រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃការអនុវត្តអនុសញ្ញា ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) 

(រតនគិរី)៖ នៅសាលប្រជុំសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ មានបើកកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃការអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារី ភេទ(CEDAW) ការអនុវត្តច្បាប់ និងគោលនយោបាយពាក់ព័ន្ធ ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី(ក.ជ.ក.ស.) និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត។

ឯកឧត្តម ថង សាវុន បានមានប្រសាសន៍ លើកឡើងថា គោលបំណងនៃការបើកកិច្ចប្រជុំពិភាក្សាថ្ងៃនេះ គឺយោងតាមតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ឲ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី(ក.ជ.ក.ស.) ចុះតាមដានវាយតម្លៃ ប្រចាំឆ្នាំនៅថ្នាក់ក្រោមជាតិដែលត្រូវបានអនុវត្តជារៀងរាល់ពីរឆ្នាំម្ដង ដោយកំណត់យកខេត្តគោលដៅ និងស្នើសុំពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សាលាដំបូងខេត្ត ស្នងការ នគរបាលខេត្ត និងអង្គការសង្គមស៊ីវិលដែល ពាក់ព័ន្ធនឹងស្ត្រី ដើម្បីពិនិត្យរួមគ្នានូវការអនុវត្តច្បាប់ជាតិគោលនយោបាយ និងអនុសាសន៍ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ក្នុងការធ្វើឱ្យប្រសើរឡើងស្ថានភាព ជីវភាព ឋានៈតួនាទី និងសុខមាលភាពស្ត្រីក្នុងខេត្តនីមួយៗ។ ខំស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាសម្រាប់ស្ត្រី និងទទួលបាន ព័ត៌មានជាក់លាក់ដើម្បីជាមូលដ្ឋានក្នុងការបូក សរុបរបាយការណ៍លទ្ធផលដែលសម្រេចបាន ដោយមន្ទីរអង្គភាពពាក់ព័ន្ធ។ លើកអនុសាសន៍ ចាំបាច់ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។

ឯកឧត្តមបានបន្តថា ក្រោមម្លប់សន្តិភាពដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ឃើញ ថាស្ត្រីក្នុងផ្នែកនានាកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។ ហើយបច្ចុប្បន្ន ស្ត្រីកម្ពុជាមានកាលានុវត្តភាពក្នុងការពង្រីកចំណេះដឹង ជំនាញបច្ចេកទេស និងបទពិសោធន៍ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការចូលរួមចំណែកធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់ថ្នាក់នៃរដ្ឋបាលនីមួយៗ។ ហើយមន្ទីរជំនាញពាក់ព័ន្ធជាច្រើន អាចនឹងផ្ដល់នូវធាតុចូលសំខាន់ៗបន្ថែម ដើម្បីតបតាមកម្មវិធី និងគោលបំណងនៃបេសកកម្មនេះ។

ជាចុងក្រោយលោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី(ក.ជ.ក.ស.) បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់លុបបំបាត់រាល់ទម្រង់នៃការ រើសអើងប្រឆាំងនឹងនារីភេទ របស់រដ្ឋបាលខេត្តរតនគិរី ក្នុងការធ្វើឱ្យប្រសើរឡើងស្ថានភាព ជីវភាព ឋានៈតួនាទី និងសុខមាលភាពស្ត្រី ។ និងបានផ្ដាំផ្ញើដល់ស្ត្រីទាំងអស់ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរីខិតខំជួយជ្រោមជ្រែងស្ត្រីធ្វើយ៉ាងណាឲ្យស្ត្រីទទួលបាន នៅសមភាពយេនឌ័រ ជៀសផុតពីរាល់ទម្រង់នៃការរើសអើងនារីភេទ និងទទួលបានការ លើកកម្ពស់ស្ថានភាព និងសមត្ថភាពរបស់ស្ត្រី៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី