ឯកឧត្តម ឡុង ឈុន​ឡៃ បាន​ថ្លែងថា​សន្តិភាព​មានតម្លៃ​ក្នុងការ​អភិវឌ្ឍន៍​សង្គម​ជាតិ និង​សង្គម​គ្រួសារ ជាពិសេស​បានផ្តល់​ឱកាស​ឱ្យ​យើង​បាន​ប្រារព្ធ​បុណ្យទាន​ធំៗ​តាម​ទំនៀម​ទំលាប់​ប្រពៃណី​

​កំពង់ឆ្នាំង​៖ ឯកឧត្តម ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៥ នៅ​វត្ត​វិហារ​បិទមាស និង វត្ត​ក្រសាំង​ដុះ​ឡើង ស្ថិតក្នុង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោកជំទាវ ខែ​ក សាវឿន ភរិយា​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ដ្រីរាជការ​ចំនួន ០៧​អង្គភាព រដ្ឋបាល​ស្រុក​ទឹកផុស និង​អាជ្ញាធរ​ដែនដី នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​។​

​ឯកឧត្តម ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​គ្រប់​អាយុ ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​តាម​ការកំណត់​របស់​គ​.​ជ​.​ប និង​ចូលរួម​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ឱ្យបាន​ត្រឹមត្រូវ​នូវ​វិធាន​ការបង្ការ ការពារ និង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។ ជាពិសេស​អាជ្ញាធរ​ដែន​ដី​ត្រូវ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ឱ្យ​បានល្អ​។​

​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៥​នេះដែរ ឯកឧត្តម និង​លោកជំទាវ រួមទាំង​ក្រុមការងារ​ទាំងអស់ និង​ពុទ្ធបរិស័ទ បាន​ប្រគេន​នូវ​ទេយ្យវត្ថុ និង​បច្ច័យ​ដល់​វត្ត​ចំនួន​២​គឺៈ វត្ត​វិហារ​បិទមាស ប្រគេន​បច្ច័យ​កសាង​ចំនួន ២.៥០០.០០០​រៀល​, ទឹក​សុទ្ធ​៨​កេស​, ទឹកក្រូច និង​ទឹក​ផ្លែឈើ​៥​កេស​, ទឹកត្រី ទឹក​ស៊ី​អុ​ី​វ​១២​យួរ​, ត្រីខ​៣​យួរ​, អំបិល​៥​គីឡូក្រាម អង្ករ ១៨០​គីឡូក្រាម និង​មី​៨​កេស​។ វត្ត​ក្រសាំង​ដុះ​ឡើង ប្រគេន​បច្ច័យ​កសាង​ចំនួន ២.៥០០.០០០​រៀល​, ទឹក​សុទ្ធ​៩​កេស​, ទឹកក្រូច និង​ទឹក​ផ្លែឈើ ៤​កេស​, ទឹកត្រី ទឹក​ស៊ី​អុ​ី​វ​៨​យួរ​, ត្រីខ​២​យួរ​, អំបិល​៥​គីឡូក្រាម​, អង្ករ​១០០​គីឡូក្រាម និង​មី​៧​កេស និង​ទឹក​សុទ្ធ​យួរ​ចំនួន ២​យួរ​ផងដែរ និង​វេរ​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ ចំនួន ១២​អង្គ ក្នុង​មួយអង្គៗ សាដក​១ និង​បច្ច័យ​ចំនួន​៤​ម៉ឺន​រៀល និង​បាន​ជូន​ថវិកា​អាចារ្យ គណកម្មការ​វត្ត​លោក​យាយជី​តាជី​ចំនួន ២០០​នាក់ និង​វង់ភ្លេង​ពិណ​ពាធ​ផងដែរ ៕​