ថ្នាក់ដឹកនាំខេត្តរតនគិរី អញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌភ្ជុំបិណ្ឌវេនទី១នៅវត្ត ឥសាន្តរតនារាមហៅវត្តភ្នំស្វាយ

(រតនគិរី)៖ ក្នុងឱកាសដែលប្រជាពុទ្ធបរិស័ទខ្មែរយើង នៅទូទាំងប្រទេសប្រារព្ធពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅតាមបណ្តាវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជានោះ ថ្នាក់ដឹកនាំខេត្តរតនគិរីបានអញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅទីអារាមវត្តឥសាន្តរតនារាមហៅវត្តភ្នំស្វាយស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុង បានលុង ក្រោមវត្តមានរបស់ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។

ពិធីសូត្រមន្តប្រព្រឹត្តទៅនៅរសៀលថ្ងៃ១៥កើតខែភទ្របទឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា គ.ស.២០២០ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនារួមមានការថ្វាយគ្រឿងគោរពបូជាព្រះពុទ្ធរូប សូត្រមន្តចម្រើន ព្រះបរិត្ត និងនិមន្តព្រះសង្ឃសម្តែងព្រះធម៌វិសេសទេសនា។

លុះព្រឹកឡើងថ្ងៃ១រោជត្រូវនឹងថ្ងៃទី៣ ខែឆ្នាំដដែល ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត រួមនឹងមន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករមានសទ្ធាជ្រះថ្លាជំនឿជឿជាក់លើព្រះពុទ្ធសាសនានាំយកចង្ហាន់បិណ្ឌបាត្រ មានបាយសម្ល នំចំណីគ្រប់មុខ រាប់បាត្រប្រគេនព្រះសង្ឃក្នុងទីអារាមខាងលើ ដើម្បីវេរដារឆ្លងឧទ្ទិសផល្លាអានិសង្ឃជូនដល់អស់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិការទាំង៧សណ្តានជាពិសេសដួងវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលលោកបាន បែកកាយរំលាយខន្ធទៅកាន់បរលោកទៅហើយនោះ ព្រមទាំងកម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ សូមមកទទួលយកនូវអត្ថមនុញ្ញផលដែលកើតឡើងពីសទ្ធាជ្រះថ្លាធ្វើបុណ្យទានក្នុងវេនទី១នេះ ។

ហើយដោយអំណាចផល្លាអានិសង្ឃនេះសូមជួយយឹតយោងដួងវិញ្ញាណក្ខន្ធអស់លោកអ្នកដែលមានគុណរួចចាកផុតពីទុក្ខទោសកម្មពារវេរាទាំងឡាយទាំងពួង និងបានទៅសោយសុខក្នុងឋានសុគតិភពថ្មី ហើយងាកក្រោយអោយពរសព្វសាធុការដល់កូនចៅវិញមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារគ្រប់ៗគ្នាទៅហោង ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី