ចាប់ពីថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះតទៅ សាលារៀនសាធារណ:ជាង ៦០០កន្លែងក្នុងខេត្តសៀមរាប នឹងបើកដំណើរការឡើងវិញ !

(សៀមរាប)៖ នៅសប្ដាហ៍ក្រោយនេះ គឺចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ សាលារៀនសាធារណ:ជាង ៦០០កន្លែងក្នុងខេត្ត នឹងបើកដំណើរការឡើងវិញ ស្របតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបើកឲ្យ ដំណើរការឡើងវិញ នៃគ្រឹះស្ថានសិក្សា ដំណាក់កាលទី២ នេះបើតាមការឲ្យដឹងពីលោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

លោកប្រធានមន្ទីរ បញ្ជាក់ថា ក្នុងចំណោមសាលារៀនសាធារណ: ជាង៦០០កន្លែង ក្នុងខេត្តសៀមរាបនោះ មានកម្រិតមត្តេយ្យសិក្សាចំនួន ១៩សាលា កម្រិតបឋមសិក្សាមានចំនួន ៥០៧សាលា និង កម្រិតមធ្យមសិក្សាមានចំនួន ១២៣សាលា។

ជាមួយនឹងការចូលរៀននៅតាមសាលាឡើងវិញនេះ លោកប្រធានមន្ទីរ ក៏បានណែនាំ ដល់សាលារៀនទាំងអស់ ឲ្យអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួង សុខាភិបាល ស្តីពីគោលការណ៍ប្រតិបត្តិការស្តង់ដារ សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទជំងឺកូវីដ-១៩។ បច្ចុប្បន្ននេះសាលារៀននីមួយៗ បានសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើអនាម័យបន្ទប់រៀន មុនពេលចាប់ផ្តើមអនុញ្ញាត ឲ្យសិស្សចូលសិក្សាឡើងវិញ។

ក្នុងនោះដែរ បើតាមអ្នកនាំពាក្យក្រសួងអប់រំ សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ ដែលនឹងត្រូវអនុវត្តន៍បញ្ចប់កម្មវិធីសិក្សា នឹងពុំមានការឈប់សម្រាកវិស្សមកាលធំនោះឡើយ និងត្រៀមខ្លួនប្រលងថ្នាក់ជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់ថា្នក់ទី៩ និងថ្ងៃទី២១ ខែធ្នូ សម្រាប់ថ្នាក់ទី១២។

គួររំលឹកថា រាជរដ្ឋាភិបាល បានប្រកាសបិទសាលារៀនទាំងអស់នៅទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមីនាកន្លងទៅ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងជាបន្តបន្ទាប់ ស្តីពីដំណើរការបើក សាលារៀនឡើងវិញ ជាបីដំណាក់កាល រួមមាន៖ដំណាក់កាលទី១ សាលារៀន មានស្តង់ដារសុវត្ថិភាពខ្ពស់។ ដំណាក់កាលទី២ សាលារៀនមានស្តង់ដារមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដារអប្បបរមា៕

អត្ថបទ និងរូបភាព: លោកសេង ផល្លី
កែសម្រួលដោយ៖ សុខុន