លោកជំទាវ ខាំភៀន ប៊ូថង ប្រធានកិត្តិយសមាគមនារីកម្ពុជា ខេត្តរតនគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនស្រ្តីឆ្លងទន្លេទីទ័លក្រ១គ្រួសារនៅមន្ទីរពេទ្យបង្អែកខេត្ត

(រតនគិរី)៖ ក្នុងនាមប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តរតនគិរី លោកជំទាវ ខាំភៀន ប៊ូថង នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ អមដំណើរដោយលោកជំទាវ ញាន ទិត្យចិន្តា ប្រធានសាខាសមាគម និងជាអភិបាលរងខេត្ត រួមនឹងសមាជិកាសមាគម មួយចំនួនបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាជូនស្រ្តីឆ្លងទន្លេ(សម្រាលកូន)ទីទ័លក្រ១គ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្ត។

សូមបញ្ជាក់ថាក្មួយស្រីឆ្លងទន្លេទីទ័លក្រ១គ្រួសារនេះមានឈ្មោះ សេវ ភៀម អាយុទើប១៧ឆ្នាំ ជាជនជាតិដើមភាគតិចចារ៉ាយ មានទីលំនៅស្ថិតនៅភូមិដាល ឃុំញ៉ាង ស្រុកអណ្តូងមាស ហើយបានមកទទួលសេវា សម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តដោយ សុវត្ថិភាព។

ក្នុងឱកាសនេះលោកជំទាវ ខាំ ភៀន ប៊ូថងបានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាសរុបចំនួន៦៣០.០០០រៀលដល់ក្មួយស្រី។ ដោយឡែកស្រ្តីឆ្លងទន្លេ៥នាក់ដែលសម្រាកនៅក្នុងបន្ទប់ជាមួយក្មួយស្រីក៏ទទួលបានថវិកា មួយចំនួនពីលោកជំទាវផងដែរ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី