អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​ការគាំទ្រ​ការបង្កើត​សហគមន៍​ទេសចរណ៍ ដើម្បី​មាន​កំណើន​ប្រាក់ចំណូល​ដល់​ប្រជា​សហគមន៍ !

​សៀមរាប​៖ ខណ​:​ដែល​វិបត្តិ​កូ​វី​-១៩ ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​វិស័យ​ទេសចរណ៍ ក្នុង​ខេត្តសៀមរាប ក្នុងនោះ​ធ្វើឱ្យ​ធ្លាក់ចុះ​មុខរបរ​របស់​ភ្នាក់ងារទេសចរណ៍​នៅតាម​សហគមន៍​ទេសចរណ៍​មួយចំនួន ។​

​ថ្លែង​ក្នុងឱកាស​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​លោកយាយ លោកតា​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១៥០​គ្រួសារ នៅ​សហគមន៍​បាគង​ភូមិ​ខ្ញុំ​ស្ថិត​ក្នុងភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២០​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​អះអាងថា​៖​ខេត្តសៀមរាប ជា​ប៉ូល​ទេសចរណ៍​មួយ​ដ៏​សំខាន់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ប្រាសាទអង្គរវត្ត ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ និង​នៅមាន​តំបន់​ទេសភាព​ធម្មជាតិ អេកូ​-​ទេសចរណ៍​ជាច្រើន​កន្លែង​ទៀត សម្រាប់​ភ្ញៀវទេសចរ​ទស្សនា​កម្សាន្ត​។

​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល ពិសេស​មានការ​ចង្អុល​បង្ហាញ​ជាប្រចាំ​ពី​ក្រសួងទេសចរណ៍ និង​ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ផ្នែក​ឯកជន ព្រមទាំង​ការគាំទ្រ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូរ​អភិវឌ្ឍន៍​ជាតិ​-​អន្តរជាតិ​នានា ពិសេស​ការចូលរួមចំណែក​គាំទ្រ​ពី​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បានធ្វើឱ្យ​វិស័យ​ទេសចរណ៍​ខេត្ត​នេះ មាន​សន្ទុះ​អភិវឌ្ឍ​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ដែល​កក្តា​នេះ បាន​ចូលរួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ និង​បាន​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ លោក អភិបាលរង​ខេត្ត បានបញ្ជាក់​ទៀតថា​៖ ស្ថានភាព​នាពេល​បច្ចុប្បន្ននេះ ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សេដ្ឋកិច្ច​សាកល ក៏ដូចជា​សេដ្ឋកិច្ចជាតិ ពិសេស​ប្រតិបត្តិ​ករ និង​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​។

ផលវិបាក​នៃ​ជំងឺ​កូ​វី​-១៩​នេះ បានធ្វើឱ្យ​ខេត្តសៀមរាប ពិសេស​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ធ្លាប់តែ​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត យ៉ាងច្រើន​កុះករ​បែរ​ជាមាន​ភាពស្ងប់ស្ងាត់​ទៅវិញ​។ ទោះ​យ៉ាងនេះ​ក្តី ក៏​រដ្ឋបាលខេត្ត បាននិងកំពុង​ជម្រុញ និង​យកចិត្តទុកដាក់​លើ​ការកែលំអ​សោ​ភណ្ឌ​ភាព​ក្រុង ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​ហើយ​ការបង្កើតឱ្យមាន​តំបន់​ទេសភាព​ធម្មជាតិ អេកូ​-​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ជាពិសេស​សហគមន៍​ទេសចរណ៍ បាគង​ភូមិ​ខ្ញុំ ពិត​ជាមាន​សារៈសំខាន់ ដើម្បី​រួមចំណែក​ទាក់ទាញ​អ្នក​ទេសចរណ៍​ក្នុងស្រុក ឱ្យមក​ទស្សនា​ខេត្តសៀមរាប និង​ជាការ​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ពួកគាត់​មានឱកាស​រកប្រាក់​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ខណៈដែល​ជំងឺឆ្លង​កូ​វីដ​-១៩ មិនដឹង​ពេលណា​នឹង​ផុតរលត់​នោះឡើយ​។

​លោក ពៅ ពិសិដ្ឋ បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​ថ្លែង​ទៅកាន់​លោកតា លោកយាយ បងប្អូន​ប្រជាពលរដ្ឋ​ថា​៖ តាមរយ​:​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​សម្រេច​កញ្ចប់ ថវិកា ចំនួន ១៥០​លាន​ដុល្លារ សម្រាប់​ស្ថាបនា​ផ្លូវ​ចំនួន ៣៨​ខ្សែ ក្នុង​ខេត្តសៀមរាប​របស់​យើង​។ ពាក់ព័ន្ធ​ករណីនេះ រដ្ឋបាលខេត្ត បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សិក្សា​ប្លង់​មេ​សម្រាប់​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ រួចរាល់​អស់ហើយ ហើយ សង្ឃឹមថា​យើង​នឹង​រៀបចំ​ពិធីបើកការដ្ឋាន​សាងសង់ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ជាក់​ជាមិនខាន​ឡើយ​។ ការសម្រេច​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នេះ គឺ​ពិតជា​ជំរុញ​ដល់​កិច្ចអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត លើកកម្ពស់​សោភ័ណភាព​ក្រុង​សៀមរាប ពិសេស​បានរួម​ចំណែក​យ៉ាងខ្លាំង​ដល់​សក្តានុពល​ទេសចរណ៍ និង​អាជីវកម្ម វិនិយោគ​ក្នុង​ខេត្ត ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត សម្រាប់​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​ខេត្តសៀមរាប ដោយ​អំណរ​សាទរ​ជាទីបំផុត​។ សូម​ជំរាប​ថា​៖​អំណោយ​ចែកជូន​ដល់​លោកយាយ លោកតា និង​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​បាគង​ភូមិ​ខ្ញុំ ចំនួន ១៥០​គ្រួសារ រួមមាន​៖ អង្ករ​, សា​រ៉ុង និង​ទឹកស៊ីអ៊ីវ បានមកពី​ការបរិច្ចាក​របស់ លោក សូត្រ សួរ តំណាង​សហគមន៍​បាគង​ភូមិ​ខ្ញុំ ដែល​នេះ​មិនមែនជា​លើកទីមួយ​នោះទេ លោក​ធ្លាប់បាន​ឧបត្ថម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​លំបាក​នៅតាម​ភូមិ​ឃុំ​មួយចំនួន​ជាច្រើនលើក​មកហើយ ទោះ​តិចក្តី​ច្រើនក្តី​ទៅតាម​ល​ទ្ឋ​ភាពជាក់ស្តែង​។​

​តាម​ប្រសាសន៍​របស់លោក​សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង លោក​កំពុងតែ​រៀបចំ​ភូមិ​គំរូ​ចំនួន​៣ ទី​១ ភូមិ​គោក​ស្រុក នៅ​ឃុំ​រលួស​, ទី​២ ភូមិ​ស្ពាន​ក្អែក​នៅ​ឃុំ​ក​ណ្តែ​ក និង​ទី​៣ ភូមិ​ព្រំ​កុ​ដ្ឋ ឃុំ​ប​ល្ល័​ង ហើយ ភូមិ​ថ្នល់​ត្រង់​ឃុំ​បាគង​នេះ​ជា​ភូមិ​គំរូ​ទី​៤ ។ ប៉ុន្តែ​គម្រោង​នៃ​ផែនការ​នេះ​អាច​លេចឡើង​បាន​ត្រូវការ ចូលរួម​សហការ​យ៉ាង​ជិតស្និទ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្នុង​ការរៀបចំ​សហគមន៍​នេះ​ឲ្យ​ស្របតាម​ការ​គោល​ការណែនាំ​ផ្សេងៗ ពិសេស​ស្របតាម​ស្តង់ដា​សហគមន៍​ទេសចរណ៍​ដែល​ដាក់ចេញ​ដោយ​ក្រសួងទេសចរណ៍ មានការ​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​អំពី​បដិសណ្ឋារកិច្ច​ភ្ញៀវទេសចរ​ជូន​ដល់​បងប្អូន​ក្នុង​សហគមន៍​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​