នាយករង​ខុ​ទ្ធ​កាល័យ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ នាំយក​អំណោយ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ រស់នៅក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ចំនួន ៣១១​គ្រួសារ !

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ផៃ សុខ​ខេង នាយករង​ខុ​ទ្ធ​កាល័យ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្ដ​សៀមរាប និង​ក្រុមការងារ បាន​នាំយក​អំណោយ​សប្បុរសធម៌ ដែលមាន​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​មកពី​ភូមិ​ទាំង​៨ មាន​ចំនួន ៣១១​គ្រួសារ​នៅក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ដើម្បី​សម្រាល​ទុក្ខលំបាក​អំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​មានប្រសាសន៍​ក្នុងឱកាស ឯកឧត្ដម ផៃ សុខ​ខេង លើកឡើងថា ជំនួយ​នាំយកមក​ចែកជូន នៅក្នុង​មូលដ្ឋាន​សង្កាត់​គោកចក​នាពេលនេះ បានបង្ហាញ​ពី​ការចូលរួម​របស់​សប្បុ​រស​ជន ជាមួយ​រាជរដ្ឋាភិបាល ខណៈ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​អូសបន្លាយ និង​បង្ក​ផលប៉ះពាល់​ដល់​ការប្រកប​របរ​រកទ​ទួល​ទាន របស់​ប្រជាពលរដ្ឋ​។ ឯកឧត្តម​បន្តថា ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ កំពុង​ជួប​ការខ្វះខាត​នេះ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​នឹង​កំពុង​ខិតខំ​រក​វិធី​ដោះស្រាយ​ជីវភាព​តាមរយ​:​ការឧបត្ថម្ភ​ជា​ថវិកា គ្រឿងឧបភោគ​បរិភោគ និង​បាន​គៀងគរ​អង្គការក្រៅរដ្ឋាភិបាល វិស័យ​ឯកជន ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ចូលរួម​ដោះស្រាយ​ដោយ​មិន​ទុក​ឲ្យ ប្រជាពលរដ្ឋ​ដាច់ពោះ​ស្លាប់​នោះឡើយ ។​

​តាម​ការបញ្ជាក់ របស់​សប្បុរសជន​មួយរូប លោក ស្វាយ វង់ រស់នៅ​ក្រុង​សៀមរាប បង្ហាញថា អំណោយ​សប្បុរសធម៌​នាពេលនេះ លោក​បាន​បង្កើតជា​កម្ម​វិធី​បុណ្យ​សាមគ្គី ដើម្បី​មនុស្សធម៌ ដែលមាន​សប្បុរសជន​ជាច្រើន រស់នៅ​សង្កាត់​គោ​ចក ក្រុង​សៀមរាប ចូលរួម​ឧបត្ថម្ភ​ជា​ធនធាន ដើម្បី​ចែករំលែក​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​មូលដ្ឋាន​នេះ​ផ្ទាល់​។​
អំណោយ​ដែល​ទទួលបាន​ក្នុង​គ្រួសារ​នីមួយៗ រួមមាន ÷​គ្រឿងឧបភោគ បរិភោគ​មួយកញ្ចប់ និង​ថវិកា​២​ម៉ឺន​រៀល ព្រមទាំង​មាន​រៀបចំ​ជួបជុំ​អាហារ​សាមគ្គី​ផងដែរ​។​

​ក្នុង​ថ្ងៃ​ដដែល​នោះ ឯកឧត្ដម ផៃ សុខ​ខេង និង​ក្រុមការងារ ក៏បាន​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៥ នៅ​វត្ត​សប្បុ​រិ​សា​រាម ហៅ​វត្ត​ខ្នាច​ត្រាច ស្ថិតក្នុង​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​អ្នកមានគុណ ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ ព្រមទាំង​ឧទ្ទិស​ដល់​វីរជន​ពលី​ជីវិត ក្នុង​បុព្វហេតុ​ការពារ​កសាង អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​កម្ពុជា ម្យ៉ាងទៀត ដើម្បី​ចូលរួម​លើកស្ទួយ​វប្បធម៌​ដូនតា និង​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​៕ ដោយ​៖​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​