មន្ទីរ​សង្គមកិច្ច​ខេត្តសៀមរាប និង​អង្គការ​ឡុ​ត​ទុ​ស វើ​ល នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ក្រ​១ និង​ក្រ​២ ៦០​គ្រួសារ ក្នុងស្រុក​សូទ្រនិគម !

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្តសៀមរាប សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ ដែលជា​ការឧបត្ថម្ភរ​បស់​ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា ក​យ កា​(Koica) តាមរយៈ​អង្គការ​ឡុ​ត​ទុ​ស វើ​ល (Lotus World) ខេត្តសៀមរាប ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ កម្រិត​ក្រ​១ និង​ក្រ​២ ចំនួន​៦០​គ្រួសារ​។​

​តាម​របាយការណ៍​លោក សោម អោម មេឃុំ​ពពេល បញ្ជាក់ថា ក្នុង​ឃុំ​របស់លោក មាន​ភូមិ​សរុប​ចំនួន​១៣ ប្រជាពលរដ្ឋ​ដែល​ទទួលបាន​អំណោយ​នៅថ្ងៃនេះ សុទ្ធសឹង​ជា​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា ជាពិសេស​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ហើយ​ប្រជាពលរដ្ឋ​ទាំង​៦០​គ្រួសារ​នេះ រួមមាន ក្រ​កម្រិត​១ មាន​ចំនួន ៤៩​គ្រួសារ និង​ក្រ​កម្រិត​២ មាន​ចំនួន ១១​គ្រួសារ​។​

​លើកឡើង​ក្នុងឱកាស​នោះ ព្រះ​ភិក្ខុនី សាន់ មូ​ន ប្រធាន​អង្គការ ឡុ​ត​ទុ​ស វើ​ល បង្ហាញថា តាមរយៈ​ជំនួយ​របស់ ក​យ កា​(Koica) នឹងធ្វើ​ការឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​ខេត្តសៀមរាប អំឡុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ សរុប​ចំនួន ៥០០​គ្រួសារ រយៈពេល​៥​ខែ គឺ​ចាប់ពី​ខែសីហា ដល់ ខែធ្នូ ឆ្នាំ​២០២០ ដោយ​ក្នុង​មួយខែ​ម្ដង ហើយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្គរ ៣២​គ​.​ក និង​គ្រឿង​ឧបភោគបរិភោគ​មួយកញ្ចប់​ផងដែរ​។​

​ព្រះអង្គ បញ្ជាក់ថា ដោយសារតែ ម្ចាស់​គម្រោង​បានសម្រេច​ផ្ដល់ជំនួយ នៅ​ចុងខែ​សីហា ទើប​ការនាំយក​អំណោយ​មក​នា​ពេលនេះ​មានការ​យឺតយ៉ាវ​។ ទោះជា​យ៉ាងណាក៏ដោយ អង្គការ​បានធ្វើ​ការចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​សម្រាប់​លើក​ទី​១ ចំនួន​២​ខែ​តែម្ដង គឺ​សម្រាប់​ខែសីហា និង​ខែតុលា​។ ជាក់ស្ដែង ប្រជាពលរដ្ឋ​៦០​គ្រួសារ​នៅពេលនេះ ទទួលបាន អង្ករ ៦៤​គ​.​ក និង​គ្រឿង​ឧបភោគបរិភោគ​ចំនួន ២​កញ្ចប់​។ អំណោយ​នេះដែរ ក្រុមការងារ​អង្គការ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន នឹង​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​ឃុំ​សង្កាត់​គោលដៅ​ជា​ដំណាក់កាល​បន្ថែមទៀត ដើម្បី​បញ្ចៀស​ការជួបជុំ​មាន​ចំនួន​ច្រើន ដែល​ផ្ទុយ​ពី​ការ​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល និង​អាជ្ញាធរខេត្ត​។​

​ជាមួយ​នោះ លោក អោ ម៉ៅ មន្ទីរ​សង្គមកិច្ច​ខេត្តសៀមរាប លើកឡើងថា ដោយមាន​ការយកចិត្ត​ទុក​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល ជាពិសេស ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ការពារ និង​ទប់ស្កាត់​មិន​ឲ្យ​មាន​បាត់​ជីវិត​ប្រជាពលរដ្ឋ ក្នុង​ជំងឺ​កូ​វីដ​-១៩​។ លោក​ក៏បាន បាន​ថ្លែងអំណរគុណ ដល់ ក​យ កា​(Koica) និង​អង្គការ​ឡុ​ត​ទុ​ស វើ​ល ដែល​តែងតែ មាន​កិច្ចសហការ​ល្អជា​មួយ អង្គភាព​របស់លោក រួម​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ផ្ដល់ជូន​នូវ​អំណោយ​សប្បុរសធម៌​ជូន​ដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត នាពេល​កន្លងមក រហូតដល់​បច្ចុប្បន្ន​។
((​សំឡេង លោក អោ ម៉ៅ ))

​ទន្ទឹម​នោះ លោក​ប្រ​ធា​មន្ទីរ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ប្រុងប្រយ័ត្ន ការធ្វើ​អនាម័យ​ឲ្យ​បាន​ទៀងទាត់ ដោយ​លាងដៃ​នឹង​សាប៊ូ អាកុល ឬ​ជែ​ល និង​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងហោចណាស់ ១​ម៉ែត្រ​កន្លះ នៅពេល​មានការ​ជួបជុំ ព្រមទាំង​ពាក់​ម៉ាស​ផងដែរ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩​។ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​