រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីកាន់វេនទី១ នៃពិធីបុណ្យបិណ្ឌ -ភ្ជុំបិណ្ឌ

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីកាន់វេនទី១ នៃពិធីបុណ្យបិណ្ឌ -ភ្ជុំបិណ្ឌ និងបាននាំយកបច្ច័យ ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តព្រះព្រហ្មរ័ត្ន ក្រុងសៀមរាប ។

ពិធីបុណ្យកាន់បិណ្ឌនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ ភ្ញៀវកិត្តិយស និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់បានចូលរួម។

ពិធីបុណ្យកាន់បិណ្ឌ ឬដាក់បិណ្ឌ ឬកាន់វេន នៃបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យធំដ៏មួយ ក្នុងចំណោមពិធីបុណ្យធំៗជាច្រើន ដែលជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរតាំងពីយូរលង់មកហើយ។ បុណ្យនេះមានពុទ្ធសាសនិកជនកម្ពុជាជាង ៨០%គោរពប្រតិបត្តិ និងនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ មានរយៈពេល១៥ថ្ងៃ ដែលយើងហៅថា បិណ្ឌទី១ បិណ្ឌទី២ រហូតដល់បិណ្ឌទី១៤ និងថ្ងៃបញ្ចប់គឺជាថ្ងៃភ្ជុំបិណ្ឌ( ប្រជុំបិណ្ឌ )។ក្នុងមួយឆ្នាំៗ រដ្ឋបាលខេត្តសៀមរាប តែងតែប្រារព្ធកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ចំនួន៧វត្តនៅក្នុងក្រុងសៀមរាប ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសបុព្វការីជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងដួងវិញ្ញាណក្ខន្ធបុព្វការីជន មានជីដូនជីតាញាតិការ ៧ សណ្តាន ដែលធ្វើមរណកាលទៅហើយនោះ។

ក្នុងឱកាសនោះ ឯកឧត្តម អុឹង ហឿន មានប្រសាសន៍សំណេះសំណាលថា៖ ដោយសារគុណថ្ងៃរំដោះ៧មករា១៩៧៩ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្គ្រោះប្រទេស និងប្រជាជនកម្ពុជាឱ្យរួចផុតពីការបំផ្លិចបំផ្លាញ និងកាប់សម្លាប់ ជីវិតមនុស្ស ហើយបានអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ ស្រះទឹក អណ្តូងទឹក សាលារៀន មន្ទីរពេទ្យ ព្រះវិហារ ទីវត្តអារាម និងប្រតិបត្តិពិធីសាសនា នានា ។ល។

ពិសេសព្រះពុទ្ធសាសនាត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញថាជា«សាសនារបស់រដ្ឋ»។ បច្ចុប្បន្នវិស័យពុទ្ធិកសិក្សា មានការរីកចម្រើនជាបន្តបន្ទាប់ ដោយយើងមានសាលាធម្មវិន័យ ចាប់ពីថ្នាក់ត្រី ថ្នាក់ទោ ថ្នាក់ឯក និងសាលាពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកវិទ្យាល័យ និងមានពុទ្ធិកសាកលវិទ្យាល័យថែមទៀតផង៕

 

អត្ថបទ និងរូបភាព: លោកយូ វង្ស

កែសម្រួលដោយ លីវ សុខុន