ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន អញ្ជើញ​ចុះ​ពិនិត្យ​ការបើក​សាកល្បង​សាលារៀន​របស់​រដ្ឋ​ឡើងវិញ ក្នុង​ខេត្តសៀមរាប​

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ពិនិត្យ​ការបើក​សាកល្បង​សាលារៀន​របស់​រដ្ឋ​ឡើងវិញ ក្នុង​ខេត្តសៀមរាប បន្ទាប់ពី​បាន​ផ្អាក​ដំណើរការ​សាលារៀន​ទាំងអស់​នៅ​ទូទាំងប្រទេស តាំងពី​ពាក់កណ្ដាល​ខែមីនា​កន្លង​មកម្ល៉េះ​។​

​ឯកឧត្ដម​រដ្ឋមន្ដ្រី លើកឡើងថា សម្រាប់​ការបើក​សាកល្បង​នេះ សិស្ស​ថ្នាក់​ម​ត្តេ​យ្យ បែង​ចែកជា​២​វេន ដោយ​ក្នុង​មួយ​សប្ដាហ៍​រៀន​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ដោយឡែក​សិស្ស​ថ្នាក់បឋមសិក្សា បែង​ចែកជា​៣​វេន ហើយ​ក្នុង​មួយ​សប្ដាហ៍ រៀន​តែ​ពីរ​ថ្ងៃ​ដូចគ្នា​ដែរ​។ ប្រសិន​ការបើក​ដំណើរការ​សាកល្បង​នេះ ទទួលបាន​ជោគជ័យ ក្រសួង​នឹង​ពិនិត្យឡើងវិញ​ឲ្យ​សិស្ស​រៀន​ឲ្យ​បាន​ច្រើន​ទៀត ហើយ​សំខាន់​មួយទៀត​នោះ គឺ​កុំ​ឲ្យ​សិស្ស​ភ្លេច ជាពិសេស​សិស្ស​ថ្នាក់​ទី​១ និង​ទី​២ ដែល​ពួកគាត់​ងាយ​ភ្លេច​ច្រើន ជាង​សិស្ស​ថ្នាក់ខ្ពស់ ដោយសារ​ពួកគាត់​អាច​រៀន​ដោយ​ខ្លួនឯងបាន​នៅផ្ទះ ។​

​ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​ការរៀបចំ សម្ភារ​អនាម័យ សម្រាប់​លាង​សម្អាត​ដៃ និង​វិធាន​សុវត្ថិភាព​មួយចំនួន នៅតាម​សាលារៀន​ក្នុង​ក្រុង​សៀមរាប​។ ប៉ុន្តែ​សម្រាប់​កុមារ​តូច ការធ្វើ​អនាម័យ​នៅជាប​ញ្ហា​ប្រឈម​នៅឡើយ ដែល​ទាមទារ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ធ្វើការ​បង្ហាញ​ណែនាំ​ដល់​ពួកគាត់​ឲ្យ​បាន​ញឹកញាប់ ជាពិសេស​គួរ​បង្ហាញ​ដល់​សិស្ស​ថា​ជា​ទម្លាប់ ដើម្បី​ឲ្យ​ពួកគាត់​យកតម្រាប់​តាម​។​

​ឯកឧត្ដម បញ្ជាក់ថា កម្ពុជា​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់ ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ ក្នុង​ការដឹកនាំ​គ្រប់គ្រង​ប្រទេសជាតិ ដែល​អាច​ទប់ទល់​បាន​ជាមួយ​វិបត្តិ​កូ​វីដ​-១៩ និង​គ្រប់គ្រង​បាន​ស្ថានភាព​មួយ​ដ៏​ល្អប្រសើរ ខណៈ​ពិភពលោក​កំពុង​ទទួល​នូវ​ការកៀបសង្កត់​យ៉ាងធ្ងន់ធ្ងរ​ដោយ​ជំងឺ​កូ​វីដ​-១៩​នេះ​។​

​គួរ​ជម្រាប​ថា ក្នុងឱកាស​ចុះ​ពិនិត្យ​ការបើក​សាកល្បង​សាលារៀន​របស់​រដ្ឋ​ឡើងវិញ ក្នុង​ខេត្តសៀមរាប​នេះ រដ្ឋមន្ដ្រី បាន​ចុះ​ពិនិត្យ​សាលា​មតេយ្យ​អង្គរ និង​សាលាបឋមសិក្សា មុខ​នាគ ក្នុង​ក្រុង​សៀមរាប ព្រមទាំង​វិទ្យាល័យ​បាគង ក្នុងស្រុក​ប្រាសាទបាគង​ផងដែរ​។​

​គួររំលឹកថា កន្លងមក​ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​មួយ ដល់​គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ទាំងអស់ ត្រូវ​អនុវត្ដ​តាម​គោលការណ៍​ប្រតិ​ប​ត្ដិ​ស្ដង់ដា ដោយ​ពង្រឹង​ការ​អនុវត្ដ​វិធាន​ការការពារ​ទប់ស្កាត់ និង​ឆ្លើយតប​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល ឬ​អាច​អនុវត្ដ​លើសពី​ស្ដង់ដា​ដែល​បានកំណត់​នេះ ក្នុងនោះ​ក្រសួង​បានកំណត់​ឱ្យ​រៀបចំ​ចំនួន​អ្នកសិក្សា​ពី​២០ ទៅ ២៥​នាក់ ក្នុង​បន្ទប់រៀន (​តុ កៅអី​សិស្ស និង​តុ​គ្រូ​) រៀបចំ​វេន​សិក្សា ដើម្បី​ធានា​គម្លាត​សុវត្ថិភាព ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា សីតុណ្ហភាព​ក្នុង​បន្ទប់រៀន មិនត្រូវ​ទាប​ជាង ២៤​អង្សារ​សេ និង​មាន​ខ្យល់ និង​ពន្លឺ​គ្រប់គ្រាន់​។​

​សេចក្តីណែនាំ​បានបញ្ជាក់​បន្ថែមថា រាល់​សកម្មភាព​ប្រមូលផ្ដុំ មិន​លើសពី ៥០​នាក់​, អនុវត្ត​ការ​វាស់​កម្ដៅ​សីតុណ្ហភាព​អ្នកសិក្សា គ្រូបង្រៀន និង​បុគ្គលិក (​មិន​អនុញ្ញាតឱ្យ​ចូលក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​ករណី​កម្តៅ​លើសពី ៣៧.៥ អង្សារ​សេ​), អនុវត្ត​ការពាក់​ម៉ាស់ ឬ​របាំងមុខ ចំពោះ​អ្នកសិក្សា គ្រូបង្រៀន និង​បុគ្គលិក ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​, រៀបចំ​បន្ទប់​សុខភាព និង​សម្ភារ​សង្គ្រោះ​បឋម រៀបចំ​កន្លែង​លាងដៃ ទឹក​អាល់កុល ជែ​ល​លាងដៃ ,​រៀបចំ​បន្ទប់ទឹក បន្ទប់​អនាម័យ សមស្រប​តាម​ចំនួន​សិស្ស​, រៀបចំ​ទីធ្លា និង​ទ្វារ​ចេញ ចូល មិនត្រូវ​មានការ​កកស្ទះ​, មិនមាន​ការលក់ដូរ​នំចំណី ឬ​អាហារ​ដ្ឋា​ន​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​, មិនមាន​ដំណើរការ​សេវា​ដឹកជញ្ជូន​អ្នកសិក្សា​, មិនត្រូវ​មានការ​លេង​កីឡា ដែលនាំឱ្យ​មានការ​ប៉ះទង្គិច​គ្នា​, មិនមាន​សកម្មភាព​ក​ម្សា​ន្ត ឬ​ការប្រគំ​តន្ត្រី​ឡើយ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​