លោកជំទាវ ហ៊ុន កុសនី ៖ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ខុសច្បាប់ និងជួបហានិភ័យខ្ពស់

(កណ្តាល)៖ ការធ្វើចំណាកស្រុក ប្រថុយប្រថានខុសច្បាប់ និងជួបហានិភ័យខ្ពស់ប្រសិនបើការឆ្លងដែន គ្មានឯកសារតាមផ្លូវច្បាប់ត្រឹមត្រូវទេនោះ។ នេះជាការព្រមាន របស់លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងឱកាសបើកវេទិកា ផ្សព្វផ្សាយច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មលើផ្លូវភេទ និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដល់ជនចំណូលស្រុក មកពីក្រៅប្រទេសប្រមាណ៦០នាក់ នៅ ស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃទី០១កញ្ញា នេះ។

លោកជំទាវ មានប្រសាសន៍ថាបច្ចុប្បន្ននេះរូបភាព នៃអំពើជួញដូរមនុស្ស មិនត្រឹមតែជា ការជួញដូរកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទតែប៉ុណ្ណោះទេ តែក៏មានការលេចចេញនូវបាតុភាពមួយចំនួន ដែលមានទំនោរទៅរកអំពើជួញដូរសិរីរាង្គ និងបទល្មើសរត់ពន្ធ និងជួញដូរទារកឆ្លងដែន ដែលហៅថាបទអន្តរការី នៃអំពើពរពោះជំនួស ដែលបញ្ហាប្រឈមនេះទាមទារអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលាចៀសវាង ការរីករាលដាលនិងបង្កគ្រោះថ្នាក់ដល់សង្គមជាតិ។

ក្នុងវេទិកានេះដែរ លោកស្រីឧត្តមសេនីយត្រី ឈឹម វ៉ាន់នី ស្នងការរងនគរបាលខេត្តកណ្ដាល ក៍បានធ្វើការផ្សព្វផ្សាយច្បាប់ នូវមាត្រាសំខាន់ៗដែលពាក់ព័ន្ធទៅនិង ការប្រព្រឹត្តរបស់ជនល្មើស ទោសទណ្ឌដែលត្រូវទទួល តាមច្បាប់បានកំណត់ និងធាតុផ្សំដែលនាំឲ្យមានកើតបទល្មើសដោយចេតនាអំពើជួញដូរមនុស្សនិង អំពើជួញដូរផ្លូវភេទ ផងដែរ។

គួរបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនេះ រៀបចំឡើងដោយ គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងគោលបំណងផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ដឹង និងមានវិធាការទប់ស្កាត់ ការការពារទាន់ពេលវេលា
កុំអោយកូនចៅ ក្រុមគ្រួសារ ចាញ់ល្បិចកល ជនខិលខូចមួយចំនួន អូសទាញដោយមិនដឹងខ្លួន ដែលបង្កហានិភយ័ដល់ខ្លួនឯងផង និងសង្គមជាតិផងដែរ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល