លោក ឃឹម ច័ន្ទឌី អភិបាលរងខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើទំនាក់ទំនងសម្របសម្រួលនិងផ្សព្វផ្សាយសេវាកម្ម

(ភ្នំពេញ)៖ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញ ជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើទំនាក់ទំនង សម្របសម្រួលនិងផ្សព្វផ្សាយសេវាកម្ម។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងក្នុងនាមគណៈអភិបាលខេត្ត ខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលមានវត្តមាននៅថ្ងៃនេះ ហើយបានជួបជាមួយ លោកស្រី អញ្ជើញមកពីក្រសួងកិច្ចការនារី ក៏ដូចជា លោកស្រី លោកដែលជាថ្នាក់ដឹកនាំ អញ្ជើញមកពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត ។ វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ក្នុងការធ្វើទំនាក់ទំនង សម្របសម្រួល និងការផ្សព្វផ្សាយអំពីសេវាកម្មដែលកំពុងមាន។ ខ្ញុំយល់ថា ការធ្វើទំនាក់ទំនង គឺវាកើតឡើងជារៀងរាល់ពេលនៃជីវិតរបស់មនុស្ស គ្រាន់តែពេលខ្លះ វាជាការធ្វើទំនាក់ទំនង ដោយមិនផ្លូវការតែប៉ុណ្ណោះ។

មន្ទីរកិច្ចការនារីខេត្ត និងបណ្ដាមន្ទីរ អង្គភាពនានាជុំវិញខេត្តក្ដី គឺទាំងអស់គ្នាសុទ្ធតែកំពុង ដើរតួយ៉ាងសំខាន់ លើផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាព និងត្រូវធ្វើ យ៉ាងណាអោយជំនាញឆ្លើយតបទៅនឹងទីផ្សារបច្ចុប្បន្ន ជាពិសេស យើងបានកំពុងនឹង រួមចំណែក ក្នុងការឆ្លើយតបទៅនឹង គោលនយោបាយរបស់ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅក្នុងនោះបានចែងយ៉ាងច្បាស់ នៅក្នុងចតុកោណមួយ គឺ ការអភិវឌ្ឍធនធានមនុស្ស ហើយអ្វីដែលសំខាន់មួយទៀតនោះគឺ សម្ដេច នៅតែបន្តលើកទឹកចិត្ត និងជំរុញការលើកកម្ពស់ សមភាពយេនឌ័រ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកោះកុង