក់ដែរថា ខេត្តសៀមរាប ចាប់​គិតពី​ថ្ងៃទី​១០ ខែមីនា មកដល់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ​ធ្វើ​ចំណូលស្រុក​មកពី​ក្រៅប្រទេស​សរុប ជាង ១​ម៉ឺន ៧​ពាន់​នាក់ ក្នុង​នេះដែរ​ស្រុក​ក្រឡាញ់ មាន​ចំណូលស្រុក​ចំ​នួ​នួន ៩៦៦​នាក់ បាន​ឆ្លងកាត់​ការធ្វើ​ច​ត្ត​ឡី​ស័ក​១៤​ថ្ងៃ ចំនួន ៩៤៨​នាក់ នៅសល់ ២៩​នាក់​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​